
នៅក្នុងវិស័យភាពយន្តចិន មូលហេតុដែលតារានៅក្នុងស្រុកនេះបានសហការជាមួយអ្នកដឹកនាំរឿងហូលីវូដ វាគឺជាវិធីដែលបង្ហាញពីលំដាប់របស់ពួកគេ តើការដឹកនាំរបស់ពួកគេដល់កម្រិតអន្ដរជាតិឬនៅ បើទោះបីជាតួអង្គខ្លះបានចូលទៅសម្ដែងក្នុងរឿងអាមេរិកតែ២ ៣នាទីក៏ដោយ។ ក្នុងចំណោមតារាជួរមុខចិនទាំងអស់ លោក Stephen Chow (ទិនហ្វី) គឺជាតារា ដែលមិនធ្លាប់បានចាប់ដៃជាមួយហូលីវូដទាល់តែសោះ។ អ្នកខ្លះលាន់មាត់ថា ស្ដេចកំប្លែងត្រកូល Chow មិនត្រូវបានអាមេរិកចាប់អារម្មណ៍ តែបណ្ដាញព័ត៌មាន Sina បានប្រឆាំងនឹងមតិនេះទាំងស្រុង ដោយបានបកស្រាយថា៖

តាមការពិតទៅ នៅក្នុងអាជីពរបស់ស្ដេចកំប្លែងហុងកុងលោក ទីនហ្វី ត្រូវបានអ្នកដឹងនាំនៅហូលីវូដទាក់ទង៣ដងតែបានបដិសេធទាំងអស់។ ប្រភពខាងលើបានបន្តថា ក្រោយរឿង "ស្ដេចចុងភៅទិនហ្វី" តួអាយុ៥៥ឆ្នាំទទួលបានការចាប់អារម្មណ៍ទាំងក្នុង និងក្រៅប្រទេសបូករួមទាំងហូលីវូដផងដែរ។ ឆ្នាំ១៩៩៦ ផលិតករអាមេរិកបានស្វែងរកលោក ហើយមានបំណងផលិតរឿងដូចគ្នាតែតាមបែបអឺរ៉ុប។

លោក ទិនហ្វី គាត់មិនបានបដិសេធថាមិនសហការជាមួយទេ តែត្រូវធ្វើតាមសំណើររបស់លោកពីរសិនទើបលោកព្រមសហការជាមួយ។ ដោយទី១ គឺម្ហូបនៅក្នុងរឿងគឺត្រូវតែជាម្ហូបចិន និងទី២គឺក្បាច់គុនក្នុងរឿងគឺត្រូវតែជាក្បាច់គុនចិន។ រឿងនេះបានធ្វើឲ្យហូលីវូដគ្រវីក្បាល លែងចង់សហការ នេះបើតាមការអះអាងពីសារព័ត៌មាន Sina។ ឆ្នាំ២០០៦ ឱកាសបានមកម្ដងទៀតជាមួយនិស្សិតផ្ដាច់សង្ខារ នៅពេលលោកត្រូវបានគេអញ្ជើញថតរឿង "The Forbidden Kingdom"។ ក្រោយពេលអានសាច់រឿងចប់ តារាកើតឆ្នាំ១៩៦២ បានស្នើរឲ្យផលិតករបោះទុនផលិតរឿង១០០លានដុល្លារ។ ការសហការគ្នានេះបានបរាជ័យនៅពេលអាមេរិកប្រកាសថានឹងបោះទុន៣០លានដុល្លារ។

លើកចុងក្រោយដែលហូលីវូដទាក់ទងទៅ ទិន ហ្វីគឺក្នុងឆ្នាំ២០០៩ នៅពេលគេចង់ឲ្យលោកដើរតួវីរបុរសជប៉ុនមួយរូប តែលោកបានឲ្យផ្លាស់ប្ដូរទៅជាវីរបុរសចិនវិញ ហើយនេះគឺរឿងមួយដែលខាងអាមេរិកមិនអាចទទួលយកបាន។

បណ្ដាញព័ត៌មាន Toutiao បានឲ្យដឹងថា ការធ្វើដូចនេះគឺជាភាពឆ្លាតវៃរបស់ទិន ហ្វីព្រោះស្ទីលថតរឿងរបស់លោកខុសប្លែកពីគេ មិនចង់ត្រូវគេត្រួតពីលើ ដូចនេះលោកមិនចង់សហការជាមួយមនុស្សដែលលោកដឹងច្បាស់ថានឹងត្រូវគេត្រួតនោះឡើយ៕





























ប្រភព KAMPUCHEA 1979
0 comments:
Post a Comment