
ស្រ្តីវ័យ ៤៣ឆ្នាំ ម្នាក់ឈ្មោះ Li Lijuan រស់នៅក្នុងភូមិ Shangquan ខេត្ត Hebei បានចំណាយពេលរបស់ខ្លួនជាង ២០ឆ្នាំ ចិញ្ចឹមក្មេងអនាថាជាង ១០០នាក់។ ប៉ុន្តែឥឡូវនេះ អ្នកស្រីកំពុងជួបប្រទះការលំបាកខ្លាំង រឿងលុយ និងបញ្ហាសុខភាព។

អ្នកស្រី Li ត្រូវបានរកឃើញថា មានជំងឺមហារីកកាលពី ៦ ឆ្នាំមុន ដែលធ្វើឲ្យអ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងថាតើនរណានឹងមើលថែក្មេងៗអនាថាទាំងនោះបន្ទាប់ពីអ្នកស្រី។
រឿងរ៉ាវរបស់អ្នកស្រីបានកើតឡើងកាលពីអ្នកស្រី មានវ័យ ២៧ឆ្នាំ ខណៈពេលធ្វើដំណើរទៅអណ្តូងរ៉ែថ្មី អ្នកស្រីបានប្រទះក្មេងស្រីម្នាក់កំពុងសុំទាននៅតាមផ្លូវ។ ភ្លាមៗអ្នកស្រី ក៏បានទទួលក្មេងនោះទៅផ្ទះ និងមើលថែរក្សា។ ចាប់តាំងពីពេលនោះមក ក្មេងអនាថាជាច្រើនត្រូវបានបញ្ជូនទៅផ្ទះរបស់អ្នកស្រី រហូតធ្វើឲ្យអ្នកស្រីបង្កើតភូមិមួយឈ្មោះថា "Compassion Village"។

ឥឡូវនេះ ដោយសារតែមានមាត់ច្រើនណាស់ដែលត្រូវចិញ្ចឹម អ្នកស្រី Li បានតស៊ូយ៉ាងខ្លាំងដើម្បីរកប្រាក់។ ថ្វីបើកាលៈទេសៈ និងសុខភាពមិនល្អក៏ដោយ អ្នកស្រីនៅតែបន្តធ្វើការដោយស្នាមញញឹម។ ជារៀងរាល់ព្រឹក អ្នកស្រី បានបញ្ជូនក្មេងៗដែលដល់អាយុសិក្សា ទៅសាលា៧ និងជិះឡានក្រុងបីផ្សេងគ្នា។

បញ្ជាក់ថា អ្នកស្រី Li បានចាប់ផ្ដើមធ្វើជំនួញរបស់ខ្លួនតាំងពីអំឡុងឆ្នាំ ១៩៩០ ដោយបានទិញ និងលក់សម្លៀកបំពាក់ និង DVD។ អ្នកស្រីបានរៀបការនៅអាយុ ១៧ឆ្នាំ និងមានកូនម្នាក់។ នៅអាយុ ២០ ឆ្នាំអ្នកស្រី ចាប់ផ្ដើមល្បីឈ្មោះនៅក្នុងភូមិ ថាជាអ្នកមាន និងជោគជ័យខ្លាំងក្នុងជំនួយរបស់ខ្លួន។
យោងតាម China Daily បានឲ្យដឹងថា ពីឆ្នាំ ២០១៥មក អ្នកស្រី Li បានជំពាក់បំណុលជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកស្រីបដិសេធមិនព្រមបោះបង់ក្មេងអនាថាទាំងនោះ និងតស៊ូរស់នៅជាមួយជំងឺមហារីកផងដែរ៕






0 comments:
Post a Comment