
បុរសម្នាក់បានចេញទៅផឹកស្រាជាមួយមិត្តភ័ក្ដិេបស់គេ។ ខណៈដែលពួកគេកំពុងផឹកស៊ី និយាយលេងសើចសប្បាយ ប្រពន្ធរបស់គេនៅផ្ទះក៏ទូរសព្ទមក និយាយថា "១០នាទីទៀតមកផ្ទះវិញណា៎បងសម្លាញ់"។
គ្រាន់តែបិទទូរសព្ទភ្លាម បុរសម្នាក់នោះក៏ក្រោកឡើង ហើយត្រៀមខ្លួនត្រលប់ទៅផ្ទះវិញ ប៉ុន្តែមិត្តម្នាក់ក៏និយាយថា "ចាំបាច់ទៅស្ដាប់សម្ដីប្រពន្ធដល់ម្ល៉ឹងអីហា តាំងជំហរខ្លួនឯងឲ្យរឹងមាំតិចមើល៍ខ្លួនជាមនុស្សប្រុសណា"។ បុរសម្នាក់នោះក៏ឆ្លើយតបវិញថា "ពេលខ្ញុំបានសប្បាយ និងសោយសុខនឹងយុវភាពរបស់នាង ខ្ញុំក៏ត្រូវទទួលយកចរិតរបស់នាង គ្រប់យ៉ាងនាងធ្វើគឺដើម្បីអនាគតគ្រួសារ។ នាងព្រមលះបង់រាងកាយពីមនុស្សស្រីដែលស្អាត ស្រស់ថ្លាគួរឲ្យស្រឡាញ់ដើម្បីមានកូនឲ្យខ្ញុំ។ ថ្ងៃនេះនាងត្រូវក្លាយជាមេផ្ទះ ធ្វើការងារធ្ងន់ ក៏ដើម្បីគ្រួសារ"។

"ឪពុកម្ដាយនាងចិញ្ចឹមនាងពីតូចដល់ធំ យ៉ាងថ្នាក់ថ្នមជាង ២០ឆ្នាំ តែនៅពេលរៀបការចូលមកនៅផ្ទះរបស់ខ្ញុំ នាងត្រូវក្លាយជាមេផ្ទះធ្វើការច្រើន ត្រូវមើលថែគ្រួសារ" ពេលនោះមិត្តទាំងអស់គាំងស្ងាត់មាត់ឈឹង។ បុរសម្នាក់នោះក៏និយាយតថា៖
"មិនមែនខ្ញុំខ្លាចប្រពន្ធអីទេ តែវាជាការផ្ដល់កិត្តិយសឲ្យនាង ខ្ញុំត្រូវភ្ញាក់រឭកខ្លួនឯងថានាងត្រូវចាកចេញពីកន្លែងល្អៗ ដើម្បីមកមើលថែគ្រួសាររបស់យើង"

"យើងមិនដឹងទេថាគ្រួសារនេះនឹងអាចរស់នៅបានយូរប៉ុណ្ណា អ្នកណាត្រូវចាកចេញទៅមុន ហើយអ្នកណានឹងជាអ្នកត្រូវនៅម្នាក់ឯង។ ខ្ញុំគ្រាន់តែចង់ប្រើពេលវេលាដែលមាន ព្យាយាមរក្សាពាក្យថា គ្រួសារ នេះឲ្យគង់វង្ស… លាសិនហើយពួកម៉ាក ចាំជួបគ្នាពេលក្រោយ"។ និយាយចប់ បុរសម្នាក់នោះក៏ដើរចេញពីហាងដើម្បីត្រលប់ទៅផ្ទះវិញភ្លាម។ ចំណែកមិត្តភ័ក្ដិក៏បានយល់ពីទង្វើរបស់គេកាន់តែច្រើន។
ទាំងអស់គ្នាដឹងទេ នៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ អ្នកមិនចាំបាច់ទៅធ្វើការ អ្នកអាចគេងសម្រាកនៅផ្ទះបាន តែប្រពន្ធរបស់អ្នកនៅតែត្រូវធ្វើការងារផ្ទះគ្រប់យ៉ាងដូចដើម ហើយត្រូវមើលថែកូន។ ពេលខ្លះនាងក៏ឆេវឆាវ យំសោក។ បន្ទុកគ្រួសារធ្វើឲ្យនាងលែងមានពេលចេញទៅដើរលេងជាមួយមិត្តភ័ក្ដិ ចេញទៅមើលកុនអ្វីទាំងអស់។
ដូច្នេះហើយនៅថ្ងៃនោះ បុរសខាងលើបាននាំភរិយាខ្លួនទៅមើលកុន ដើម្បីឲ្យនាងក្លាយជាម្ចាស់ស្រីមួយថ្ងៃ តែបន្ទាប់ពីក្លាយជាម្ចាស់ស្រីមួយថ្ងៃនេះ នាងនឹងត្រូវត្រលប់ទៅធ្វើការងារទាំងអស់ដូចដើម ធ្វើជាភរិយាល្អ ជាភរិយាដែលចាំនៅក្បែរស្វាមី។ ភរិយាល្អយ៉ាងនេះ អ្នកនៅមិនពេញចិត្តទៀត? កញ្ញា សូមលើកទឹកចិត្តឲ្យប្រិយមិត្តជាច្រើនដែលកំពុងឈ្លោះគ្នា មានបញ្ហាមិននិយាយដោះស្រាយជាមួយគ្នា កំពុងមានសង្គ្រាមត្រជាក់ -ល- ឲ្យសាកល្បងមកអង្គុយមើលមុខគ្នា ហើយនឹកដល់ពេលវេលាផ្អែមល្ហែម ហើយសួរខ្លួនឯងថាតើអ្នកទាំងពីរនៅស្រឡាញ់គ្នាកម្រិតណា? ឬអ្នកណាដែលកំពុងសម្រេចចិត្តលែងលះគ្នា សូមងាកមកសម្លឹងមុខកូនបន្តិច!

ក្រោយរៀបការ ស្វាមីអ្នក ឬភរិយាអ្នក គឺជាអ្នកមើលថែអ្នកអស់មួយជីវិត នៅពេលឈឺថ្កាត់ ហត់នឿយ បាក់ទឹកចិត្ត អស់សង្ឃឹម និងសូម្បីតែនៅពេលដែលអ្នកគិតថាអ្នកលែងសល់អ្នកណាទៀតហើយ។ នេះហើយតម្លៃនៃគូជីវិត ដូច្នេះហើយសូមកុំបណ្ដោយឲ្យពេលវេលាល្អៗកន្លងផុត ហើយទើបមកសោកស្ដាយនៅពេលក្រោយ!! ចាប់ផ្ដើមរក្សាថ្នាក់ថ្នមពាក្យថា "គ្រួសារ" ចាប់ពីពេលនេះដោយក្ដីស្រឡាញ់ និងយកចិត្តទុកដាក់។

0 comments:
Post a Comment