
កាលពី ២ ឆ្នាំមុន ខ្ញុំធ្លាប់ទាក់ទងជាមួយបុរសម្នាក់ ពួកយើងរៀនថ្នាក់ជាមួយគ្នា។ គេគឺជាព្រាននារីប្រចាំសាលា ហើយក៍ជាប្រុសម្នាក់ដែលចូលចិត្តដើលេងយប់ នឹងតែងខ្លួនរបៀប Swagger ទាក់ទងគ្នាបានមួយខែដោយគេក៏មិនបានផ្លាស់ប្តូរចរិតព្រានរបស់គេ ខ្ញុំក៏សុំគេបែកគ្នា។ បុន្តែដោយសារយើងរៀនថ្នាក់ជាមួយគ្នា ជួបមុខគ្នារាល់ថ្ងៃ គេក៏សុំអោយខ្ញុំផ្តល់ឳកាសអោយគេម្តងទៀត។ លើកនេះគេកែមែន គេកាត់សក់អោយមានរបៀបជាងមុន ឈប់ទុកក្រចកវែង ៗ ទៀត ហើយប្តូរមកស្លៀកពាក់តាមរបៀបខ្ញុំចូលចិត្ត (Classic) ហើយគេក៏ឈប់ទាក់ទងស្រី ៗ ផ្សេងទៀតដែរ។ ខ្ញុំមិនដែលទុកចិត្តមនុស្សប្រុសណាដូចទុកចិត្តគេទេ មានរឿងជាច្រើនដែលគេធ្វើអោយខ្ញុំជឿទុកចិត្ត។ ហើយខ្ញុំក៏ជឿជាក់ខ្លាំងថាខ្លួនរើសមនុស្សមិនខុសដែរ ព្រោះ៖
៙ គេណែនាំខ្ញុំអោយប៉ាម៉ាក់ និងគ្រួសារគេស្គាល់ បញ្ចាក់ថាគេប្រាកដប្រជាជាមួយខ្ញុំ។
៙ គ្រួសារគេជាអ្នកធូធារ ហើយមានមុខរបរផ្ទាល់ខ្លួន ថ្ងៃក្រោយបើគេមិនធ្វើការក៏អាចរកសីខ្លួនឯងបាន ម្យ៉ាងគេឆ្លៀតគួកជេឡានដែលអាចអោយគេរកចំណូលចាយខ្លួនឯងពេញ ៗ ដៃ បញ្ចាក់ថាអនាគតខ្ញុំអាចផ្ញើលើគេបាន។ (ចំណុចនេះមិនមែនរើសយកតែអ្នកមាន តែបើចិញ្ចឹមខ្ញុំមិនរស់ក៏ខ្ញុំមិនយកដែរ)
៙ ពេលម៉ាក់ខ្ញុំដឹងរឿងយើងទាំងពី គេបានមកជួបប៉ាម៉ាក់ខ្ញុំហើយសូមកាអនុញ្ញាតិអោយពួកយើងទាក់ទងគ្នា បញ្ចាក់ថាគេហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ។
៙ ពេលផ្លូវស្ទះហើយមិនអាចជិះឡានជូនខ្ញុំមកផ្ទះបាន គេសុខចិត្តជិះម៉ូតូជូនខ្ញុំមកផ្ទះវិញទាំងភ្លៀង ព្រោះមិនចង់អោយខ្ញុំមកផ្ទះយប់ បញ្ចាក់ថាគេអោយតំលៃខ្ញុំ។
៙ ពេលក្មួយតូច ៗ ខ្ញុំចេញពីរៀនអត់មានអ្នកទៅយក គាត់សុខចិត្តទៅទទួលពួកគេ ទាំងដែលផ្ទះខ្ញុំនឹងសាលាក្មួយនៅសែនឆ្ងាយពីផ្ទះគេ បញ្ជាក់ថាគេជាបុរសម្នាក់ដែលខ្ញុំអាចពឹងផ្អែកបាន។
៙ ពេលខ្លះម៉ាក់គេប្រើពួកយើងអោយទៅយកលុយថ្លៃឥវ៉ាន់ លុយ4-5លាន គេអោយខ្ញុំទុកអោយម៉ាក់គេផង បញ្ជាក់ថាយើងប្រៀបបានដូចគ្រួសារតែមួយទៅហើយ។
៙ មិនថាមានរឿងអីគេតាមចិត្តខ្ញុំរហូត ខ្ញុំចង់បានអី ចង់ញាំអី ចង់ទៅណាក៏ដោយ។
៙ ពេលទៅណាមកណាជាមួយគ្នា ទាំងកាបូបលុយ ហើយនឹងទូរស័ព្ទទាំងពីគឺទុកនៅនឹងខ្ញុំរហូត បញ្ចាក់ថាគេគ្មានស្រីផ្សេង និងធ្វើរឿងរំភើបចិត្តច្រើនណាស់សំរាប់ខ្ញុំ។
ប៉ាម៉ាក់គេរស់នៅតាមខេត្ត គេរស់នៅផ្ទះនៅភ្នំពេញ តែពីនាក់បងស្រីដែលនៅរៀនដូចគ្នា។ ហេតុតែចង់មើលថែគេ ខោអាវគេដែលត្រូវស្លៀកទៅរៀន ខ្ញុំជាអ្នកអ៊ុត ម្ហូបធ្វើហើយសុខចិត្តបើកឡានយកទៅអោយគេដល់ផ្ទះ សែនចិន ឬចូលឆ្នាំ ជួយបោសផ្ទះគេអោយស្អាតកុំអោយត្រូវមាត់ម៉ា់ក់។ ម៉ាក់ប៉ាគេស្រលាញ់ខ្ញុំណាស់ ព្រោះតាំងពីទាក់ទងខ្ញុំមកកូនគាត់ ធ្វើខ្លួនល្អជាងមុន។
តែលើលោកនេះគ្មានអីថាមិនប្រែប្រួលទេ តាំងពីដូសាខាសាលាមកគេប្លែកទៅ ៗ។ កាលពីមុនខលដាស់ ខលរាត្រីសួស្តីមុនគេង ម៉ាថ្ងៃខលមកយ៉ាចតិច ១០ ដង តែក្រោយមកក៏ប្លែកលែងសូវខល។ ចូលចិត្តដើរលេងជាមួយមិត្តភក្កិស្រី ៗ ពេលសួទៅគេឆ្លើយថាទៅធ្វើកិច្ចការសាលា (ធ្វើកិច្ចការសាលា ធ្វើដល់កៀនស្វាយ) ខ្ញុំក៍មិនហ៊ានថាអីដែរខ្លាចគេថាពូកែរប្រច័ណ្ឌ។ ហើយបើ chat ក្នុងហ្វេសប៊ុកវិញ ឃើញដាច់ ៗ មើលមិនយល់ន័យ (ព្រោះគេលុបចោលខ្លះ) បើពីមុនចង់ស្រីស្អាតមកពីណា chat រក ក៏គេមិនដែលឆ្លើយតបដែរ។ ហើយគេលែងសូវលេងជាមួយខ្ញុំដូចមុន លែង Comment លែងសូវ chat លែង post រូបជាមួយខ្ញុំ។ យូរ ៗ ទៅ ខ្ញុំមើលមកខ្លួនឯង ប្រៀបដូចមនុស្សឆ្គួត ដូចជាមនុស្សស្រីដែលព្យាយាមតោងគេតែម្នាក់ឯង។ មានថ្ងៃមួយនោះ ខ្ញុំយកទូរស័ព្ទគេមើល គេប្តូរអស់ហើយ គ្មានរូបខ្ញុំនៅលើ Wallpaper ទៀតទេ ឈ្មោះដែល Save ដាក់ថា Huni និងសំណប់ចិត្ត ប្តូរដាក់ជាឈ្មោះខ្ញុំធម្មតាវិញ រូបរបស់ខ្ញុំគេលុបខ្ទេចគ្មានសល់ សូម្បីតែរូបថតខ្ញុំក្នុងបន្ទប់គេ់ ក៏គេដកចេញដែរ។
ខ្ញុំសួគេថា៖
"ធ្វើអញ្ចឹងធ្វើអី?"
"ទូរស័ព្ទបងរូបច្រើនពេក បង Move ទុកក្នុង Laptopតាស"
"វាមិនដែលទេបង ចុះរឿងឈ្មោះក្នុងទូរស័ព្ទចាំបាច់ដូរ? ម៉េចខ្លាចស្រី ៗអស់ហ្នឹងដឹងថាអូនសង្សារបងឯង? បងឯងធ្វើដូចខ្មាសគេណាស់អញ្ចឹង"
បន្ទាប់ពីនោះមក យើងមានរឿងឈ្លោះគ្នារាល់ថ្ងៃ រហូតដល់ថ្ងៃដែលខ្ញុំមើលឃើញ Chat គេជាមួយស្រីម្នាក់។ ស្រីនោះយករូប សង្សាខ្ញុំនឹងខ្ញុំ (រូបយកពី Account ខ្ញុំ) សួរគេថាខ្ញុំត្រូវជាអីនឹងគេ? ចម្លើយគឺ "សង្សារចាស់ទេ" ពាក្យមួយម៉ាត់នេះល្មមនឹងអោយខ្ញុំដើរចេញបាន ដោយមិនស្តាយពីអនុស្សាវរីដែលធ្លាប់មាន ធ្លាប់យំជាមួយគ្នាព្រោះខ្លាចថ្ងៃអនាគតមិនបាននៅជាមួយគ្នា។ ថ្ងៃដែលបែកគ្នាខ្ញុំយំខ្លាំងណាស់ គេអោបហើយលួងខ្ញុំថា
"បងសូមទោស យើងរាប់អានគ្នាធ្វើបងប្អូនវិញដឹងនៅ?"
មិនថាគេធ្លាប់ធ្វើល្អដាក់ខ្ញុំកំរឹតណា យើងសមគ្នាកំរឹតណា អនុស្សាវរីយ៍ច្រើនដល់កំរឹតណា វាលែងមានន័យហើយនៅពេលដែលទង្វើរបល់គេប្រាប់ថា គេលែងស្រលាញ់ខ្ញុំហើយ ហើយក៏លែងមានតំលៃសំរាប់គេទៀតដែរ។ ទោះពេលនោះចិត្តនៅស្រលាញ់ វាគ្មានន័យដែលត្រូវស៊ូទ្រាំនៅជាមួយមនុស្សប្រុសបែបហ្នឹង រឹតតែមិនអាចអោយគេយក អោយគេយកក្តីស្រលាញ់ដែលខ្ញុំមានចំពោះគេទៅជាន់ឈ្លីបែបហ្នឹងទៀត។
តែឆ្ងាញ់ត្រង់ថាបែកគ្នាបានមួយអាទិត្យ គេក៏យកស្រីម្នាក់នោះធ្វើសង្សាភ្លាម។
មកដល់ពេលនេះ ខ្ញុំក៏មិននឹកនាទៀតដែរ តែស្តាយដែលចំនាយពេលលើមនុស្សខុស។ ពេលខ្លះនឹក ស្តាយដែរ តែបើគិតទៅមិនខ្វះទេមនុស្សល្អ គង់មានថ្ងៃណាមួយខ្ញុំជួបមនុស្សដែលល្អជាងនេះ។ បរាជ័យលើកនេះមិនមែនខ្ញុំអន់ តែព្រោះគេជាមនុស្សប្រុសល្ងង់ ខ្ញុំនឹងរស់នៅអោយល្អជាងមុន ស្អាតជាមុន ពូកែជាងមុន រឹងមាំជាងមុន ហើយអ្នកដែលខ្ញុំស្រលាញ់នៅពេលអនាគត នឹងទទួលបានក្តីស្រលាញ់ដែលគេបានបោះចោលនេះ លើសពីគេ ១០០០ ដង។
កំហុសខ្ញុំគឺ
៚ ពេលដែលគេកែខ្លួនដើម្បីខ្ញុំ មិនដឹងគេត្រូវចោលមនុស្សស្រីបុន្មាននាក់ដើម្បីខ្ញុំតែម្នាក់ ហើយខ្ញុំបែជាមោទនភាព ហើយភ្លេចថា គេចោលពួកនាងបាន គេក៏ចោលខ្ញុំបានដូចគ្នា។
៚ គេនាំខ្ញុំអោយស្គាល់គ្រួសារគេ មិនមែនមានន័យថាគេនឹងស្រលាញ់ខ្ញុំរហូតឯណា !
0 comments:
Post a Comment