
នៅសម័យថ្មីនេះ ខារ៉ាអូខេជាទីកន្លែងកម្សាន្តសប្បាយៗ មិនថាមនុស្សវ័យក្មេង ឬចំណាស់នោះទេ ប៉ុន្តែគ្រាន់តែភាគច្រើនប្រុសៗនិយមចូលទៅច្រៀង និងផឹកគ្រឿងស្រវឹងនៅទីនោះ ច្រើនជាងស្រីៗចូលច្រៀងលេងជាលក្ខណៈគ្រួសារ។

ខារ៉ាអូខេ ក្រៅពីការកម្សាន្តច្រៀងរាំ ផឹកគ្រឿងស្រវឹង ញ៉ាំគ្រឿងក្លែមនោះ ក៏មានសេវានារីៗអង្គុយកំដរ ចាក់ស្រា និងជល់កែវជាមួយផងដែរ ជាងនេះទៅទៀតនោះ ភាពស្និទ្ធស្នាលរវាងភ្ញៀវប្រុសៗ និងអ្នកកំដរស្រី អាចឈានដល់ការប៉ះស្ទាបអង្អែល ឬសកម្មភាពលើសពីនេះ។

នៅក្រោមភ្លើងពណ៌ គ្រឿងស្រវឹងជោគជាំ មើលអ្វីក៏ស្អាត ធ្វើអ្វីក៏សប្បាយ ដែលជំរុញចិត្តប្រព្រឹត្តទៅដោយមិនដឹងខ្លួន ឬមានបំណងចង់សប្បាយបែបនេះ។ ប៉ុន្ដែការសប្បាយភ្លេចខ្លួនបែបនេះ ជាទុក្ខព្រួយរបស់នារីៗ ដែលជាប្រពន្ធកូន គូដណ្តឹង និងសង្សារស្រី ដែលពួកគេមិនអាចហាមឃាត់ដៃគូរបស់ពួកគេ មិនឲ្យចូលខារ៉ាអូខេនោះឡើយ បានត្រឹមតែមិនសប្បាយចិត្ត ខឹង កើតទុក្ខព្រួយ និងបារម្ភ នេះគឺជាការបង្ហើបប្រាប់របស់ស្រ្តី។

នារីមួយចំនួន ក៏យល់ស្របគ្នាទៀតថា មិនពេញចិត្តចំពោះដៃគូខ្លួនចូលខារ៉ាអូខេនោះទេ ទោះបីជាដៃគូរបស់ពួកគេបានប្រាប់មុនក៏ដោយ ក៏យល់ថាការសប្បាយបែបនេះគឺខ្ជះខ្ជាយ ហើយពិបាកនឹងជឿថា ស្មោះ និងមិនប៉ះពាល់នារីកំដរនៅខារ៉ាអូខេនោះសោះ តែធ្វើយ៉ាងណាហាមបាន ទាល់តែប្រុសៗទាំងនោះមានស្មារតី មិនចូលចិត្តដោយឯកឯង នៅសម័យនេះ។
ចំណែកនារី ៦នាក់ក្នុងចំណោម១០នាក់នោះក៏អះអាងបន្តថា ទោះបីជាប្រុសៗទាំងអស់នោះ មិនមានស្រីៗកំដរ ក៏ពួកគេត្រូវផឹកស្រា ស្រាបៀរច្រើនដែរ បើមិនដូចនោះទេពិបាកដើរចូលក្នុងចំណោមក្រុមមិត្ត ភ័ក្តិគ្នាគេដែរ។

នៅក្នុងនោះ នារី៣នាក់ក្នុងចំណោម១០នាក់បានលាតត្រដាងថា ពួកគេបានឈ្លោះគ្នារាល់ពេលដែល មិត្តប្រុសរបស់គេចូលខារ៉ាអូខេ។ រីឯម្នាក់ក្នុងចំណោមនោះ និយាយថា នាងបានផ្តាច់ទំនាក់ទំនងជាមួយសង្សារដោយសាររឿងចូលខារ៉ាអូខេសប្បាយញឹកញាប់នេះ ហើយនារីម្នាក់ទៀតថា នាងសុខចិត្តមេម៉ាយដោយសារទ្រាំនឹងប្តីចូលខារ៉ាអូខេស្ទើររាល់យប់មិនបាន ទោះបីជាការចូលខារ៉ាអូខេរបស់ប្តីគាត់គឺជាកិច្ចការរកស៊ី ត្រូវជួបមេនិយាយកិច្ចការនៅទីនោះក៏ដោយ ក៏វាជ្រុលពេក ដែលប្រពន្ធកូនត្រូវរង់ចាំមើលផ្លូវប្តី ចាំមើលផ្លូវឪពុក មកញ៉ាំបាយជុំគ្រួសារ មិនបាននោះឡើយ។

នារីមានគំនិតសុទិដ្ឋិនិយមម្នាក់ និយាយថា មិនមែនស្រីៗតឹងតែងនឹងដៃគូខ្លួនក្នុងការចូលខារ៉ាអូខេទេ គឺនាងចង់ឲ្យប្រុសៗចូលលេងសប្បាយបែបលក្ខណៈមិត្តភ័ក្តិ កុំឲ្យមានស្រីក្រៅក្នុងនៅខារ៉ាអូខេ កុំឲ្យចាយលុយខ្ជះខ្ជាយ និងថែទាំសុខភាពឲ្យបានល្អ ព្រោះផឹកគ្រឿងស្រវឹងច្រើនប៉ះពាល់សុខភាព និងអាចនាំគ្រោះថ្នាក់ចរាចរណ៍ បើអាចយូរៗទៅម្តងក្នុងឱកាសបុណ្យទានពិសេសៗ និងអាចនាំនាងទៅជាមួយម្តងម្កាល ក៏បានដែរ។

ចុះនារីផ្សេងទៀតគិតដូចគ្នានេះទេ? សប្បាយចិត្តអត់ពេលមិត្តប្រុស ឬប្តី ទៅខារ៉ាអូខេ?
0 comments:
Post a Comment