
ចិន៖
បុរសម្នាក់ហ៊ានប្រថុយប្រថានជីវិតខ្លួនឯង ក្នុងបំណងជួញសង្គ្រោះស្ត្រីវ័យចំណាស់ម្នាក់ ដែលធ្លាក់ក្នុងទន្លេដែលកក នៅខេត្ត Hebei ប្រទេសចិន។ ប្រភពពុំបានបញ្ជាក់អំពីដើមហេតុនៃការរអិលធ្លាក់របស់លោកយាយនោះទេ។

បុរសក្លាហាន ជួយសង្គ្រោះស្ត្រីចំណាស់ ត្រូវគេស្គាល់ឈ្មោះថា Shi Lei វ័យ ៥៤ ឆ្នាំ រីឯស្ត្រីចំណាស់នោះ មានឈ្មោះ Zhai វ័យ ៧៣ ឆ្នាំ។
នៅព្រឹកកើតហេតុ លោក Shi បានជិះកង់ទៅធ្វើការដូចសព្វដង ស្រាប់តែប្រទះឃើញស្ត្រីចំណាស់ម្នាក់ កំពុងស្រវេស្រវ៉ារកឲ្យគេជួយនៅកណ្តាលផ្ទៃទន្លេដែលកក និងត្រជាក់យ៉ាងខ្លាំង ព្រោះសីតុណ្ហភាពនៅពេលនោះ ស្ថិតក្រោមសូន្យអង្សារឯណោះ។

ដោយមិនបង្អង់យូរ លោក Shi បានចុះពីលើកង់ រួចបានស្ទុះស្ទារអូសទាញគាត់ឲ្យចេញពីផ្ទៃទន្លេក្នុងស្ថានភាពយ៉ាងលំបាកយ៉ាប់យុឺន ដោយសារមានការរាំងស្ទះពីផ្ទាំងទឹកកក ដែលកកជាប់ក្នុងទន្លេ ណាមួយលោកយាយមានទម្ងន់ធ្ងន់ ព្រោះខោអាវរបស់គាត់បានជក់ទឹកបាត់ទៅហើយ។
យ៉ាងណាក៏ដោយ លោក Shi បានប្រើប្រាស់ត្រឹមដៃរបស់លោកផ្ទាល់ ជាមធ្យោបាយវាយកម្ទេចផ្ទាំងទឹកកក ដែលត្រូវបានគេមើលឃើញថា មានលក្ខណៈស្តើងអាចវាយបំបែកបាន។ លោក Shi បានទទួលជំនួយពីបុរសម្នាក់ទៀត មានឈ្មោះថា Ma Hongjie ជាអ្នកដំណើរឆ្លងកាត់ទីនោះដែរ។

ទីបំផុតពួកគេទាំងពីរ បានជួយសង្គ្រោះស្ត្រីចំណាស់វ័យ ៧៣ ឆ្នាំខាងលើ បានជោគជ័យ ហើយសកម្មភាពរបស់ពួកគេ ត្រូវបានថតជាប់ និងបង្ហោះចែកចាយតៗគ្នាលើបណ្តាញអុីនធឺណេត។

អ្នកនិយមលេងអុីនធឺណេតជាច្រើន បានកោតសរសើរចំពោះសេចក្តីក្លាហានរបស់លោក Shi ដែលជាមនុស្សមានស្មារតី ចេះជួយអ្នកដទៃក្នុងគ្រាមានអាសន្ន។ រីឯអ្នកខ្លះវិញ បែរជាធ្វើការរិះគន់ទៅលើអ្នកថតបង្ហោះវីដេអូទៅវិញ ដោយចោទថាម្តេចក៏មិនទម្លាក់កាមេរ៉ាចុះ ហើយចូលរួមជួយនឹងគេ៕
សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment