
ពេលវេលាចេះតែកន្លងទៅមនុស្សយើងម្នាក់ៗតែងតែនឹកគ្រាអតីតកាល នឹកមិត្តភក្តិចាស់ៗ ចង់វិលត្រឡប់ទៅជួបគ្នាម្ដងទៀតរហូតមកដល់ពេលនេះមិត្តទាំងអស់បានណាត់គ្នាដើម្បីជប់លៀងជំនាន់កាលពីពួកយើងនៅរៀនជាមួយគ្នា ខ្ញុំសប្បាយចិត្តណាស់ព្រោះនឹងបានជួបមិត្តៗដែលបែកគ្នាជិត២០ឆ្នាំហើយ គ្រាន់តែគិតក៏រំភើបចិត្តដែរ ប៉ុន្ដែភរិយារបស់ខ្ញុំបានដាស់តឿនខ្ញុំថា សូមប្រយ័ត្នបន្តិច ព្រោះមិត្តភក្តិដែលបែកគ្នាយូរ ពេលមកជួបគ្នាអាចនឹងមិនដូចដើម ព្រោះអ្នកខ្លះគេមានបាន អ្នកខ្លះគេអាចនឹងធ្វើមិនស្គាល់យើង ពេលបានឮបែបនេះ ខ្ញុំមានអារម្មណ៍ថាភរិយារបស់ខ្ញុំគិតច្រើនពេកហើយ ខ្ញុំសុំឲ្យនាងនិយាយត្រង់ៗ តែនាងប្រាប់ថាគ្មានអ្វីទេគ្រាន់តែដាស់តឿនតែប៉ុណ្ណោះ។

ក្រោយមកខ្ញុំបានសម្រេចចិត្តថានឹងទៅចូលរួម ព្រោះគិតថាមិត្តភក្តិដែលមិនបានជួបគ្នាយូរប្រហែលពេលបានជួបគ្នាអាចនឹងមានរឿងច្រើនដែលត្រូវនិយាយគ្នាលេង ប៉ុន្ដែខ្ញុំនឹងប្រើវិធីដែលភរិយាបានដាស់តឿន ខ្ញុំគិតថានឹងស្លៀកពាក់ខោអាវកញ្ចាស់ទៅចូលរួមពិធីជប់លៀង ចាំមើលមិត្តភក្តិទាំងនោះនឹងថាយ៉ាងណា!?

លុះពេលទៅដល់កន្លែងជប់លៀង ខ្ញុំបាននិយាយជាមួយមិត្តភក្តិទាំងនោះថា ពេលនេះខ្ញុំរកប្រាក់មិនសូវបាន ព្រោះលក់ផ្លែឈើនៅតាមដងផ្លូវ ថ្ងៃខ្លះចំនេញថ្ងៃខ្លះក៏ខាត លុះពេលមិត្តភក្តិបានឮខ្ញុំនិយាយក៏ដណ្ដើមគ្នានិយាយអួតដាក់ខ្ញុំ មិត្តខ្លះបាននិយាយថាហេតុអ្វីក៏មិនទាក់ទងមក គេនឹងផ្ដល់ជំនួយខ្លះៗ នៅពេលដំបូងខ្ញុំបានតាំងចិត្តថានឹងចូលរួមចេញលុយស្មើៗគ្នាក្នុងពិធីជប់លៀងនេះ ប៉ុន្ដែពេលឃើញខ្ញុំរកប្រាក់មិនសូវបានទើបពួកគេមិនចង់ឲ្យខ្ញុំចេញលុយ ពួកគេប្រាប់ថាជាអ្នកប៉ាវ ហើយបានប្រាប់ឲ្យខ្ញុំហូបឲ្យឆ្អែត ចង់ហូបអីកម្មង់បន្ថែមទៀតបាន បន្ទាប់មកពួកគេបាននិយាយអួតដាក់គ្នាបន្ដទៀត។

ពេលខ្ញុំឃើញបែបនេះខ្ញុំមានអារម្មណ៍មិនសូវសប្បាយចិត្ត មិនចង់នៅទីនេះទៀតឡើយ ពួកដែលជាអ្នកមានបាននិយាយបង្អាប់ទៅលើអ្នកក្រដោយពាក្យសម្ដី ធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍អាម៉ាស់មុខបំផុត ពេលនឹកដល់ចំណុចនេះខ្ញុំក៏នឹកឃើញសម្ដីភរិយារបស់ខ្ញុំភ្លាមៗ។

ទើបខ្ញុំសម្រេចចិត្តស្ដារមុខមាត់របស់ខ្ញុំឡើងវិញ ហើយខ្ញុំបានដើរទៅកន្លែងគិតលុយរួចចេញថ្លៃក្នុងចំណាយពិធីជប់លៀងនៅថ្ងៃនេះទាំងអស់។ពេលគ្រប់គ្នាដើរចេញមក ឃើញខ្ញុំជាអ្នកចេញលុយក៏ភ្ញាក់ខ្លួនព្រើត ហើយខ្ញុំបាននិយាយថា "ពិធីជប់លៀងថ្ងៃនេះមិត្តភក្តិទាំងអស់មិនចាំបាច់ចេញលុយទេ ទុកឲ្យខ្ញុំជាអ្នកចេញ ទោះបីខ្ញុំមិនមែនជាអ្នកមាន ប៉ុន្ដែខ្ញុំមានទឹកចិត្ត" ពេលនិយាយចប់ខ្ញុំក៏ដើរចេញទៅភ្លាមៗ ធាតុពិតការចូលរួមក្នុងពិធីជប់លៀងជួបជុំមិត្តភក្តិចាស់ៗដែលបានបែកគ្នាយូរមកហើយ មិនគួរយករឿងតូចតាចមកដាក់ក្នុងចិត្ត ព្រោះអាចធ្វើឲ្យបាត់បង់មិត្តភាពដូចក្នុងករណីនេះ។

0 comments:
Post a Comment