
អាហ្សង់ទីន៖
កុមារីរងគ្រោះដ៏កំសត់ម្នាក់ ត្រូវបានម្តាយចិត្តព្រៃផ្សៃ គ្មានធម៌មេត្តា ធ្វើទារុណកម្មវាយដំច្រំធាក់យ៉ាងដំណំ ដោយសារតែរឿងតូចតាចមួយសោះ កំពុងតែរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញ ក្រោយបែកធ្លាយវីដេអូឃ្លីប បង្ហោះចែកចាយលើអីុនធើណែត។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើង នៅក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងទីក្រុង Bahia Blanca ភាគខាងកើត ប្រទេសអាហ្សង់ទីន។
តាមរយៈវីដេអូឃ្លីបនោះ គេឃើញក្មេងស្រីវ័យទើបតែ៣ឆ្នាំ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានម្តាយរបស់នាងចាប់ទះខ្លួនប្រាណ និងជាបន្តធ្វើសកម្មភាព ចាប់បោចសក់បញ្ច្រាសលើកឡើងទៅលើ ជើងផុតពីដីប្រៀបបីដូចសត្វធាតុ និងថែមទាំងបានទាត់ធាក់នាងយ៉ាងដំណំ។ រីឯក្មេងស្រីរងគ្រោះ គេឃើញថា បានស្រែកយំយ៉ាងខ្លាំងៗ ពោរពេញដោយក្តីឈឺចាប់។

ចំពោះមូលហេតុ រហូតឈានដល់ការកើតមានរឿងរ៉ាវយ៉ាងដូច្នេះ ក៏ដោយសារតែ ស្រ្តីម្តាយបានបាត់ថេបប្លែត (Tablet) ហើយចោទប្រកាន់ថា កូនស្រីតូចរបស់ខ្លួនជាអ្នកយក និងបានធ្វើឲ្យបាត់ ហើយរកមិនឃើញ។
ក្នុងវីដេអូឃ្លីបនោះទៀតសោត គេអាចលឺសូរសម្លេងរបស់ស្រ្តីជាម្តាយ ពោរពេញដោយកំហឹង ស្រែក សម្លុតខ្លាំងៗ ជាមួយនឹងពាក្យគំរាមកូនស្រីខ្លួនឯងថា
«ហេតុអីបានជាហែងអត់ចាំ ថាហែងយកវាទៅណាចឹងហា៎? ឆាប់ទៅយក Tablet មកឲ្យអញវិញភ្លាម! ហែងយកវាពីលើតុនេះ យកទៅលេង លូវឆាប់យកមកវិញភ្លាម បើរកមិនឃើញទេ អញនឹងសម្លាប់ហែងចោលហើយ!»
។
គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះត្រូវបានបែកធ្លាយបង្ហោះចែកចាយ ពេញលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានអ្នកចុចចែករំលែក (Share) ជាច្រើន ជាមួយនឹងពាក្យរិះគន់ ស្តីបន្ទោស ទៅលើសកម្មភាពមិនគួរគប្បី របស់ស្រ្តីជាម្តាយចិត្តខ្មៅខាងលើនេះផងដែរ។
យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នកុមារីរងគ្រោះ រួមជាមួយនឹងបងប្អូនបង្កើតរបស់នាងតូចៗ ចំនួនពីរនាក់ទៀត ត្រូវបានអាជ្ញាធរក្នុងតំបន់ សុំសិទ្ធិបញ្ជូនទៅស្នាក់នៅ មជ្ឈមណ្ឌលថែទាំនៃសេវាសង្គម (Care of Social Services) ដើម្បីទទួលបានការមើលថែទាំ។
ចំណែកករណីអំពើហិង្សាខាងលើនេះ ខាងមន្រ្តីជំនាញក៏កំពុងតែបើកការស៊ើបអង្កេត ប៉ុន្តែគេនៅមិនទាន់ដឹងទេថា តើស្រ្តីជាម្តាយចិត្តខ្មៅរូបនោះ អាចនឹងត្រូវចាប់ខ្លួនឃុំឃាំង ឬចោទប្រកាន់ពីបទប្រើហិង្សា រំលោភបំពានលើកុមារ ឬយ៉ាងណានោះទេ ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖

0 comments:
Post a Comment