Friday, February 2, 2018

ទឹកចិត្តគ្រូពេទ្យ! ខំប្រឹងធ្វើការលើសម៉ោង ទាំងមិនបានសម្រាកខ្លួន រហូតដល់ស្លាប់មុខអ្នកជំងឺដោយសារតែ…



ចិន៖

 គ្រូពេទ្យស្រីវ័យ៤០ផ្លាយ ជនជាតិចិនម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយអស់កម្លាំងក្នុងខ្លួន ដួលបោលក្បាល ដោយសារធ្វើការលើសម៉ោង ហត់នឿយមិនបានសម្រាក។

អ្នកគ្រូពេទ្យខាងលើនេះ មានឈ្មោះថា

 Zhao Bianxiang

 អាយុ៤៣ឆ្នាំ គឺជាគ្រូពេទ្យឯកទេស និងជាអនុប្រធាននាយកដ្ឋានផ្នែកផ្លូវដង្ហើមម្នាក់ ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយអ្នកគ្រូពេទ្យរូបនេះ បានវិលមុខដួលនៅចំពោះមុខអ្នកជំងឺ (ក្នុងបន្ទប់សម្រាកមួយរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ) កាលពីថ្ងៃសុក្រ ទី២៩ ធ្នូ ឆ្នាំ២០១៧កន្លងទៅ។

ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតគាត់បាន ទីបំផុតអ្នកគ្រូពេទ្យ Zhao ក៏បានទទួលមរណៈភាពត្រឹមអាយុ៤៣ឆ្នាំនេះ តែម្តង។

នៅថ្ងៃកើតហេតុ អ្នកគ្រូពេទ្យZhao ត្រូវបានគេរាយការណ៍ថា គាត់បានចាប់ផ្តើមធ្វើការ តាំងតែពីម៉ោង៦ល្ងាច ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៧កន្លងទៅ តជាប់គ្នារហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃបន្ទាប់ ទី២៩ ធ្នូ ទាំងមិនបានសម្រាក សរុបទាំងអស់១៨ម៉ោងឯណោះ។

ដោយសារតែ ធ្វើការច្រើនម៉ោងនេះហើយ ទើបធ្វើឲ្យអ្នកគ្រូពេទ្យ Zhao អត់ងងុយ ហត់នឿយអស់កម្លាំងក្នុងខ្លួន បណ្តាលឲ្យគាត់វិលមុខដួល ដាច់សរសៃឈាមខួរក្បាលស្លាប់តែម្តង។




បើយោងតាមការឲ្យដឹង ពីសំណាក់គ្រូពេទ្យរួមការងារ ជាមួយនឹងអ្នកគ្រូពេទ្យ Zhao បានអះអាងថា Zhao គាត់គឺជាគ្រូពេទ្យម្នាក់ ដែលមានជំនាញឯកទេសខាងផ្លូវដង្ហើម និងជំងឺកុមារ។ គាត់គឺជាបុគ្គលម្នាក់ ដែលគោរពនិងឲ្យតម្លៃ ទៅលើការងារយ៉ាងខ្លាំង ហើយក៏ជាគ្រូពេទ្យស្រីម្នាក់ ដែលមានភាពមមាញឹកច្រើនជាងនរណាៗទាំងអស់ ប្រចាំនៅក្នុងមន្ទីរពេទ្យថែមទៀតផង។
ចំពោះការស្លាប់របស់អ្នកគ្រូពេទ្យ Zhao ក្រុមគ្រូពេទ្យជាច្រើនជឿជាក់ថា អាចបណ្តាលមកពីគាត់មិនបានសម្រាកគ្រប់គ្រាន់ ព្រោះតែធ្វើការលើសម៉ោងច្រើនពេក។ ម្យ៉ាងប៉ុន្មានថ្ងៃចុងក្រោយនេះ ខាងមន្ទីរពេទ្យទទួលបាន អ្នកជំងឺចេញចូលច្រើនទៀត ដោយសារតែជារដូវរងា ដូច្នេះហើយបញ្ហាផ្លូវដង្ហើម ក៏កើតមានច្រើនដែរ។

អ្នកគ្រូពេទ្យ Zhao ក៏ធ្លាប់បានប្រាប់ទៅកាន់មិត្តរួមការងារដែរថា គាត់មិនហ៊ានសូម្បីតែសម្រាក ដោយសារតែ មានតួនាទីត្រូវរង់ចាំមើលថែទាំអ្នកជំងឺ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមនៅចិនជាច្រើន បាននាំគ្នាសម្ដែងការសោកស្តាយយ៉ាងខ្លាំង និងបានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់អ្នកគ្រូពេទ្យ Zhao ដោយទឹកចិត្តដ៏ប្រពៃរបស់គាត់ផងដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់ បានសរសេរបញ្ចេញមតិថា 

«សូមចូលរួមរំលែកទុក្ខផង សង្ឃឹមថានឹងគ្មានពេលវេលាបន្ថែមទៀត (ការងារលើសម៉ោង) និងភាពអស់កម្លាំងសម្រាប់អ្នក នៅឯឋានសួគ៌។ សូមបួងសួងដល់អ្នកដែលខិតខំធ្វើការងារ យ៉ាងលំបាករាល់ថ្ងៃនេះ ទទួលបាននូវសុខភាពល្អ និងសុខសុវត្ថិភាព ទាំងអស់គ្នាផងចុះ!»

 ៕




0 comments:

Post a Comment