
ខេត្តកំពង់ឆ្នាំង៖ ដើម្បីចិញ្ចឹមជីវិតត្រូវតែតស៊ូ"ស្ត្រីមេម៉ាយកូន២"ខំប្រឹងទាំងត្រដាបត្រដួសដើម្បីរស់ ! ព្រលឹមស្រាងៗ ស្ត្រីមេម៉ាយទុរគតមួយរូប បានទុកកូនប្រុសតូច២នាក់ចោលនៅក្នុងខ្ទមស្លឹកតូចមួយ ហើយម្នីម្នារែកបំពង់ទៅឡើងដើមត្នោតក្នុងភូមិ ដើម្បីយកទឹករំងាស់ស្ករលក់យកប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូនដ៏កម្សត់របស់នាង ។

រហូតដល់ម៉ោងជាង៨ព្រឹក ទើបការងារដ៏ប្រថុយប្រថានគ្រោះថ្នាក់នេះបានរួចរាល់ និងរែកទឹកត្នោតជាច្រើនបំពង់ត្រឡប់មកផ្ទះវិញ ។ ជួលកាលពេលភ្ញាក់ពីដំណេករកម្តាយមិនឃើញ កូនៗរបស់នាងដឹកដៃគ្នាទៅតាមរកម្តាយដល់ដើមត្នោត ។ ជួនពេលខ្លះទៀតនៅមិនអស់ងងុយ កូនប្អូនបន្តដេកលង់លក់លើដីក្បែរគល់ត្នោតរង់ចាំម្តាយដែលមើលទៅគួរឱ្យអាណិតខ្លោចចិត្តទម្រាំចុះពីលើដើមត្នោតវិញ ។

ជីវិតស្ត្រីមេម៉ាយកូន២ របរឡើងត្នោតអាចចិញ្ចឹមពួកគាត់បានទេ?នេះគឺជីវិតស្ត្រីមេម៉ាយក្រខ្សត់ម្នាក់ត្រដររស់និងកំពុងប្រកបរបរប្រថុយដល់អាយុជីវិត សុខចិត្តឡើងត្នោត ដែលមិនមែនជាជំនាញរបស់ខ្លួនជាស្រី ប្តូរមកវិញនូវប្រាក់កម្រៃបន្តិចបន្តួច ដែលមិនសក្តិសមទៅនឹងកម្លាំងពលកម្ម ក្នុងការប្រថុយជីវិតយ៉ាងនោះទេ ។ ប៉ុន្តែមិនដឹងថាត្រូវទៅធ្វើអ្វីផ្សេងពីនេះឱ្យបានប្រាក់ ហើយថាតើមានស្ត្រីប៉ុន្មាននាក់ ដែលចង់ធ្វើបែបនេះ ? ក្នុងវ័យទើបតែ៣៣ឆ្នាំ ស្ត្រីមេម៉ាយ ញ៉ឹក ចំរើន រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរៀបរាប់ថា នាងមានបងប្អូន៦នាក់ គាត់ជាបងបង្អស់ ម្តាយបានស្លាប់ចោល ឪពុកនៅរស់ តែបែកទៅរស់នៅជាមួយប្រពន្ធក្រោយ ។ កាលដែលឪពុកនៅជាមួយ ពុកជាអ្នកឡើងត្នោត ។ យូៗម្តងឪពុកបានប្រើគាត់ឱ្យឡើងត្នោតជំនួសម្តងម្កាល ។ លុះឪពុកបែកទៅមានប្រពន្ធក្រោយ នាងគ្មានមុខរបរអ្វីធ្វើ ក៏ឡើងត្នោតដើម្បីចិញ្ចឹមជិវិតនិងកូនៗតពីឪពុក ហើយការចាប់មុខរបរនេះទើបតែមួយឆ្នាំនេះទេ ។ ចំពោះជីវភាពប្រចាំថ្ងៃនេះ នាងត្អូញត្អែរថា ខ្វះខាតខ្លាំងណាស់ ព្រោះត្នោតធ្វើមិនសូវចេញទឹក បានស្ករក្នុង១ថ្ងៃតែ២គីឡូក្រាមទេ លក់បានត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ។

នាងថាបើខែវស្សាអស់ផ្កាត្នោត គាត់បានទៅស៊ីឈ្នួលភ្ជួររាស់ឱ្យគេមួយព្រឹក បាន៥ពាន់រៀល តែបើដកស្ទួងវិញបាន១៥.០០០រៀល ។ ខែច្រូតក៏ដូចគ្នាដែរ គឺ១៥.០០០រៀលក្នុង១ថ្ងៃ ។ នាងរៀបរាប់ថា សព្វថ្ងៃនេះពេលខ្លះទៅជឿរបស់គេតាមតៀមអ្នកលក់មកហូប មានខ្លាញ់ ពងទា ទឹកត្រីជាដើម ។ ចំណែកអ្នកលក់បន្លែ ត្រី ដឹកតាមម៉ូតូកាត់មុខផ្ទះ ក៏ត្រូវគាត់ទិញគេជឿដែរ គ្រាន់តែជំពាក់គេតាមតូប និងម៉ូតូលក់ត្រីជាង១០ម៉ឺនរៀលទៅហើយសព្វថ្ងៃនេះ ។ ពេលខ្លះលក់ស្ករបាន គ្រាន់តែសងបណ្តោះគេខ្លះទៅ តែពេលខ្លះអត់មែនទែន ជឿខ្លាញ់គេ២០០រៀល មកឆាត្រឡប់ស្លឹកផ្ទី ដែលដកតាមភូមិ ហូបជាមួយកូនមួយពេលទៅ ។ ចំណែកពេលខ្លះទៀត អត់ទាំងអង្ករដាំបាយឱ្យកូនហូបទៀត ។

(ថាហើយនាងបានស្ទុះទៅយកធុងដាក់អង្ករឱ្យមើលឃើញមានអង្ករប្រហែល២កំប៉ុង) ។ ស្ត្រីមេម៉ាយទុរគតរូបនោះនិយាយមិនលាក់លៀមថា តាមពិតគាត់មានប្តី២នាក់ទៅហើយ តែកម្មអកុសល ប្តីរបស់គាត់មួយណាដូចមួយណា ឱ្យតែគាត់មានផ្ទៃពោះ ប្តីនោះចុះចោលគាត់តែម្តង ។ ប្តីទី១ បានកូន១ ឈ្មោះ សុខ ចិ អាយុ៨ឆ្នាំ សព្វថ្ងៃរៀនថ្នាក់ទី៣ ។ ក្រោយពីដឹងថា ខ្ញុំមានកូនក្នុងពោះរត់ចោលទៅធ្វើការនៅថៃបាត់ ។ ឯប្តីទី២ បានរត់ចោលខ្ញុំ ពេលមានផ្ទៃពោះ៥ខែ ។ ឥឡូវកូនមានអាយុ២ឆ្នាំ ហើយឈ្មោះ ណាត ភក្តី ។ ស្ត្រីមេម៉ាយរូបនោះបានបញ្ជាក់ថា គាត់មិនចង់ឡើងត្នោតទេ ព្រោះត្នោតដែលគាត់ឡើង៥ដើម គឺជួលគេ២ដើម ដោយក្នុងមួយរដូវគេយកស្ករ១០គីឡូក្រាម និងខ្ទះសម្រាប់រំងាស់ស្ករ មួយរដូវគេយក៥គីឡូក្រាមដែរ ។ នាងហត់នឿយខ្លាំងណាស់ ភា្ញក់ពីព្រលឹម ឡើងត្នោតមកដល់ចាក់រំងាស់ស្ករ និងឆ្លៀតលាងបំពង់ ។ ពេលបាយថ្ងៃត្រង់ហើយ គឺទៅរកអុសមកទុក ដើម្បីរំងាស់ស្ករ ពេលបានអុសមកដល់ គឺដល់ពេលឡើងត្នោតទៀត គឺមួយថ្ងៃឡើងចិតផ្កាយកទឹក២ដង ។ នាងប្រាប់ថា ចង់ធ្វើការរោងចក្រដែរ តែគ្មានឯកសារអ្វីទាំងអស់ គ្មានសៀវភៅគ្រួសារ គ្មានសំបុត្រកំណើត គ្មានអត្តសញ្ញាណប័ណ្ណ ព្រោះបាត់អស់ហើយកាលដាក់ពាក្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ។

ជាចុងក្រោយស្ត្រីមេម៉ាយទុរគតបានលើកម្រាមដៃដប់ សូមក្តីមេត្តាពីសប្បុរសជនជិតឆ្ងាយ និងអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត សូមមេត្តាជួយគាត់ឱ្យបានជម្រកស្នាក់នៅសមរម្យ ជួយធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតគាត់ និងកូនផង ព្រោះកូនគាត់តាំងពីកើតទាំង២នាក់ ក៏គ្មានសំបុត្រកំណើតដែរ ។ បើមានឯកសារទាំងនេះ គាត់និងសុំគេចូលធ្វើការនៅរោងចក្រ ។ ម្យ៉ាងវិញទៀតអំពាវនាវសូមសប្បុរសជន មេត្តាជួយធ្វើអណ្តូងទឹក១ ព្រោះសព្វថ្ងៃ ទៅសុំដងអណ្តូងទឹកគេឆ្ងាយពីផ្ទះណាស់ និងចុងក្រោយសុំកង់១គ្រឿងសម្រាប់ឱ្យកូនទៅរៀនផង ទុកសម្រាប់ទៅដឹកអុសផង ។ វាចាដែលបង្ហូរចេញពីស្ត្រីមេម៉ាយរូបនេះពិតជាធ្វើឱ្យយើងទាំងអស់គ្នារំជួលចិត្តពន់ពេកណាស់ ហើយនេះជាការតស៊ូក្នុងជីវិតជាស្ត្រីភេទម្នាក់ ដែលមិនមានវាសនាល្អដូចស្ត្រីគេដទៃ បែរជាផ្ញើវាសនាលើចុងត្នោត ។



ប្រភព LPTKHMER
0 comments:
Post a Comment