
របស់១០យ៉ាងហាមឲ្យគ្នាដាច់ខាតក្នុងថ្ងៃចូលឆ្នាំចិន៖

ជាប្រពៃណីទំនៀមទម្លាប់ ជនជាតិចិនតែងឲ្យកាដូអនុស្សាវរីយ៍ ឬអាំងប៉ាវឲ្យគ្នាទៅវិញទៅមក ដើម្បីនាំលាភសំណាងដល់សាច់ញាតិ កូនចៅបងប្អូន អំឡុងពិធីបុណ្យចូលឆ្នាំម្ដងៗ។ បើតាម លោកយាយ គីម ស៊ាងហេង ជាកូនចៅចិនរស់នៅរាជធានីភ្នំពេញ បានប្រាប់ថា របស់មួយចំនួនអ្នកជាប់សែស្រឡាយចិនហាមឲ្យគ្នាដាច់ខាត ព្រោះគិតថាចង្រៃផុតលេខ។
ខាងក្រោមនេះជារបស់១០យ៉ាងហាមឲ្យគ្នាដាច់ខាតថ្ងៃចូលឆ្នាំចិន៖
១ វត្ថុមុតស្រួច៖ ការកាត់ផ្ដាច់ទំនាក់ទំនង ការឲ្យកាដូជារបស់មុតស្រួច ដូចជាកន្ត្រៃ កាំបិត ជាដើម ចិនមានជំនឿថា ហាក់ដូចជាកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នា អាចបែកបាក់គ្រួសារ ឬអាចឈានទៅរកជម្លោះក្នុងវង្សត្រកូល។


២. លេខ ឬ ចំនួន៤៖ មានការបញ្ចេញសំឡេងដូច ពាក្យ «ស្លាប់» លោកយាយ គីម ស៊ាងហេង ប្រាប់ថា នៅក្នុងភាសាចិន «លេខ៤» មានសំឡេងស្រដៀងគ្នានឹងពាក្យ «ស្លាប់»។ ដូច្នេះអ្វីដែលមានលេខ ឬចំនួន៤ ត្រូវបានចាត់ទុកថាជា សំណាងអាក្រក់។

៣. ស្បែកជើង៖ សំណាងអាក្រក់ ឬ បិសាច
ការជូនស្បែកជើងជាកាដូ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន គឺជាគំនិតអាក្រក់មួយ ព្រោះពាក្យ «ស្បែកជើង» មានសំឡេងដូចបេះបិទនឹងពាក្យ «សំណាងអាក្រក់» ឬ «បិសាច» នៅក្នុងភាសាចិន។ មិនតែប៉ុណ្ណោះ ស្បែកជើង គឺជារបស់ដែលមនុស្សដើរជាន់ពីលើទៀតផង។

៤. កន្សែងដៃ៖ និមិត្តសញ្ញានៃការនិយាយលាគ្នាជារៀងរហូត
ជាទូទៅ គេតែងឲ្យកន្សែងដៃ នៅចុងបញ្ចប់នៃពិធីបុណ្យសពមួយ ហើយវាជានិមិត្តសញ្ញានៃការនិយាយលាគ្នាជារៀងរហូត។

៥. នាឡិកា៖ សំណាងអាក្រក់
នៅក្នុងភាសាចិន ការនិយាយពាក្យថា «ជូននាឡិកា» មានសំឡេងដូចគ្នាបេះបិទនឹងពាក្យ «ចូលរួមពិធីបុណ្យសព» ដូច្នេះការជូនកាដូនាឡិកាប៉ោល ឬ នាឡិកាដៃ គឺជាសំណាងអាក្រក់។ មិនតែប៉ុណ្ណោះ នាឡិកា ក៏ជានិមិត្តសញ្ញានៃការអស់ពេលវេលា ផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។

៦. ផ្លែសារី៖ បែកបាក់
ការជូនផ្លែឈើជាកាដូ គឺជារឿងល្អ ប៉ុន្តែហាមជូនផ្លែសារីឲ្យសោះ ដោយសារតែនៅក្នុងភាសាចិន ពាក្យ «ផ្លែសារី» មានសំឡេងដូចនឹងពាក្យ «ចាកចេញ» ឬ «បែកបាក់»។

៧. ផ្កាកាត់ចេញពីដើម៖ តំណាងពិធីបុណ្យសព
ផ្កាដែលត្រូវគេកាត់ចេញពីដើម ជាទូទៅ តំណាងឲ្យពិធីបុណ្យសព។ ជាពិសេស ផ្កាស្បៃរឿង និង ផ្កាពណ៌សដទៃទៀត ព្រោះពណ៌ស តំណាងឲ្យសេចក្ដីស្លាប់។ ស គឺជាពណ៌ដែលនាំសំណាងអាក្រក់ នៅក្នុងប្រពៃណីចិន។

៨. ឆត្រ៖ បែកគ្នា
នៅក្នុងភាសាចិន ពាក្យ «ឆត្រ» មានសំឡេងដូចពាក្យ «បែកគ្នា»។ ការជូនឆត្រជាកាដូ ប្រៀបបានដូចជាបង្ហាញអារម្មណ៍របស់អ្នកថា អ្នកចង់បែកគ្នាជាមួយគេអីចឹង។

៩. របស់ពណ៌ខ្មៅ ឬ ស៖ ភាគច្រើនត្រូវបានប្រើក្នុងពិធីបុណ្យសព
ខ្មៅ និង ស គឺជាពណ៌សំខាន់សម្រាប់ប្រើក្នុងពិធីបុណ្យសព ដូច្នេះត្រូវជៀសវាងកាដូ ដែលមានពណ៌ខ្មៅ ឬ ស។ ជាមួយគ្នានេះដែរ ការវិចខ្ចប់ក្រដាស ឬ ស្រោមសំបុត្រ ប្រើពណ៌ទាំង២នេះ ក៏គួរតែជៀសវាងដែរ។ ក្រហម គឺជាពណ៌នាំសំណាង ដូច្នេះពណ៌ក្រហម តែងតែជាជម្រើសដ៏អស្ចារ្យ។

១០. កញ្ចក់៖ ទាក់ទាញខ្មោច
ការជូនកញ្ចក់ជាកាដូ គឺជាគំនិតអាក្រក់មួយសម្រាប់ជនជាតិអាស៊ី ព្រោះគេជឿជាក់ថា កញ្ចក់ទាក់ទាញខ្មោចមកព្យាបាទ។ មិនតែប៉ុណ្ណោះ វាងាយនឹងបែក ហើយរបស់បែកបាក់ គឺជាប្រផ្នូលមិនល្អ៕

លេខ 168 ត្រូវបានជឿថា ជាលេខដែលនាំ សំណាង

បើនិយាយពីលេខដែលនាំសំណាង យើងឃើញថាខ្មែរដែលមានខ្សែស្រឡាយចិន ឬ ខ្មែរដែលទទួលឥទ្ធិពលចិន និយមជ្រើសរើសយកលេខ 168 សម្រាប់លេខទូរសព្ទ ផ្លាកលេខឡានម៉ូតូ និងលេខផ្សេងទៀតដែលទាក់ទងនឹងការធ្វើអាជីវកម្ម ឧទាហរណ៍ ហាងសាច់អាំង ឬ សណ្ឋាគារ 168 ជាដើម។
ជាលេខដែលត្រូវបានជឿថានាំសំណាង តើលេខ 168នេះ មានន័យយ៉ាងដូចម្ត៉េច?
លេខ 168 ជាលេខដែលត្រូវបានគេជឿថា ជាលេខដែលនាំសំណាង គឺដោយសារតែ នៅក្នុងភាសាចិន លេខនេះ ត្រូវបានគេអានជាសូរសំឡេងថា (អ៊ី លីវ ប៉ា) ដែលបានសំឡេងស្រដៀងខ្លាំងទៅនឹងពាក្យថា (一路發 អ៊ី លុ ហ្វា) ដែលមានន័យថា "ជោគជ័យសំបូររុងរឿងនៅគ្រប់កន្លែងដែលបានទៅដល់"។

ទន្ទឹមគ្នានេះដែរ លេខ 4 គឺជាលេខដែលត្រូវបានជឿដោយប្រជាជនចិន ឬ ប្រជាជនខ្មែរមានខ្សែស្រឡាយចិន ថាជាលេខអាក្រក់។ ឧទាហរណ៍ដែលពិសេសបំផុតនោះគឺ នៅក្នុងជណ្តើរយោងជាច្រើននៅក្នុងប្រទេសចិន មិនមានឡើយ លេខ 4។
មូលហេតុ ដែលគេនិយមមិនប្រើប្រាស់លេខ4 គឺដោយសារតែសូរស័ព្ទនៃលេខនេះ មានសម្លេងស្រដៀងគ្នានឹងពាក្យស្លាប់។
អត្ថបទ ចៅនាគរាជ
0 comments:
Post a Comment