
បាតុភូតចន្ទគ្រាសក្នុងឆ្នាំ២០១៨នេះ នឹងកើតឡើងនៅថ្ងៃទី៣១ ខែមករានេះ ហើយវាគឺជាចន្ទគ្រាសពេញលេញ ដែលគេហៅថា
ព្រះចន្ទពណ៌ខៀវ (Blue Moon) ដែលជាបាតុភូត មិនដែលកើតឡើងឡើយក្នុងរយៈពេលច្រើនជាង ១៥០ឆ្នាំមកនេះ។ នេះបើតាមសារព័ត៌មាន Space.com ចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០១៨។

យោងតាម Space.com បាតុភូតច័ន្ទគ្រាសនេះ នឹងកើតឡើងនៅអំឡុងពាក់កណ្ដាលយប់ រីឯមហាសមុទ្រប៉ាស៊ីហ្វិក នឹងត្រូវបានបែរចំមុខទៅរកព្រះច័ន្ទនៅក្នុងពេលដូចគ្នានេះ។ ដោយឡែក តំបន់អាស៊ីកណ្ដាល និងខាងកើត ឥណ្ឌូណេស៊ី នូវែលសេឡង់ និងតំបន់មួយចំនួន នៃប្រទេសអូស្ត្រាលី នឹងមើលឃើញព្រះច័ន្ទពណ៌ខៀវនេះ។ ដោយឡែកចាប់ពីតំបន់ អាស៊ីខាងលិច ប្រទេសឥណ្ឌា មជ្ឈិបូព៌ា និងអឺរ៉ុបខាងកើត អាចនឹងមើលឃើញបាតុភូតដ៏កម្រនេះដែរនៅពេលព្រះច័ន្ទរះតែម្តង។
ជាងនេះទៅទៀត ចាប់ពីភាគខាងកើតគឺ រដ្ឋអាឡាស្កា និងហាវ៉ៃ និងភាគពាយ័ព្យប្រទេសកាណាដា ក៏នឹងអាចមើលព្រះច័ន្ទពណ៌ខៀវនេះផងដែរ ពីដើមរហូតដល់ចប់តែម្តង។ បន្ទាប់ពីឆ្នាំ២០១៨ ព្រះចន្ទពណ៌ខៀវនឹងឆ្លងកាត់ស្រមោលអាំប្រារបស់ផែនដីម្តងទៀតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨ និងបន្ទាប់មកនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣៧ ហើយវាគឺចន្ទគ្រាសពេញលេញតែម្តង។

គួរបញ្ជាក់ដែរថា សំរាប់ទំនៀមខ្មែរបុរាណ បានតំណាលថា ហេតុមានគ្រាសអាចធ្វើឲ្យទារកដែលនៅក្នុងផ្ទៃម្តាយកើតមកមិនមានសតិប្រក្រតី រឺជាមនុស្សដែលគេហៅថា គ្រាសកន្លង។ តំណាលនោះថាស្ត្រីមានផ្ទៃពោះគួរជៀសវាងមើលគ្រាសកំពុងកើតឡើង រឺត្រូវសង្ងំនៅក្នុងផ្ទះកុំចេញមកក្រៅ ត្រូវចាំរហូតដល់គ្រាសកន្លងផុតទៅ។ បើពុំនោះទេ គ្រាសនឹងធ្វើអោយទារកកើតមកក្លាយជាមនុស្សល្មេញល្មើ មានសតិមិនពេញលេញ។
គ្រាសជាហេតុដែលកើតឡើងនៅពេលភពផែនដីប្រែក្លាយជាភពគ្មានពន្លឺងងឹតសូន្យឈឹង។ បើគ្រាសកើតឡើងក្នុងពេលដែលផែនដីកំពុងទទួលពន្លឺពីព្រះអាទិត្យ បង្ករឲ្យភពផែនដីងងឹតសូន្យឈឹង គេហៅថា សូរ្យគ្រាស។ បើគ្រាសកើតឡើងនៅពេលយប់ធ្វើឲ្យព្រះច័ន្ទប្រែពីពណ៌ភ្លឺទៅជាពណ៌ឈាម (Blood Moon) គេហៅថា ច័ន្ទគ្រាស។


តាមការពន្យល់តាមបែបវិទ្យាសាស្ត្រវិញ សូរ្យគ្រាស គឺជាហេតុការណ៍កើតឡើងនៅពេលព្រះច័ន្ទវិលចំគន្លងកណ្តាលត្រង់ជួរព្រះអាទិត្យ និងភពផែនដី ធ្វើឲ្យស្រមោលព្រះច័ន្ទបាំងពន្លឺព្រះអាទិត្យមកលើភពផែនដី ក្លាយជាងងឹតសូន្យឈឹង។

ច័ន្ទគ្រាស គឺជាហេតុការណ៍កើតឡើងនៅពេល ភពផែនដីវិលចំគន្លងកណ្តាលត្រង់ជួរព្រះអាទិត្យ និងព្រះច័ន្ទ ធ្វើឲ្យស្រមោលភពផែនដីបាំងពន្លឺព្រះអាទិត្យមកលើព្រះច័ន្ទ។ ប៉ុន្តែខុសពីសូរ្យគ្រាស ច័ន្ទគ្រាសមិនងងឹតសូន្យឈឹងទេ គ្រាន់តែធ្វើឲ្យពន្លឺព្រះច័ន្ទប្រែពីពណ៌ភ្លឺមកជាពណ៌ឈាមប៉ុណ្ណោះ។របកស្រាយអ្នកវិទ្យាសាស្ត្រ លើគ្រាស និងស្ត្រីមានផ្ទៃពោះ
បញ្ហាផលប៉ះពាល់របស់គ្រាសមកលើទារកនៅក្នុងផ្ទៃម្តាយ នៅមិនទាន់មានភ័ស្តុតាង និងការសិក្សាមួយច្បាស់លាស់នោះទេ រីឯអ្នកស្រាវជ្រាវក៏នៅមិនទាន់រកឃើញនូវចម្លើយមួយអោយស៊ីគ្នានឹងអបិយជំនឿនេះដែរ។ ប៉ុន្តែមានអ្នកវិទ្យាសាស្ត្រមួយចំនួនបានលើកឡើងថា ការមើលសូរ្យគ្រាសអាចមានផលប៉ះពាល់ដល់ភ្នែក (ជាងច័ន្ទគ្រាស)។ ការមើលសូរ្យគ្រាស យើងត្រូវសម្លឹងមើលព្រះអាទិត្យរហូតដល់សូរ្យគ្រាសចាប់ផ្តើម។ ប៉ុន្តែមនុស្សមួយចំនួនត្រូវរង់ចាំ និងសម្លឹងមើលព្រះអាទិត្យអស់រយៈពេលយ៉ាងយូរមុនពេលសូរ្យគ្រាសចាប់ផ្តើមលេចរូបរាង។ ហេតុដូច្នេះហើយ ពួកគេមិនបានដឹងទេថានៅពេលសម្លឹងមើលព្រះអាទិត្យយូរអាចមានផលប៉ះពាល់ដល់ភ្នែក ពីព្រោះពន្លឺព្រះអាទិត្យមានវិទ្យុកម្មដែលប៉ះពាល់ដល់ រីទីណាភ្នែក (Retina)។

ជុំវិញរឿងបញ្ហាទាក់ទងរវាង គ្រាស និងស្ត្រីដែលមានផ្ទៃពោះ គ្រាន់តែជាជំនឿដែលនិយាយពីមាត់មួយទៅមាត់មួយប៉ុណ្ណោះ ព្រោះសូម្បីតែជំនឿនេះក៏កើតមាននៅក្នុងប្រទេសឥណ្ឌាដែរ។ ដោយហេតុថាប្រទេសកម្ពុជាធ្លាប់បានទទួលយកវប្បធម៌ពីប្រទេសឥណ្ឌា ជំនឿអំពីគ្រាសមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃនេះ អាចកើតមានតាំងពីយូរណាស់មកហើយ។ តាមពិតស្ត្រីមានផ្ទៃពោះមួយចំនួនមិនហ៊ានមើលគ្រាស ដោយហេតុថាពួកគាត់គ្រាន់តែមិនចង់ប្រឆាំងនឹងគំនិតរាមច្បង និងចាស់ទំតែប៉ុណ្ណោះ។ គួបផ្សំជាមួយភាពមិនច្បាស់លាស់របស់គាត់ទៀត ទើបស្ត្រីភាគច្រើននៅតែបន្តគេចចេញពីគ្រាសខ្លាចក្រែងពិតជាប៉ះពាល់ដល់កូនក្នុងផ្ទៃពិតមែន។ គួរបញ្ជាក់ផងដែរថា គ្រាស ត្រូវបានចាត់ទុកថាជាបាតុភូតមិនល្អនៅក្នុងវប្បធម៌ជំនឿជាច្រើន ដោយសារភាពងងឹត៕




0 comments:
Post a Comment