
កណ្តាល ៖ រូបភាពធ្វើឲ្យមហាជនជាច្រើន ដែលនិយមលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក មានការស្ញើប ស្ញប់ស្ញែងនោះ ឥឡូវនេះដឹងការពិតហើយ គឺបុរសវ័យក្មេងម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តម៉ាកលុចស៊ីសមួយគ្រឿង ពណ៌ស្ករ មិនចាំស្លាកលេខ ថយក្រោយបំណងចុះទូកដ បែរជាជាន់ហ្គែរបន្ថែមល្បឿន ទៅឡើងតាមខ្សែកាប ដាំក្បាលចុះក្រោមដូចក្នុងរឿងភាពយន្តបរទេសអញ្ចឹង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង១រសៀល ថ្ងៃទី២៥ មករា ២០១៨ នៅចំណុចកំពង់ចម្លងផ្លូវត្រី រោងចក្រក្តារបន្ទះត្រើយខាងកើត ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមប្រភពអ្នកឃើញហេតុការណ៍ផ្ទាល់ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ វ័យប្រហែល៣០ឆ្នាំ បានបើករថយន្តម៉ាកលុចស៊ីស៣០០មួយគ្រឿង លុះពេលមកដល់ចំណោទចុះទូកដ បុរសនោះក៍ឈប់បើកទ្វាររថយន្តឲ្យប្រពន្ធចុះដើរ រីឯខ្លួនបានបត់យកគូទរថយន្តមកមុន ចុះទូកដ បំណងឆ្លងមកត្រើយខាងលិចស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពបន្តថា ស្រាប់តែរថយន្តថយក្រោយមកវូ យ៉ាងលឿន ធ្វើឲ្យកម្មករទូកដ ដែលឈរធ្វើសញ្ញាពីក្រោយ ភ័យស្លន់ស្លោរត់ចេញសឹងតែមិនទាន់ ។ ចំណែកកង់រថយន្តម្ខាង ឡើងលើខ្សែកាបទូក រហូតទៅជាប់នឹងចុងបង្គោលដែក ខាងលើក្បាលទូក ដែលមានកម្ពស់ប្រហែល៣ម៉ែត្រ ដាំដូងធ្លាក់ក្បាលចុះក្រោមតែម្តង ។ បន្ទាប់ពីដាំក្បាលចុះ រថយន្តមិនទាន់រលត់ទេ ហើយអ្នកដែលនៅក្បែរនោះ ក៍នាំគ្នារត់ទៅជួយកាច់សោពន្លត់ និងយកអ្នកបើកបរចេញពីរថយន្ត ។

បើតាមបុរសម្ចាស់រថយន្ត ប្រាប់ថា មូលហេតុដែលធ្វើអោយរថយន្តធ្លាក់មកលឿនបែបនេះ គឺរូបគាត់ខ្លួនឯង ដាក់ជើងជាន់ហ្វ្រាំងទប់ ដើម្បីចុះចំណោទ តែបែរជាដាក់ជើងជាន់ចំហ្គែរទៅវិញ ។ លោកបន្តថា រថយន្តនេះ គឺទើបនឹងទិញទេ ហើយក៍មិនទាន់ចេះបើកស្ទាត់ដែរ ។មិននឹកស្មានដល់ថ្នាក់នឹងដែរ ដោយបុរសម្ចាស់រថយន្តនិយាយបែបកំប្លែងថា បំបែកឯតទគ្គកម្មបានហើយ តែបើឲ្យរូបគាត់សាក១ម៉ឺនដងទៀត ក៍មិនដូចដែរ ។

ទោះយ៉ាងណា មិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ ហើយរថយន្តក៍រងការខូចខាតតិចតួច តែប៉ុណ្ណោះ ទើបម្ចាស់រថយន្ត ហៅរថយន្តស្ទូចភ្លាមៗ រួចធ្វើដំណើរបន្តបាត់ទៅ សូម្បីតែសមត្ថកិច្ចមូលដ្ឋាន ក៍មិនបានដឹងផង ៕






0 comments:
Post a Comment