
កំណើនអ្នកវិនិយោគជនជាតិចិនជាច្រើននៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាល បានធ្វើឲ្យអាជីវករខ្មែរ ដែលមានទាំងផ្ទះសំណាក់ និងអាហារដ្ឋាន ព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតអាជីវកម្មរបស់គេ។ ជនជាតិចិនជួលយកតូបតាមឆ្នេរក្នុងតម្លៃថ្លៃ ហើយអតិថិជនជាពលរដ្ឋខ្មែរក៏មិនចង់ទៅកម្សាន្តនៅទីនោះទៀតដែរ។

ឆ្នេរអូរឈើទាលនៅក្នុងខេត្តព្រះសីហនុបានប្រែប្រួលមុខមាត់ហើយ។ ឈ្មោះហាង ឬតូបដែលធ្លាប់ជាឈ្មោះខ្មែរ នៅពេលនេះត្រូវជំនួសដោយអក្សរចិន។ ម្ចាស់តូបកាន់តែច្រើនឡើង គឺជាជនជាតិចិន ហើយអតិថិជនក៏ជាជនជាតិចិនដែលជជែកគ្នាដោយសំឡេងខ្លាំងៗដែរ។ ម្ចាស់អាហារដ្ឋាន ឬផ្ទះសំណាក់មួយចំនួនបានជួលហាងរបស់ខ្លួនទៅឲ្យជនជាតិចិនក្នុងតម្លៃថ្លៃ ហើយអាជីវករខ្មែរមួយចំនួនទៀតត្រូវផ្អាកអាជីវកម្មរបស់ខ្លួន ដោយសារតែថ្លៃហាង ឬថ្លៃដីបានឡើងថ្លៃយ៉ាងគំហុក។

ស្ត្រីម្ចាស់អាហារដ្ឋានមួយនៅឆ្នេរអូរឈើទាល ដែលស្នើសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បាននិយាយប្រាប់អ្នកសារព័ត៌មានថ្មីៗថា ជនជាតិចិនបានជួលតូប និងផ្ទះសំណាក់ក្នុងតម្លៃខ្ពស់ដើម្បីធ្វើអាជីវកម្មបន្ត។ ស្ត្រីម្ចាស់ហាងជនជាតិខ្មែរក្បែរតូបចិនបានបញ្ជាក់យ៉ាងដូច្នេះ៖«ចិនហ៊ានឲ្យថ្លៃណាស់។ ដូចអាហារដ្ឋាននៅតាមឆ្នេរហ្នឹង គេហ៊ានជួលមួយខែពី ២ ទៅ៣០០០ដុល្លារ។ ពីមុន ខ្មែរយើងហ៊ានជួលពីម្ចាស់ដី តែក្នុងតម្លៃពី ៥០០ទៅ៦០០ដុល្លារប៉ុណ្ណោះ។ គេហ៊ានជួលថ្លៃ មកពីគេនៅលក់ដល់ម៉ោង២ ដល់ម៉ោង៣ជិតភ្លឺ ហើយបើកភ្លេងថ្លង់ពេញហ្នឹង។ ចិនចូលមករកតែកន្លែងគ្នាគេហ្នឹង»។ ម្ចាស់អាហារដ្ឋានខាងលើបានបន្តទៀតថា ភ្ញៀវបរទេស ឬខ្មែរ ពេលពួកគេមកលេងឆ្នេរនេះ ហើយបានឃើញសុទ្ធតែជនជាតិចិននៅក្នុងហាង ពួកគេក៏ចេញទៅវិញ។ បើសិនជាពួកគេមកលេងទឹក ក៏ពួកគេមិននៅយូរដូចមុនដែរ។

មិនត្រឹមតែម្ចាស់អាហារដ្ឋានទេ ផ្ទះសំណាក់ក៏ដូចគ្នា។ បើតាមមេការផ្ទះសំណាក់មួយកន្លែងដែលមានទីតាំងនៅមុខឆ្នេរអូរឈើទាល ផ្ទះសំណាក់បច្ចុប្បន្នភាគច្រើន គឺសុទ្ធតែមានថៅកែជនជាតិចិនមិនថាចាស់ ឬកំពុងសាងសង់ថ្មីនោះទេ។ «បើជិះពីរង្វង់មូលតោ២មក ផ្ទះសំណាក់របស់ខ្មែរមានតែ៣កន្លែងទេ។ ឈ្មួញចិនហ៊ានជួលដីថ្លៃ ហើយភ្ញៀវដែលចូលមកស្នាក់នៅភាគច្រើន ក៏សុទ្ធតែចិនគ្នាគេដែរ»។
មិនមែនតែម្ចាស់អាហារដ្ឋាន ផ្ទះសំណាក់ទេដែលបារម្ភពីអនាគតអាជីវកម្មរបស់ពួកគេ សូម្បីតែអ្នកលក់ដូរបន្តិចបន្តួចនៅតាមឆ្នេរក៏មិនសប្បាយចិត្តដែរ នៅពេលដែលភ្ញៀវភាគច្រើនមិននៅលេងទឹកយូរៗដូចមុន។ អ្នកស្រី ផល រី អាជីវករទូលលក់វត្ថុអនុស្សាវរីយ៍នៅឆ្នេរអូរឈើទាលនោះបានត្អូញត្អែរថា ចាប់តាំងពីជនជាតិចិនចូលមកឆ្នេរនេះច្រើន ហើយអ្នកទេចរខ្មែរមិនសូវមកកម្សាន្តនៅទីនេះ ការលក់ដូររបស់អ្នកស្រីមិនសូវល្អដូចមុននោះទេ។ អ្នកស្រី ផល រី បានកត់សម្គាល់ដូចគ្នាដែរថា អ្នកទេសចរខ្មែរបានចាកចេញត្រឡប់ទៅវិញ នៅពេលដែលពួកគេឃើញជនជាតិចិនច្រើននៅតាមឆ្នេរ។
អ្នកលក់ដូរតាមឆ្នេរដដែលបានរៀបរាប់បន្ថែមថា៖«កាលពីមុន បើសិនជាមានក្រុមនិស្សិតឈប់ឡានចូលលេងឆ្នេរ ខ្ញុំអាចលក់វត្ថុអនុស្សាវរីយបានចាប់ពី១០ម៉ឺន ទៅ២០ម៉ឺនរៀល។ តែក្រោយពីជនជាតិចិនបានមកនៅច្រើនប្រហែល៦ខែចុងក្រោយនេះ អ្នកដែលមកលេងគេនៅមិនបានយូរ ឬច្រើនដូចមុននោះទេ»។
វត្តមានជនជាតិចិននៅខេត្តព្រះសីហនុបានធ្វើឲ្យលោក កុសល ដែលជាទេសចរខ្មែរម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកខកខានទៅរមណីយដ្ឋានតំបន់ឆ្នេរមួយនេះប្រហែលមួយឆ្នាំចុងក្រោយនេះ។ មិនតែប៉ុណ្ណោះ សម្រាប់លោក កុសល តម្លៃផ្ទះសំណាក់ក៏ឡើងថ្លៃដែរ ទោះក្នុងថ្ងៃធម្មតា។ «ពេលខ្ញុំចូលសួររកបន្ទប់ស្នាក់ ភាគច្រើនសុទ្ធតែចិន ទាំងម្ចាស់ផ្ទះទាំងអ្នកជួល។ ខ្ញុំពិតជាប្លែកមែនទែន។ នេះខ្ញុំខានមក មិនដល់មួយឆ្នាំស្រួលបួលផង»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានទទួលស្គាល់អំពីកំណើនវត្តមាននៃអ្នកទេសចរ និងវិនិយោគិនចិននៅក្នុងខេត្តមាត់សមុទ្រមួយនេះ។ និយាយអំពីទេសចរណ៍ លោក គ្រឹស្នា អះអាងដោយមោទនអំពីកំណើន២២ភាគរយ នៃចំនួនទេសចរជារួមក្នុងរយៈពេល៦ខែចុងក្រោយ ដោយមានអ្នកទេសចរជាតិមាន៧០ភាគរយ ហើយក្នុងចំណោមអ្នកទេសចរបរទេស ពិតណាស់សម្រាប់លោកប្រធានមន្ទីរទេសចរណ៍ គឺជនជាតិចិនបានឈរនៅលំដាប់លើគេក្នុងតារាងទេសចរណ៍នៃខេត្តព្រះសីហនុ។
សម្រាប់លោកប្រធានមន្ទីរទេសចរណ៍ដដែល វត្តមាននៃទេសចរណ៍ និងវិនិយោគិនចិននៅក្នុងខេត្តបានធ្វើឲ្យមានការប្រកួតប្រជែងក្នុងវិស័យសេវាមែន ប៉ុន្តែក៏វាបានស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដែរ។ លោក តាំង សុចិត្តគ្រឹស្នា បានពន្យល់ថា៖«អាជីវករភាគច្រើនគឺគាត់ជួលទៅឲ្យចិននៅក្នុងតម្លៃថ្លៃ គ្មាននរណាបង្ខំគាត់ឲ្យចេញនោះទេ។ ហើយយើងយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងទៅលើការអនុវត្តច្បាប់ ការទិញលក់ ឬការផ្ទេរសិទ្ធិជាដើម។ ហើយការរៀបចំសេវាកម្ម យើងតម្រូវឲ្យគាត់សុំច្បាប់ ដើម្បីយើងអាចពង្រឹងសេវាកម្ម និងគុណភាព ក៏ដូចជាបរិស្ថានអនាម័យនៅតាមតំបន់ឆ្នេរ»។
ក្នុងពេលបច្ចុប្បន្ននេះ ក្រុងព្រះសីហនុមានកាស៊ីណូចំនួន២៤កន្លែង និងក្លឹបកម្សាន្តចំនួន១៤កន្លែង ដែលភាគច្រើនមានថៅកែជាជនជាតិចិន និងអ្នកមកលេងក៏សុទ្ធតែជាជនជាតិចិនផងដែរ។ តួលេខនេះ ត្រូវបានបញ្ជាក់ដោយប្រធានមន្ទីរទេសចរណ៍ ដែលបានអះអាងបន្ថែមថា មន្ទីរទេចរណ៍ បានសហការណ៍ជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីតាមដានលើផ្នែកច្បាប់ជានិច្ចដើម្បីការពារមិនឲ្យមានជនខិលខូចណាយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងប្រព្រឹត្តបទល្មើស ៕
0 comments:
Post a Comment