
ចិន៖
គ្រូពេទ្យវះកាត់ជនជាតិចិនម្នាក់ ខំប្រឹងវះកាត់ជូនជំងឺ អស់រយៈពេលជាច្រើនម៉ោង ទាំងមិនបានសម្រាកខ្លួន ទីបំផុតសម្រេចចិត្តចាក់ថ្នាំសន្លប់ខ្លួនឯង ដោយសារតែ ខ្លាចមានបញ្ហាប្រសិនណាបើនៅបន្ត។
លោកគ្រូពេទ្យវះកាត់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា
Li Xin
បម្រើការនៅឯមន្ទីរពេទ្យ Chenzhou Children's Hospital ភាគកណ្ដាលខេត្តហ៊ូណាន (Hunan) ប្រទេសចិន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការវះកាត់ជូនអ្នកជំងឺម្នាក់ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ ទី២២ វិច្ឆិកា សប្តាហ៍មុននេះ។ ដោយសារតែប្រតិបត្តិការវះកាត់ មានរយៈពេលយូរនឹងមិនទាន់ត្រូវបានបញ្ចប់ ហើយលោកគ្រូពេទ្យ Li ក៏បានដឹងខ្លួនឯងថា ក.របស់គាត់មិនអាចកម្រើក ឬងាកបានច្រើនម៉ោងទៀតទេ ប្រសិនណាបើគាត់នៅតែបន្តវះកាត់ ព្រោះគាត់ពិតជាអស់កម្លាំងខ្លាំង និងត្រូវការបានសម្រាក។
ទីបំផុតលោកគ្រូ Li ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តឲ្យក្រុមការងាររបស់គាត់ ជួយចាក់ថ្នាំសន្លប់ត្រង់កញ្ចឹង.ក ដើម្បីឲ្យគាត់អាចបានសម្រាក ខណៈគេឃើញថាទាំងដៃទាំងពីរ កំពុងតែវះកាត់ជូនអ្នកជំងឺ។

គួរឲ្យដឹងផងដែរថា ប្រតិបត្តិការវះកាត់ជូនអ្នកជំងឺខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលជាង៩ម៉ោងឯណោះ។ ចំណែកឯ លោកគ្រូ Li វិញ ក៏ត្រូវបានគេបញ្ជូន ទៅធ្វើការពិនិត្យសុខភាពផងដែរ បន្ទាប់ពីប្រតិបត្តិការវះកាត់ ជូនអ្នកជំងឺខាងលើនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ។
ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់លោកគ្រូពេទ្យ Li ត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមរួចមក បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសប្រជាជនចិនតែម្តង បាននាំគ្នាកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏មានតម្លៃ ខិតខំប្រឹងប្រែងតស៊ូដើម្បីអ្នកជំងឺ របស់លោកគ្រូពេទ្យ Li ទាំងមិនខ្លាចនឿយហត់ និងដោយក្តីគោរពផងដែរ ៕
តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?


0 comments:
Post a Comment