
ចិន៖ ថ្មីៗនេះមានគូស្នេហ៍ជានិស្សិតជនជាតិចិនមួយគូ បានព្យាយាមទាមទារសំណងពីអ្នកបើករថយន្តក្រុងម្នាក់ បន្ទាប់ពីបុរសជាមិត្តប្រុស បានខាំបបូរមាត់មិត្តស្រីរបស់ខ្លួនពេលកំពុងប៊ឺតមាត់គ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Press របស់ចិនកាលពីថ្ងៃទី២២ សីហា ២០១៧។
ហេតុការណ៍ចម្លែកនេះបានកើតឡើងនៅលើរថយន្តក្រុងមួយគ្រឿង ធ្វើដំណើរនៅលើផ្លូវក្នុងទីក្រុង Shijiazhuang។ ក្នុងនោះសាក្សីឃើញផ្ទាល់ភ្នែកម្នាក់ ដែលបានធ្វើដំណើររួមគ្នាជាមួយគូស្នេហ៍មួយគូនោះ បានប្រាប់ថា ពួកគេធ្វើដូចជាឱឡារិកពេកហើយ ហើយមានអ្នករួមដំណើរជាច្រើនមិនសប្បាយចិត្តចំពោះទង្វើរបស់ពួកគេទេ។ ពួកគេទាំងពីរមិនបានខ្វល់ពីការគិត និងក្រសែភ្នែករបស់អ្នកដទៃឡើយ។

នៅពេលរថយន្តក្រុងបានទៅដល់ចំណត ពួកគេបានដើរឆ្ពោះទៅខាងមុខរថយន្ត ហើយស្តីបន្ទោសតៃកុងឡាន។ បុរសជាសង្សារបាននិយាយថា៖

"អ្នកដឹងទេថា ការបើកបរដែលខុសប្រក្រតីរបស់អ្នក បានធ្វើឲ្យខ្ញុំខាំបបូរមាត់មិត្តស្រីរបស់ខ្ញុំរហូតបែកឈាម? តើអ្នកបើកឡានដោយរបៀបណាហ្នឹង? ឥឡូវនេះ ប្រាប់ខ្ញុំមកថា ខ្ញុំអាចធ្វើអ្វីបាន?"
ចំនែកឯខាងស្រីវិញ ក៏មិនចាញ់ខាងប្រុសប៉ុន្មានដែរ។ នាងបាននិយាយទៅកាន់តៃកុងឡានក្រុងបណ្តើរ ជូតឈាមបណ្តើរថា៖

"បើសិនជាមិនមែនដោយសារអ្នកបើកឡានគ្រលែងពេញផ្លូវទេ មិត្តប្រុសរបស់ខ្ញុំក៏មិនខាំបបូរមាត់របស់ខ្ញុំយ៉ាងដូច្នេះដែរ។ នេះគឺជាកំហុសរបស់អ្នក ហើយអ្នកគួរតែទទួលខុសត្រូវចំពោះរឿងមួយនេះ"។
ទោះជាយ៉ាងណា អ្នកបើកបររូបនោះ មិនបានផ្តល់សំណងទៅគូស្នេហ៍ទាំងពីរនោះទេ ព្រោះគេគិតថា នេះមិនមែនជាកំហុសរបស់ខ្លួនឡើយ។



ហេតុការណ៍ហួសចិត្តនេះ ត្រូវបានចុះផ្សាយល្បីលើប្រព័ន្ធផ្សព្វផ្សាយរបស់ចិនផងដែរ៕


0 comments:
Post a Comment