
ខេត្តកំពង់ចាម ៖ យុវជនជាកូនអកត្តញ្ញូម្នាក់ ផឹកស្រាស្រវឹងជោក ត្រឡប់ទៅដល់ផ្ទះវិញ ខឹងនឹងរឿងឪពុកស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែស្ទុះទៅចាប់ច្របាច់កឪប្រុងវ៉ៃ លុះបុរសជាឪពុកប្រឹងរើបម្រះរួច រត់ទៅប្តឹងសមត្ថកិច្ច ស្រាប់តែកូនប្រុសចិត្តភ្លើងបានធ្វើសកម្មភាពដុតផ្ទះ បណ្តាលឱ្យឆេះហ្មត់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥៥នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចម្ការលើ។
ជនបង្កហេតុ ដែលផឹកស្រាស្រវឹងចាប់ច្របាច់កឪ រួចដុតផ្ទះឆេះអស់នេះ មានឈ្មោះ ញឹម ចាន់ធី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះជួន នាង អាយុ៥៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ ឈ្មោះញឹម ចាន់ធី បានចេញទៅជួបជុំមិត្តភក្តិផឹកស្រាតាំងពីក្បាលល្ងាច រហូតដល់យប់ជ្រៅ ទើបត្រទ្បប់មកផ្ទះវិញ ក្មុងស្ថានភាពស្រវឹងជោក។ ឃើញបែបនេះ បុរសរងគ្រោះជាឪពុកបានស្តីបន្ទោសកូនប្រុសបន្តិចបន្តួចពីរឿងដើរផឹកស្រាស្រវឹងអួទីនួ មិនសូវជួយធ្វើការងារផ្ទះ ឬស្រែចម្ការសោះ។

ប្រភពដដែលបន្តថា ក្រោយពីត្រូវឪពុកស្តីបន្ទោស ជនសង្ស័យដែលកំពុងស្រវឹងធ្លាក់ភ្នែក ស្រាប់តែផ្ទុះកំហឹង ស្ទុះទៅធ្វើសកម្មភាពចាប់ច្របាច់កឪពុកបង្កើតរបស់ខ្លួន ធ្វើឱ្យបុរសជាឪពុកប្រឹងរើបម្រះរួច ហើយក៏រត់ទៅប្តឹងសមត្ថកិច្ច។ នៅអំឡុងពេលដែលឪពុករត់ទៅប្តឹងសមត្ថកិច្ចនេះ ជនសង្ស័យក៏បានធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួន ដែលមានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ជាប្រភេទផ្ទះតៀម ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជំងជុំវិញបាំងស័ង្កសី បណ្តាលឱ្យឆេះអស់ទាំងស្រុង។ ក្រោយធ្វើសកម្មភាពដុតផ្ទះរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់។

លោកខេង ស្រេង អធិការនគរបាលស្រុកចម្ការលើ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យ រហូតចាប់ខ្លួនបាននាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
0 comments:
Post a Comment