
សម្តី CIA អាមេរិក អាចបញ្ជាក់បានថា ពិតជាបានណែនាំឲ្យមេដឹកនាំបក្សប្រឆាំងអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាលខ្មែរ ដោយយកគំរូតាមយូហ្គោស្លាវី និង ស៊ែបប៊ី

Woolsey
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ការលើកឡើងរបស់ប្រធាន CIA សហរដ្ឋអាមេរិក អាចបញ្ជាក់បានថា សហរដ្ឋអាមេរិកពិតជាបានណែនាំឲ្យក្រុមមេដឹកនាំអតីតគណបក្សប្រឆាំងអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ហើយក៏បង្ហាញឲ្យឃើញពីវប្បធម៌លូកដៃចូលកិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេសដែលមិនរណបខ្លួន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ និងបន្ទាប់ពីអតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA បានចេញមកនិយាយថា ការលូកដៃរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការបោះឆ្នោត នៃបណ្ដាប្រទេសដទៃ ធ្វើឡើងក្នុងហេតុផលល្អតែមួយគត់ គឺដើម្បីផលប្រយោជន៍នៃលិទ្ធិប្រជាធិបតេយ្យ។

Woolsey
លោក សុខ ឥសាន ថ្លែងថា ការលើកឡើងរបស់លោក James Woolsy អតីតនាយក CIA របស់សហរដ្ឋអាមេរិកថា ការលូកដៃរបស់សហរដ្ឋអាមេរិកចូលកិច្ចការបោះឆ្នោតនៅប្រទេសដទៃ គឺសម្រាប់ផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យ និងបញ្ចៀសឥទ្ធិពលនៃលទ្ធិកុំមុយនិសនោះ គឺជាការទទួលស្គាល់ថា សហរដ្ឋអាមេរិកពិតជាបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតនៅបណ្តាប្រទេសដទៃ ដើម្បីបុព្វហេតុមនោគមន៍វិជ្ជាសេរីនិយម ប្រឈមមុខនឹងមនោគមន៍វិជ្ជាកុំមុយនិសនិយម ដែលបាននិងកំពុងប្រកួតប្រជែងក្នុងពិភពលោកនេះ។

Woolsey
តាមលោក សុខ ឥសាន ការលើកឡើងនេះ មិនខុសពីការនិយាយផ្ទាល់មាត់របស់លោក កឹម សុខា ដែលបានលាតត្រដាងថា រដ្ឋាភិបាលអាមេរិក បានណែនាំឲ្យអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវីនិងស៊ែបប៊ី នោះទេ។ ដូច្នេះ នេះជាការបញ្ជាក់ច្បាស់ពីវប្បធម៌លូកដៃរបស់អាមេរិក ចូលកិច្ចការផ្ទៃក្នុងបណ្តាប្រទេសដែលមិនរណបខ្លួន។ ម្យ៉ាងទៀត អាមេរិកចង់យកបណ្តាប្រទេសលើពិភពលោកធ្វើជាភូមិសាស្ត្រនយោបាយក្នុងការប្រឈមមុខ នឹងមនោគមន៍កុម្មុយនិស្ត ដែលជាគូសត្រូវរបស់ខ្លួន។ ដូច្នេះការលើកឡើងថា ដើម្បីលទ្ធិប្រជាធិបតេយ្យនោះ ជាយោបល់ល្អ តែគំនិតអាក្រក់ គឺមិនបានគិតដល់លទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេសនោះទេ ប៉ុន្តែយកលទ្ធិប្រជាធិបតេយ្យជាខែល ដើម្បីបំផ្លាញសេចក្តីសុខរបស់ប្រទេសដទៃ ដែលខ្លួនមិនពេញចិត្ត។

សូមបញ្ជាក់ថា តាមការផ្សាយរបស់សារព័ត៌មាន Sputnik កាលពីព្រឹកថ្ងៃច័ន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយ តាមកញ្ចក់ទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍កន្លងទៅថា ការលូកដៃរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការបោះឆ្នោត នៃបណ្ដាប្រទេសដទៃ ធ្វើឡើងក្នុងហេតុផលល្អតែមួយគត់នោះ គឺដើម្បីផលប្រយោជន៍ នៃលិទ្ធិប្រជាធិបតេយ្យ។

Robert James Woolsey
ការលើកឡើងរបស់លោក James Woolsey ចំពេលដែលអាមេរិកកំពុងចោទរុស្ស៊ីថា បានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។ ជាមួយគ្នានោះ នៅពេលគេសួរពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការបោះឆ្នោតប្រទេសដទៃ អតីតនាយក CIA រូបនេះ បានគូសបញ្ជាក់ថា វាអាចទៅរួច ប៉ុន្តែវាធ្វើឡើងក្នុងចេតនាល្អ ដើម្បីបញ្ចៀសឥទ្ធិពលលិទ្ធិកុម្មុយនិស្តតែប៉ុណ្ណោះ។

Robert James Woolsey
លោក James Woolsey គឺជាអតីតនាយក CIA ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ហើយការលើកឡើងរបស់លោកកើតមានឡើង បន្ទាប់ពីជនជាតិរុស្ស៊ី ១៣នាក់ ត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕
រូបភាព អត្ថបទ ៖ ចៅនាគរាជ
0 comments:
Post a Comment