
បុរសវ័យចំណាស់រូបរាងស្គមស្គាំង ជនជាតិឥណ្ឌាម្នាក់ ធ្វើឲ្យក្រុមគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការពិនិត្យនិងរកឃើញថា មានដែកគោលជាច្រើនរាប់រយគ្រាប់ជាប់ក្នុងពោះ សំណាងល្អត្រូវបានជួយសង្គ្រោះទាន់ពេល។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា
Pradip Kumar Dhali
មានអាយុ៤៨ឆ្នាំ។ លោក Pradip ត្រូវបានគ្រួសារនាំទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះជំងឺបន្ទាប់ពីលោកតែងត្អូញត្អែរ មានអាការឈឺចុកចាប់ក្នុងពោះមិនឈប់ អស់ជាង២ខែ។
ក្រុមគ្រូពេទ្យបានធ្វើការស្កេនមើលក្នុងរាងកាយ របស់លោក Pradip រកឃើញថាមានដែកគោលយ៉ាងច្រើនសន្ធឹក នៅជាប់គាំងពេញក្នុងក្រពះរបស់លោក ដែលតម្រូវឲ្យធ្វើការវះកាត់យកចេញជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។ ក្នុងប្រតិបត្តិការវះកាត់ ក្រុមគ្រូពេទ្យបានប្រើជំនួយដុំដែកឆក់ ដើម្បីឆក់ចាប់យកដែកគោលចេញផងដែរ។

ដែកគោលដែលត្រូវបានយកចេញទាំងអស់ ត្រូវបានគេរាយការណ៍ថា មានចំនួនរហូតដល់ទៅ ៦០០គ្រាប់ឯណោះ ជាចំនួនដ៏ច្រើនមួយនឹងស្មានមិនដល់។ ប៉ុន្តែជាសំណាងល្អ ដែលដែកគោលមុតស្រួចទាំងអស់នោះ មិនបានចាក់មុតធ្វើឲ្យធ្លុះក្រពះរបស់បុរសរងគ្រោះ។
លោកវេជ្ជបណ្ឌិត
Siddhartha Biswas
ប្រធានដឹកនាំក្រុមវេជ្ជសាស្រ្តនៃមន្ទីរពេទ្យ Calcutta Medical College and Hospital ក្នុងប្រទេសឥណ្ឌា បានមានប្រសាសន៍ឲ្យដឹងថា លោកពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថាមានដែកគោលជាច្រើន ក្នុងពោះរបស់លោក Pradip ។
«ពួកយើងបានសម្រេចចិត្តធ្វើការវះកាត់ឲ្យគាត់។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលក្រពះរបស់គាត់រីកធំ ពោរពេញសុទ្ធតែដែកគោលនៅខាងក្នុងបែបនេះ។ ប៉ុន្តែសំណាស់ហើយ ដែលវាមិនមុតក្រពះគាត់។ ពួកយើងបានវះក្រពះរបស់គាត់ ហើយប្រើដែកឆក់ ឆក់យកដែកគោលចេញម្តងមួយៗ សរុបទាំងអស់ជាង៦០០គ្រាប់។ ច្បាស់ណាស់ លោក Pradip បានលេបវាចូលទៅក្នុងពោះ មិនមែនសុខៗវាកើតមានឯងៗទេ»
លោកវេជ្ជបណ្ឌិត Biswas និយាយ។
ដោយឡែក បើតាមការអះអាងពីខាងក្រុមគ្រួសារ របស់បុរសរងគ្រោះវិញ បានឲ្យដឹងថា លោក Pradip ជាមនុស្សដែលមានបញ្ហាសតិមិនសូវល្អ (ឬមិនសូវគ្រប់ទឹក) ហើយគាត់តែងតែមានទម្លាប់ ញ៉ាំអាហារមិនរើសមុខចម្លែកៗជាច្រើន។ ប៉ុន្តែចំពោះការញៀនហូបដែកគោលនេះ ខាងគ្រួសាររបស់លោកគឺមិនបានដឹងទាល់សោះ ហើយពួកគេក៏រន្ធត់ចិត្តដែរ នៅពេលដែលធ្វើការពិនិត្យ រកឃើញចម្លើយដ៏គួរឲ្យខ្លាចបែបនេះ។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នបន្ទាប់ពីវះកាត់រួច លោក Pradip ក៏កំពុងតែសម្រាកព្យាបាលជាបន្តក្នុងមន្ទីរពេទ្យ ដើម្បីរង់ចាំឲ្យសុខភាពធូរស្បើយ បានត្រឡប់ទៅផ្ទះវិញផងដែរ ៕




0 comments:
Post a Comment