
កិតត្រឹមឆ្នាំ២០១៨ នេះសម្បត្តិវប្បធម៌រូបី និងអរូបីរបស់កម្ពុជាចំនួន ៧ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ។ ទន្ទឹមនឹងនេះ កម្ពុជាដែនដីតូចមែនពិត ក៏បានកាន់កាប់កំណត់ត្រាពិភពលោកចំនួន ៨ ដែរ ដែលជារឿងរ៉ាវប្លែកៗនានា ឬមានតែមួយដាច់គេលើពិភពលោក ត្រូវបានកត់ត្រាចូលទៅក្នុងបញ្ជីរបស់ស្ថាប័ន Guinness។ ដូច្នេះទាំងកំណត់ត្រា និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា កើនដល់១៥ហើយ។
ខាងក្រោមនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា បានកត់ត្រាចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ៖
១. តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។



២. របាំព្រះរាជទ្រព្យ (អរូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។


Meng Chan Chara (left) as 'Apsara Mera' and Chen Chansoda as 'Prince Kambu' of the Royal Ballet of Cambodia perform in 'The Legend of Apsara Mera' presented by BAM and Seasons of Cambodia at the BAM Howard Gilman Opera House, Brooklyn, New York, Wednesday, May 1, 2013.
CREDIT: Photograph 2013 Jack Vartoogian/FrontRowPhotos. ALL RIGHTS RESERVED.

៣. ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។




៤. ប្រាសាទព្រះវិហារ (រូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

៥. ល្បែងទាញព្រ័ត្រ (អរូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ តែកម្ពុជា ជាសមាជិកមួយក្នុងចំណោម៤ប្រទេស ដែលមានល្បែងស្រដៀងគ្នានេះ រួមមាន កូរ៉េខាងត្បូង វៀតណាម និងហ្វីលីពីនផងដែរ។

៦. ចាប៉ីដងវែង (អរូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ឧបករណ៍ភ្លេងបុរាណខ្មែរ១នេះ ស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់។

៧. ប្រាសាទសំបូរព្រៃគុក (រូបី)៖
ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨កក្កដា ឆ្នាំ២០១៧។ ការសម្រេចនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

ដោយឡែកខាងក្រោមនេះជាកំណត់ត្រាពិភពលោកទាំង៨របស់កម្ពុជា បានកត់ត្រាចូលបញ្ជីរបស់ ស្ថាប័ន Guinness៖
១. ធុរកិច្ចដែលមានលក្ខណៈអនុវត្តជាក់ស្ដែងដ៏ធំបំផុតក្នុងពិភពលោក
យុទ្ធនាការរៀនធ្វើជំនួញ ឬ #GoBusiness17 ជាកម្មវិធីបង្ហាត់យុវជនកម្ពុជាដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ ដែលបានចូលរួមដោយយុវជនកម្ពុជាចំនួន ២៣០៤នាក់ ជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានពីមុននៅលើពិភពលោក។ ចំណែកអ្នកចូលរួមមានអាយុចាប់ពី១៥ឆ្នាំ ដល់២៩ឆ្នាំ ហើយសិក្ខាសាលាខ្នាតយក្សនេះ ប្រព្រឹត្តឡើងតាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ឥឡូវនេះ ព្រឹត្តិការណ៍ខាងលើបានបំបែកកំណត់ត្រាពិភពលោក Guinnessស្ដីពីសិក្ខាសាលាធុរកិច្ចអនុវត្តន៍ជាក់ស្ដែងដ៏ធំបំផុតនៅលើពិភពលោក។
២. រាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួមច្រើនបំផុត
កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ មនុស្សចំនួន ២០១៥នាក់ បានចូលរួមរាំចង្វាក់ម៉ាឌីហ្សុនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាប បំបែកកំណត់ត្រាពិភពលោកចាស់ដែលកាន់កាប់ដោយប្រទេសអូស្ត្រាលីកាលពីឆ្នាំមុនក្នុងចំនួនអ្នកចូលរួម ១១៥០នាក់។

៣. នំអន្សមធំបំផុត
នំអន្សមយក្សមានទម្ងន់ប្រមាណជាង ៤តោន ក្រោយពីចម្អិនអស់រយៈពេល ៤៥ម៉ោង ត្រូវចៅក្រមវាយតម្លៃអន្តរជាតិរបស់ស្ថាប័ន Guinness ទទួលស្គាល់ថាជានំអន្សមធំជាងគេលើលោកកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥។ នំអន្សមនេះ ត្រូវបានចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដោយក្រុមមេចុងភៅខ្មែរ និងកូនកាំបិតចំនួន ១០០នាក់។
នំអន្សមយក្ស ត្រូវបានវេចខ្ចប់ដោយស្លឹកចេកទម្ងន់ ៣៣៣គីឡូក្រាម និងខ្សែចេកទម្ងន់ ៣៧៥ គីឡូក្រាម។ បន្ថែមដោយគ្រឿងផ្សំ អង្ករដំណើប ១,០០០គីឡូក្រាម ខ្ទិះដូង ៤៩៩គីឡូក្រាម អំបិល ១៥គីឡូក្រាម សណ្ដែកបាយ ៤៩៩គីឡូក្រាម សាច់ជ្រូកបីជាន់ ៥០៧គីឡូក្រាម ស្ករ ៤គីឡូក្រាម ម្រេចកំពត ៣គីឡូក្រាម ខ្ទឹមចិញ្ច្រាំ ១០គីឡូក្រាម និង ស្លឹកខ្ទឹមចិញ្រ្ចាំ ១៦គីឡូក្រាម។

៤. មានតួអក្សរច្រើនបំផុត
តួអក្សរខ្មែរដែលស្ថាប័ន Guinness ទទួលស្គាល់មានទាំងអស់ ៧៤តួ (បច្ចុប្បន្នមិនប្រើទាំងអស់ទេ) ច្រើនលើសអក្ខរក្រមប្រទេសដទៃទៀតក្នុងលោក។

៥. ព្រះមហាក្សត្រ ដែលធ្លាប់កាន់តំណែងច្រើនបំផុត

ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្លាប់កាន់មុខតំណែងជាច្រើនដូចជា៖
ឆ្នាំ១៩៤១ ដល់១៩៥៥ ជាព្រះមហាក្សត្រ
ឆ្នាំ១៩៥៥ ដល់១៩៦៦ ជានាយករដ្ឋមន្ត្រី
ឆ្នាំ១៩៦០ ដល់១៩៧០ ជាព្រះប្រមុខរដ្ឋ
ឆ្នាំ១៩៧០ ជាប្រមុខរដ្ឋាភិបាលនិរទេស
ឆ្នាំ១៩៧៦ ជាប្រធានាធិបតី
ឆ្នាំ១៩៨២ ដល់១៩៨៨ ជាប្រធានាធិបតីនិរទេស
ឆ្នាំ១៩៨៩ ដល់១៩៩១ ជាប្រមុខរដ្ឋាភិបាលនិរទេស
ឆ្នាំ១៩៩១ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់
ឆ្នាំ១៩៩១ ដល់១៩៩៣ ជាព្រះប្រមុខរដ្ឋ
ឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ឡើងគ្រងសម្បត្តិជាលើកទី២ រហូតដល់ដាក់រាជ្យសម្បត្តិក្នុងឆ្នាំ២០០៤
៦. ទឹកច្រាលឡើងលឿនបំផុត
អំឡុងពេលរដូវវស្សា ទឹកទន្លេមេគង្គនៃប្រទេសកម្ពុជាជាប់ព្រំដែនឡាវ បានច្រាលឡើង ២០ដង ដែលចាល់ទឹកលាតសន្ធឹងដូចជាកូនសមុទ្រតូចមួយក្នុងទំហំ ពី១០ ទៅ ១៤គីឡូម៉ែត្រ។ អត្រាលំហូរទឹកនៅតំបន់នេះ ស្មើនឹង ២ដងនៃទឹកធ្លាក់ Niagara នៅចន្លោះប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ក្នុងមួយនាទី ទឹកប្រមាណ ១០លានម៉ែត្រគីប ហូរខ្លាំងដូចរន្ទះចាក់ខ្វាត់ខ្វែងតាមចន្លោះកោះនានា។

៧. អណ្ដើកទឹកសាបដែលខ្ជិលជាងគេលើលោក
អណ្ដើកទឹកសាប ដែលមានកំណើតនៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា (Pelochelys cantorii) បានចំណាយពេល ៩៥ភាគរយនៃជីវិតរស់នៅក្រោមខ្សាច់បាតទន្លេ រង់ចាំចំណីអាហារទៅជិតមាត់។ អណ្ដើកកម្ជិលនេះឡើងលើផ្ទៃទឹកត្រឹមតែ ២ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីដកដង្ហើម។

៨. សំណង់ឧទ្ទិសសាសនាធំបំផុត
សំណង់ទាំងអស់នៃប្រជុំប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១៦២,៦ហិចតា ដែលជាសំណង់ឧទ្ទិសសាសនាធំជាងគេបំផុតក្នុងលោក។ ព្រះបាទសូរ្យវរ្ម័នទី២ ជាអ្នកសាងសង់ប្រាសាទដ៏អស្ចារ្យនេះឡើង ក្នុងឆ្នាំ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់អាទិទេពសាសនាហិណ្ឌូ ព្រះវិស្ណុ៕

0 comments:
Post a Comment