Friday, January 26, 2018

ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនអស្ចារ្យដល់ម្លឹងផង! ចឹងទើបពលរដ្ឋនិងប្រទេសគេជឿនលឿនខ្លាំងម្ល៉េះ



ជារឿយៗ តែងតែនិយាយពីប្រធានបទជាច្រើនដែលទាក់ទងនឹងចំនុចល្អៗរបស់ប្រទេសជប៉ុនមកចែកជូនប្រិយមិត្ត។ ថ្ងៃនេះ យើងនឹងនិយាយពីប្រទេសជប៉ុនទៀតហើយ ដោយយើងនឹងលើកឡើងពីប្រព័ន្ធអប់រំប្រទេសនេះម្តង។ តើប្រព័ន្ធអប់រំរបស់ប្រទេសនេះយ៉ាងម៉េចដែរ ទើបបានជាគេចាត់ទុកប្រទេសនេះជាប្រទេសដែលមានប្រព័ន្ធអប់រំល្អជាគេបំផុតមួយនៅលើពិភពលោក?




ក្នុងនាមប្រទេសមួយដែលចាញ់សង្គ្រាមលោកលើកទី២ ជប៉ុនមិនមែនត្រឹមតែជាប្រទេសដែលអាចងើបចេញពីមហន្តរាយដែលខ្លួនបានរងគ្រោះពីគ្រាប់បែកបរិមាណូរបស់អាមេរិចដោយជោគជ័យនោះទេ ជប៉ុនថែមអាចអភិវឌ្ឍន៍ខ្លួនឯងរហូតក្លាយជាប្រទេសមហាសេដ្ឋកិច្ចមួយក្នុងចំនោមជិត២០០ប្រទេសទូទាំងពិភពលោក។
សមិទ្ធិផលនេះត្រូវបានចូលរួមមួយផ្នែកធំដោយសារតែប្រព័ន្ធអប់រំរបស់ប្រទេសមួយនេះ។ ប្រព័ន្ធអប់រំនៅប្រទេសជប៉ុនត្រូវបានប្រទេសនេះចាត់ទុកជាមោទនភាពជាតិរបស់ខ្លួនមួយ ដោយសារប្រព័ន្ធអប់រំរបស់គេបានធ្វើអោយប្រជាជនរបស់ខ្លួនមានសមត្ថភាពដែលមនុស្សជុំវិញពិភពលោកទទួលស្គាល់។




នៅប្រទេសជប៉ុន ប្រព័ន្ធអប់រំត្រូវបានគេបែងចែកជា៤ផ្នែកធំៗ ដែលរួមមាន៖
១. ៦ឆ្នាំសម្រាប់ថ្នាក់បឋមសិក្សា

២. ៣ឆ្នាំសម្រាប់ថ្នាក់អនុវិទ្យាល័យ

៣. ៣ឆ្នាំសម្រាប់ថ្នាក់វិទ្យាល័យ

៤. ៤ឆ្នាំសម្រាប់ថ្នាក់មហាវិទ្យាល័យ




ប្រជាជននៅប្រទេសនេះគឺសុទ្ធតែអាចអាន និងសរសេរបានយ៉ាងល្អដោយសារតែ ប្រជាជនគ្រប់រូបត្រូវបានរដ្ឋាភិបាលតម្រូវអោយរៀនយ៉ាងហោចណាស់ក៏បានត្រឹមថ្នាក់អនុវិទ្យាល័យដែរ ពោលគឺ៩ឆ្នាំយ៉ាងតិចបំផុត។
នៅក្នុងថ្នាក់ សិស្សម្នាក់ៗត្រូវរៀនជាមធ្យម៦ម៉ោងក្នុងមួយថ្ងៃ ដែលរយះពេលនេះត្រូវបានគេចាត់ទុកជាម៉ោងសិក្សាដែលយូរជាងគេបំផុតនៅក្នុងប្រព័ន្ធសិក្សាជុំវិញពិភពលោក។ សិស្សនៅប្រទេសជប៉ុនត្រូវរៀនច្រើនណាស់ ព្រោះពួកគេមិនត្រឹមតែរៀននៅក្នុងថ្នាក់នោះទេ ប៉ុន្តែពួកគេនៅត្រូវធ្វើការងារផ្ទះជាប្រចាំទៀតផង។




នៅក្នុងថ្នាក់ ពួកគេត្រូវរៀនទាំងពីគណិតវិទ្យា ភាសា រូបវិទ្យា មុខវិជ្ជាវិទ្យាសាស្ត្រ សិល្បះ និងជំនាញក្នុងផ្ទះជាដើម។ នៅក្នុងសាលាពួកគេសុទ្ធតែត្រូវពាក់ឯកសណ្ឋានសាលាដើម្បីជាការវឹកហាត់ដល់ការគោរពវិន័យ។



សិស្សនឹងគ្រូតែងតែញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅក្នុងថ្នាក់រៀន ដែលនេះធ្វើអោយទំនាក់ទំនងរបស់ពួកគេល្អ ដូច្នេះសិស្សម្នាក់ៗមិនសូវជាធុញនៅពេលដែលរៀនជាមួយគ្រូរបស់ខ្លួន។
ទង្វើនេះក៏ជួយអោយពួកគេមានភាពស្និទស្នាលនឹងសាលារៀនរបស់ខ្លួនផងដែរ ដូច្នេះពួកគេកម្រនឹងគិតថាការមករៀនគឺជាភារកិច្ចរបស់ពួកគេណាស់។ ផ្ទុយទៅវិញ វាហាក់បីដូចជាផ្ទះរបស់ពួកគេទៅហើយ។ ពួកគេមិនងាយនឹងឈប់ រឺមករៀនយឺតណាស់ ដោយសារតែច្បាប់សាលារៀនត្រូវបានគេអនុវត្តយ៉ាងតឹងរឹងបំផុត។




ការអោយតម្លៃទៅលើគុណភាពរបស់សិស្សនិស្សិតម្នាក់ៗ បានធ្វើអោយប្រទេសចម្រាញ់បានសុទ្ធតែធនធានមនុស្សដែលមានសមត្ថភាពជារៀងរាល់ឆ្នាំ។ ដូច្នេះប្រទេសនីមួយៗនៅក្នុងពិភពលោកគួរតែរៀនសូត្រពីប្រទេសជប៉ុននៅក្នុងវិស័យនេះ៕

Related Posts:

0 comments:

Post a Comment