Friday, January 26, 2018

ម្តាយបង្ខំឲ្យខ្ញុំរៀបការ ជាមួយបុរសមិនធ្លាប់ស្គាល់ ខ្ញុំខឹងមិនដែលធ្វើល្អដាក់គាត់ទេ ស្រាប់តែថ្ងៃមួយ..



ម្ដាយ​ខ្ញុំ គឺ​ជា​មនុស្ស​ម្នាក់ ដែល​មិន​សូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​កូន​នោះ​ទេ មាន​ពេល​ខ្លះ សូម្បី​តែ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ណា​តែ​ជិតៗ​សោះ ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​គាត់​ដែរ។ ឪពុក​ខ្ញុំ​បាន​ស្លាប់ តាំង​ពី​ខ្ញុំ​មាន​អាយុ 3 ឆ្នាំ​ម្ល៉េះ។ នៅ​ពេល​​នេះ ខ្ញុំ​មាន​អាយុ 18 ឆ្នាំ​ហើយ ម្ដាយ​ខ្ញុំ​ក៏​ចាប់​ផ្ដល់​ចង់​ឲ្យ​ខ្ញុំ​មាន​គូស្រករ ព្រោះ​គាត់​ចាស់ៗ​អស់​ហើយ។




គាត់​ចង់​បាន​សម្រេច​ចិត្ត​ឲ្យ​ខ្ញុំ​រៀបការ​ជា​មួយ​នឹង​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ទាល់​តែ​សោះ តែ​គាត់​ប្រាប់​ថា គេ​ជា​កូន​មិត្ត​ភក្ដិ​គាត់។ បុរស​ម្នាក់​នោះ មើល​ទៅ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ខ្លាំង​ណាស់ គ្រាន់​តែ​ទៅ​ក្បែរ​គេ គឺ​ធំ​ក្លិន​បារី និង​មាន​ពុក​មាត់​គួរ​ឲ្យ​ខ្លាច​បំផុត។ ដូច្នេះ​ហើយ​ខ្ញុំ​ព្យាយាម​យ៉ាង​ដាច់​ខាត ដើម្បី​បដិសេធ​ជា​មួយ​នឹង​ម្ដាយ​ខ្ញុំ ដោយ​មិន​ព្រម​រៀបការ​ជា​មួយ​បុរស​ម្នាក់​នោះ​ជា​ដាច់​ខាត។
ដោយ​សារ​សម្ដី​ប្រកែក​តឹង​សរសៃ​ក​ខ្លាំង បាន​ធ្វើ​ឲ្យ​ម្ដាយ​ខ្ញុំ​ខឹង​យ៉ាង​ខ្លាំង ហើយ​គាត់​ក៏​បាន​ទះ​ខ្ញុំ​មួយ​ដៃ​ចំថ្ពាល់​ខាង​ឆ្វេង។ មើល​ទៅ​មិន​អាច​ប្រកែក​បាន​ទៀត​ទេ ខ្ញុំ​ក៏​យល់​ព្រម​តាម​ការ​បង្ខំ​របស់​គាត់។

នៅ​ថ្ងៃ​ទីមួយ​នៃ​យប់​ផ្សំ​ដំណេក ខ្ញុំ​បាន​យំ​នៅ​ក្នុង​បន្ទប់ ហើយ​បុរស​ម្នាក់​បាន​ដើរ​ចូល​មក និង​សួរ​ខ្ញុំ​ថា "ហេតុ​អ្វី​បាន​ជា​យំ"? ពេល​នោះ​ខ្ញុំ​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា "ព្រោះ​ខ្ញុំ​ស្អប់​លោក និង​ចង់​រៀប​ការ​ជា​មួយ​លោក​​ទេ, លោក​​ស្អុយ​បារី និង​មាន​ពុក​មាត់​គួរ​ឲ្យ​ខ្លាច…"។ បុរស​ម្នាក់​នោះ​បាន​តប​មក​ថា "ហេតុ​អ្វី​យល់​ព្រម​រៀបការ"?




ខ្ញុំ​បាន​ឆ្លើយ​ភ្លាម​ថា "ព្រោះ​ម្ដាយ​ខ្ញុំ​បង្ខំ"។ បុរស​ម្នាក់​នោះ​បាន​ឆ្លើយ​តប​វិញ​​ថា "តាម​ពិត​ទៅ​ខ្ញុំ​ក៏​មិន​ទាន់​គិត​ថា ចង់​រៀបការ​ដែរ ព្រោះ​ចង់​រស់​នៅ​ម្នាក់​ឯង​ជាង តែ​ម្ដាយ​របស់​នាង បាន​មក​អង្វរ​ខ្ញុំ…"។
គាត់​បាន​បន្ត​ទៀត​ថា "ណ្ហើយ​ចុះ! បើ​មិន​ពេញ​ចិត្ត​ខ្ញុំ​ក៏​មិន​អី​ដែរ យើង​រស់​នៅ​ជា​មួយ​គ្នា​ដូច​ជា​បង​ប្អូន​ ហើយ​មិន​បាច់​ធ្វើ​ដូច​ជា​ប្ដី​ប្រពន្ធ​ទេ"។




រំពេច​នោះ​ខ្ញុំ​ក៏​ឈប់​យំ ហើយ​គាត់​ក៏​យក​កន្ទេល​ទៅ​ក្រាល​លើ​ឥដ្ឋការ៉ូ និង​បាន​ដេក​លក់​ទៅ។ ហើយ​ខ្ញុំ​ក៏​ដេក​លើ​គ្រែ។
ព្រឹក​ឡើង​ខ្ញុំ​បាន​ឃើញ​បបរស និង​ពង​ទា​ចៀន​ជា​ស្រេច​នៅ​លើ​តុ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ (បុរស​ម្នាក់​នោះ) គឺ​ជា​អ្នក​ចម្អិន និង​រៀប​ចំសម្រាប់​ខ្ញុំ ហើយ​គាត់​ក៏​បាន​ចេញ​ទៅ​ធ្វើ​ការ​ដែរ។ យើង​រស់​នៅ​បែប​នេះ អស់​រយៈ​ពេល ១ខែ ទើបខ្ញុំ​ដឹង​ថា គេ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​គោរព និង​ស្រឡាញ់​បំផុត។ គាត់​មិន​ដែល​ធ្វើ​បាប​ចិត្ត​ខ្ញុំ​សូម្បី​តែ​ម្ដង​ឡើយ។ ខ្ញុំ​បាន​ប្រាប់​ឲ្យ​គាត់​ឲ្យ​មក​គេង​លើ​គ្រែ​ជា​មួយ​ខ្ញុំ ហើយ​បាន​ប្រាប់​គាត់​ថា "ខ្ញុំ​ចង់​រស់​នៅ​ជា​មួយ​គ្នា ជា​ប្ដី​ប្រពន្ធ​វិញ"។




 
គាត់​បាន​ញញឹម និង​ឱប​ខ្ញុំ ហើយ​យើង​ក៏​រស់​នៅ​ប្រកប​ដោយ​សុភមង្គល​បំផុត។ ពេល​នេះ ទើប​ខ្ញុំ​ដឹង​ថា ទឹក​ចិត្ត​ម្ដាយ​ខ្ញុំ​ធំធេង​ប៉ុណ្ណា ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា កុំ​វាយ​តម្លៃ​មនុស្ស​ម្នាក់​ដោយ​សារ​តែ​រូប​រាង​ខាង​ក្រៅ។

 

អានព័ត៌មានថ្មីៗថ្ងៃនេះ 

ច្រណែនគ្រួសារគេរស់នៅមានក្តីសុខ មិនដែលឈ្លោះគ្នាក៏ទៅលបលួចមើល ទើបឃើញរឿងមួយធ្វើឲ្យភ្ញាក់ខ្លួន

មាន​គ្រួសារ​ពីរ​ ​រស់​នៅ​​ក្បែរ​គ្នា​ជា​យូរ​មក​ហើយ ដោយ​គ្រួសារ​មួយ​តែង​តែ​ឈ្លោះ​គ្នា​ជា​ប្រចាំ​កម្រ​មាន​ថ្ងៃ​​ណា​ផ្អែម​ល្ហែម​​ជា​មួយ​គ្នា​ណាស់ ឯ​គ្រួសារ​មួយ​ទៀត​​រស់នៅ​​បែប​ស្ងប់​ស្ងាត់ និង​​មាន​សុភមង្គល​​មិន​ដែល​ឮ​​សម្ដី​​តូច​សម្ដី​ធំ​ដាក់​គ្នា​ទេ។




ថ្ងៃ​មួយ ​​គ្រួសារ​​​ឧស្សាហ៍​បង្ក​ជម្លោះ​​ មាន​អារម្មណ៍​ច្រណែន​​នឹង​​​បរិយាកាស​​ក្នុង​​គ្រួសារ​ស្ងប់​ស្ងាត់​ ដោយ​​ប្រពន្ធ​បាន​​ប្រាប់​​ប្ដី​ថា "​សាក​ទៅ​លួច​មើល​គ្រួសារ​ជាប់​​ផ្ទះ​យើង​មើល៍ ​មូល​ហេតុ​អ្វី​​បាន​ជា​គ្រួសារ​​គេ​នោះ​​មិន​ដែល​ឮ​មាត់​ឈ្លោះ​គ្នា ហើយ​​រីក​រាយ​​រហូត​អីចឹង"?
ឮ​ដូចនេះ​​ប្ដី​បាន​ធ្វើ​តាម ​ដោយ​នៅ​ថ្ងៃ​បន្ទាប់​​គាត់​លប​ចូល​​ក្នុង​ផ្ទះ​ពួន​​សម្ងំ​ចាំ​មើល តើ​​ប្ដី​​ប្រពន្ធ​​មួយ​គូ​នេះ​​ធ្វើ​អ្វី​ខ្លះ? ទី​បំផុត​​គាត់​បាន​​ឃើញ​មែន​ គឺ​ស្ត្រី​ម្នាក់​កំពុង​បោស​ជូត​សម្អាត​​កម្រាល​ឥដ្ឋ​​ក្នុង​បន្ទប់​យ៉ាង​ស្ងៀម​ស្ងាត់​។ រំពេច​​នោះ នាង​​បាន​ឮ​សំឡេង​​អ្វី​ម្យ៉ាង​នៅ​ក្នុង​ផ្ទះ​បាយ​ រួច​ក៏​​​រត់​ទៅ​មើល​​ភ្លាម​។ ​ស្រប​ពេល​ជា​មួយ​គ្នា​​​នោះ ​គាត់​បាន​ឃើញ​ប្ដី​​របស់​នាង​​​ដើរ​​ចូល​បន្ទប់​​យ៉ាង​ប្រញាប់ ​ដោយ​មិន​បាន​មើល​​ធុងទឹក​​​​ជូត​​ឥដ្ឋ​ ក៏​ច្រឡំ​ដើរ​ទាត់​កំពប់​ទឹក​​បាច​សាច​ពេញ​បន្ទប់​។




​​បន្ទាប់​មក ​ស្ត្រី​​ជា​​ប្រពន្ធ​​បាន​ឮ​​សំឡេង​ប្ដី​​ទាត់​ធុង​ទឹក​ក៏​ប្រញាប់​ដើរ​ចេញ​​ពី​ផ្ទះ​បាយ​វិញ​ ​រួច​និយាយ​​ទៅ​កាន់​ប្ដី​ថា​ " ខ្ញុំ​សុំ​ទោស លោក​ប្ដី​! ​វា​ជា​កំហុស​របស់ខ្ញុំ​​ ​ព្រោះ​​​ខ្ញុំ​មិន​បាន​​យក​ធុង​ទឹក​ចេញ​ពី​ផ្លូវ​ដើរ រវល់​តែ​ទៅ​ផ្ទះ​បាយ​បន្តិច​។"
ប្ដី​​តប​វិញ​ថា​៖"ទេ​​ទេ! ​បង​​សុំ​ទោស​​ ប្រពន្ធ​សម្លាញ់! ​វា​ជា​កំហុស​របស់​​បង​​ទៅ​វិញ​ទេ ​ព្រោះ​បង​ដើរ​​មិន​បាន​​ចាប់​អារម្មណ៍​​មិញ​នេះ។"

​ចំណែក​បុរស​មក​លួច​​មើល ​​ឃើញ​រឿងរ៉ាវ​ហើយ​​បាន​ត្រលប់​​ទៅ​ផ្ទះ​វិញ​​តាម​បង្គាប់​ប្រពន្ធ។ ​ពេល​មក​ដល់​ផ្ទះ​មិន​​បាន​​អង្គុយ​ស្រួល​បួល​បាត់​ហត់​ផង​ប្រពន្ធ​​ក៏​សួរ​៖ ​"​​​តើ​បាន​ដឹង​​មូល​ហេតុ​​ធ្វើ​​ឲ្យ​​គ្រួសារ​​មួយ​ហ្នឹង ​​រស់​នៅ​មាន​សុភមង្គល ​​ឬ​ទេ?"




ប្ដី​តប៖ "​​មិន​បាន​​ឃើញ​​អ្វី​ទាំង​អស់ ​ឃើញ​តែ​ប្ដី​ជា​អ្នក​ដើរ​ទាត់​​ធុង​ទឹក​ បែរ​ជា​ប្រពន្ធ​មក​សុំ​ទោស​ ហើយ​ប្ដី​នោះ​ក៏​សុំ​ទោស​វិញ​ដែរ។ ​ប្រពន្ធ​ដឹង​ទេ បើ​​រឿង​តូច​តាច​​នេះ​កើត​ឡើង​ចំពោះ​គ្រួសារ​យើង​វិញ​ យើង​ទាំង​ពីរ​​ប្រាកដ​ណាស់​​នឹង​រក​ត្រូវ​រៀង​ៗ​ខ្លួន​មិន​ខាន ឯ​ប្ដី​ប្រពន្ធ​គ្រួសារ​ស្ងប់​ស្ងាត់​នោះ​​បែរ​ជា​ទទួល​កំហុស​រៀង​ៗ​ខ្លួន​ទៅ​វិញ​។" ប្រពន្ធ​ឮ​បែប​​នេះ​ ភ្ញាក់​ខ្លួន​ព្រើត និង​សន្យា​ព្យាយាម​ធ្វើ​ដូច​គេ​ចាប់​ពី​ពេល​នេះ​តទៅ​៕
តម្លៃ​អប់​រំ៖ ​រួម​រស់​ជា​ប្ដី​ប្រពន្ធ​​ក្នុង​សង្គម​​មួយ ត្រូវ​​ចេះ​រៀន​អធ្យាស្រ័យ​ឲ្យ​​គ្នា​បើ​មាន​ម្នាក់​​ធ្វើ​ខុស​។ ​អ្នក​ប្រព្រឹត្ត​ខុស​​ត្រូវ​ចេះ​ទទួល​​កំហុស​ និង​​មិន​ត្រូវ​ធ្វើ​រឿង​តូច​ឲ្យ​​​ក្លាយ​ជា​រឿង​​ធំ​ទេ​។ សុភមង្គល​​គ្រួសារ​មិន​មែន​កើត​ឡើង​​ឯកឯង​ទេ ​គឺ​​ប្ដី​ប្រពន្ធ​​ទាំង​ពីរ​​ជា​អ្នក​បង្កើត​ឲ្យ​មាន​។




Related Posts:

0 comments:

Post a Comment