
នាយគ្រឿនតារាកំប្លែងទូរទស្សន៏ បន្ទាប់អំពីជោគជ័យក្នុងការសម្តែងភាពយន្ត ស៊ីថ្លៃមួយរឿង ៤ពាន់ដុល្លារនោះ បានប្រកាសថា
រូបនាយចាប់ផ្តើមកាត់បន្ថយការទទួលយករឿង ភាពយន្តមកសម្តែង ច្រើនពេកហើយ ។ ការលើកឡើងរបស់នាយគ្រឿនបែបនេះ បានធ្វើឲ្យមហាជននិងម្ចាស់ផលិតកម្ម ភាពយន្តរិះគន់នាយគ្រឿនថាមិនទាន់បានប៉ុន្មានផងនាយគ្រឿន ចាប់ផ្តើមវាយឫកដាក់ម្ចាស់ផលិតកម្មទៅហើយ ។ នាយគ្រឿនបាននិយាយថា នាយពុំមែនកាត់បន្ថយការទទួលសម្តែងទាំងស្រុងនោះទេ ដោយគ្រាន់តែ សម្រាំងយកតែរឿងណាដែរលោកគិតថាមានគុណភាពនិងអាចមានទីផ្សារតែប៉ុណ្ណោះ ។

ជាមួយគ្នាដែលោកក៏បានបញ្ជាក់ថាវាមិនមែនបណ្តាលមកពីតម្លៃខ្លួននៃការសម្តែងក្នុងរឿងមានការធ្លាក់ចុះនោះទេ ខ្ញុំសម្តែងរឿងច្រើនពេកដូច្នេះខ្ញុំខ្លាចអ្នកទស្សនាគាត់សាំនូវអ្វីដែលខ្ញុំសម្តែង ព្រោះការសម្តែងកន្លងមកក៏ហាក់ដូចជាសម្តែងបានច្រើនហើយដែរ ដូច្នេះខ្ញុំចង់សម្រិតសម្រាំងយករឿងណាដែលមានគុណភាពតែប៉ុណ្ណោះ ។


ក្រៅពីមានបំណងចង់ផ្លាស់ប្តូរការសម្តែងដោយលែងទទួលយករឿងរាយរងហើយនោះនាយគ្រឿនក៏បានបញ្ជាក់ដែរថា ការពិតលោកចង់ងាកមកចាប់អាជីពតែងនិពន្ធនិងដឹកនាំការផលិតខ្សែភាពយន្តវិញម្តង ។ ការលើកលែងបែបនេះក្រោយពីស្នាដៃសម្តែងដែលលោកបានសម្តែងគឺរឿង " ត្រកូលអ្នកប្រដាល់ " ដាក់បញ្ចាំនៅក្នុងរោងភាពយន្តទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនា ។


តារាកំប្លែងអាយុ៣១ឆ្នាំរូបនេះបញ្ជាក់ថាដោយសារតែចង់ភ្លករសជាតិក្នុងការនិពន្ធ និងដឹកនាំសម្តែងទើបលោកសម្រេចចិត្តប្រឡូកបន្ថែមជាមួយការងារនេះដោយសម្រេចចិត្តកាត់បន្ថយសម្តែងខ្សែភាពយន្តវិញ ។ តារាសម្តែងដែលមានតម្លៃខ្លួន ៤ពាន់ដុល្លារអាមេរិកក្នុងការសម្តែងមួយរឿងបានបន្តថាលោកនឹងទទួលយកខ្សែភាពយន្តប្រមាណតែ៣ទៅ ៤រឿងប៉ុណ្ណោះក្នុងមួយឆ្នាំដែលលោកយល់ថាចង់ទុកពេលវេលាឲ្យបានច្រើនសម្រាប់សាកល្បងការងារនិពន្ធនិង ដឹកនាំរឿង ។

គួរបញ្ជាក់ថាផលិតកម្មដែលនាយគ្រឿនប្រឡូកចូលក្នុងអាជីពថ្មីនោះ LD Picture ដែលបានផ្តល់ឪកាសឲ្យលោកក្នុងការធ្វើការងារនេះជាលើកដំបូងដែលរឿងដំបូងលោកបានចេញដឹកនាំការសម្តែងហើយគឺរឿង " ជួបស៊យ " ដែលប្រភេទរឿងបែបកំប្លែងដែលលោករំពឹងថានឹងអាចចូលរួមវាយលុកទីផ្សារភាពយន្តបាននៅពេលដាក់បញ្ជាំង ។

គួរបញ្ជាក់ថានាយគ្រឿនបានបោះបង់អាជីពជាកម្មករសំណង់ដែលលោកធ្វើអស់រយ:ពេលជាង១០ឆ្នាំមកចាប់អាជីពជាតារាកំប្លែងតាមរយ:លោក ចែម ចាន់តារា ហៅនាយពាក់មី ជាបងប្រុស ។ ដោយសារវោហារនិងស្ទីលនៃការលេងកំប្លែងប្លែកពីអ្នកដ៏ទៃនិងអាចធ្វើឲ្យទស្សនិកជនផ្ទុះសំណើចខ្លាំងនាយគ្រឿនទទួលបានការគាំទ្រ រហូតឈានដល់ប្រឡូកក្នុងអាជីពជាអ្នកចម្រៀងច្រៀងកាត់សក់តាមរោងការ និងសម្តែងខ្សែភាពយន្តទៀត ។ ពេលនេះនាយគ្រឿនត្រូវបានគេចាត់ចូលក្នុងចំណោមតារាសម្តែងល្បីដែលអាចរកប្រាក់ចំណូលច្រើនលំដាប់ជូរមុខផងដែរ ៕


0 comments:
Post a Comment