
សិល្បៈនៃការមើលបាតដៃគឺជាវិធីចាស់បុរាណមួយដែលបង្ហាញអំពីអនាគត និងប្រភេទអត្តចរិករបស់មនុស្ស។ ការមើលបាតដៃនេះគឺពិនិត្យមើលរូបរាងរបស់ដៃជាគោលដើម្បីប្រមើលមើលពីនិស្ស័យរបស់មនុស្ស។ ដោយសារតែមនុស្សមានបុគ្គលិកលក្ខណៈផ្សេងៗក្នា ដូចនេះគេក៏បានបែងចែករូបរាងបាតដៃជា៥ប្រភេទផងដែរ។

ដោយសារតែវិធីមើលបាតដៃនេះជាវិធីរបស់ចិន ដូចនេះហើយការបែងចែករូបរាងនៃបាតដៃក៏បានប្រើឈ្មោះនៃធាតុទាំង៥ ដែលរួមមាន ទឹក ភ្លើង ដី ឈើ និងដែក។ ខាងក្រោមនេះគឺជារូបរាងនៃបាតដៃ និងនិស្ស័យរបស់ម្ចាស់បាតដៃ។ តើមួយណាជារបស់អ្នក?

១. បាតដៃដី
មនុស្សដែលមានបាតដៃដីមានបាតដៃ និងម្រាមដៃក្រាស់ៗ ហើយមេដៃក៏ក្រាស់ និងមានសាច់ច្រើនផងដែរ។ ពួកគេមានកដៃធំៗ ដែលមើលទៅសាកសមជាមួយនឹងបាតដៃរបស់គេផងដែរ។
មនុស្សដែលមានបាតដៃដីនេះ ជាមនុស្សដែលមានចរិកធម្មជាតិ ដាក់ខ្លួន មិនចេះក្អេងក្អាងនោះទេ។ ពួកគេតែងតែផ្សាភ្ជាប់នឹងប្រភពរបស់ពួកគេ មានន័យថាបើទោះជាពួកគេបានថ្កុំថ្កើនប៉ុណ្ណាក៏ពួកគេមិនដែលភ្លេចពីប្រភពកំណើតរបស់គេដែរ។ ពួកគេជាមនុស្សខិតខំធ្វើការ សុភាពរាបសារ និងចូលចិត្តចុះសម្រុងជាមួយអ្នកដទៃ។ ពួកគេជាមនុស្សដែលសប្បាយ រីករាយ និងគួរឱ្យស្រលាញ់។
មនុស្សដែលមានបាតដៃដីនេះជាមនុស្សដែលឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាប្រភេទមនុស្សដែលមានមនោសញ្ជេតនាខ្ពស់។ ពួកគេជាមនុស្សដែលស្រលាញ់ដោយមិនចាំបាច់មានហេតុផល និងតែងតែជួយយកអាសារដល់អ្នកដទៃជានិច្ច។

២. បាតដៃភ្លើង
មនុស្សដែលមានបាតដៃភ្លើងមានបាតដៃ និងម្រាមដៃវែងៗ។ ក្រចករបស់ពួកគេវែង ប៉ុន្តែគន្លាក់ដៃរបស់គេពិបាកក្នុងការរកបន្តិច។

មនុស្សដែលមានបាតដៃភ្លើងជាមនុស្សដែលមានមហិច្ឆិតា និងមានការគិតឆាប់រហ័ស។ ពួកគេតែងតែប្រយ័ត្នប្រយែងជាមួយមជ្ឈដ្ឋានជំុវិញខ្លួន ហើយខួរក្បាលរបស់គេតែងតែធ្វើការជានិច្ច។ ពួកគេជាមនុស្សដែលមានថាមពល និងកម្លាំងខ្លាំង។ ជាងនេះទៅទៀត ពួកគេច្បាស់ណាស់ជាមួយនឹងអ្វីដែលពួកគេចង់បាន និងមិនចង់បាននៅក្នុងជីវិតរបស់ពួកគេ ដែលធ្វើឱ្យគេងាយក្នុងការសម្រេចចិត្តបានច្បាស់។
ពួកគេសម្រេចចិត្តបានឆាប់រហ័ស ដោយសារតែពួកគេមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនមែនមានន័យថាពួកគេឆ្មើងនោះទេ។ ការសម្រេចរបស់ពួកគេគឺល្អិតល្អន់ និងចំៗចំណុច។ នេះក៏មានន័យថាពួកគេនឹងរើសគូរស្រករបន្តិច និងមិនមានមនុស្សច្រើននៅក្នុងជីវិតរបស់ពួកគេនោះទេដោយសារតែពួកគេមិនខ្ជះខ្ជាយពេលវេលា និងថាមពលទៅលើអ្វីដែលមិនចាំបាច់នោះទេ។
៣. បាតដៃទឹក
មនុស្សដែលមានបាតដៃទឹកមានបាតដៃរលោង ប៉ុន្តែម្រាមដៃរាងរួញបន្តិច។ ក្រចកមានរាងវែង ហើយគន្លាក់ម្រាមដៃមើលមិនសូវឃើញនោះទេ។ ក្រយ៉ៅដៃរបស់មនុស្សដែលមានបាតដៃទឹកច្រើនតែមានរាងមូល។

មនុស្សដែលមានបាតដៃទឹកជាមនុស្សដែលមានទេពកោលស្្យខ្ពស់ និងពូកែក្នុងការសម្របខ្លួនគ្រប់កាលៈទេសៈដូចជាទឹកចូលទៅក្នុងបំពង់អញ្ចឹង។ ពួកគេជាមនុស្សពូកែសង្កេត និងពូកែទំនាក់ទំនង។ ពួកគេជាមនុស្សដែលមានសមត្ថភាពក្នុងការលាក់ការខ្ពស់ ដែលមានន័យថាពួកគេពូកែរក្សាការសំងាត់។
មនុស្សដែលមានបាត់ដៃទឹកជាមនុស្សឧស្សាហ៍ព្យាយាម មិនងាយវាយតម្លៃអ្នកដទៃ និងងាយទទួលយកអ្នកដទៃ។ ពួកគេចិត្តល្អ និងតែងតែទទួលយកនូវអ្វីដែលអ្នកដទៃមានដោយមិនមានការតវ៉ានោះទេ។ ពួកគេស្រលាញ់រាល់ទំនាក់ទំនងដែលពួកគេមាននៅក្នុងជីវិត និងការពារនូវអ្វីដែលជារបស់គេក្នុងរយៈពេលយូរអង្វែង។ ប៉ុន្តែបើនិយាយពីការស្រលាញ់ ពួកគេជាមនុស្សដែលការពារ តែមិនហួងហែងទេ ដែលជាលក្ខណៈដ៏កម្រដែលអ្នកដទៃមិនងាយមាន។
៤. បាតដៃឈើ
បាតដៃឈើមានរាងវែង ស្គម និងបង្ហាញចេញនូវឆ្អឹងយ៉ាងច្បាស់។ គន្លាក់ដៃបង្ហាញយ៉ាងច្បាស់ ហើយឆ្អឹងស្គមៗក៏ងាយនឹងមើលឃើញដែរ

មនុស្សដែលមានបាតដៃឈើជាមនុស្សពូកែច្នៃប្រឌិត។ គំនិតរបស់ពួកគេប្លែកៗ ហើយតែងតែសង្កេតគ្រប់រឿងយ៉ាងលម្អិតនៅពេលដែលពួកគេត្រូវបង្កើតអ្វីមួយ។ ដោយសារតែទេពកោសល្យនៃការច្នៃប្រឌិត ពួកគេចូលចិត្តរស់នៅក្នុងពិភពលោករបស់ពួកគេ និងថែរក្សាខ្លួនគេ។ ពួកគេមិនងាយនឹងស្រលាញ់អ្នកដទៃទេ តែបើគេស្រលាញ់ហើយគឺស្រលាញ់ខ្លាំងតែម្តង។
មនុស្សបាតដៃឈើជាមនុស្សដែលប្រើអារម្មណ៍ខ្ពស់ពីធម្មជាតិ។ ដោយសារតែពួកគេជាមនុស្សច្នៃប្រឌិត អារម្មណ៍របស់ពួកគេដើរតួរយ៉ាងសំខាន់ក្នុងការច្នៃប្រឌិតរបស់ពួកគេនោះ។ ពួកគេអាចនឹងក្បាលរឹង និងឆេវឆាវ ប៉ុន្តែពួកគេចិត្តល្អ មានទឹកចិត្តកក់ក្តៅពីកំណើត។ ពួកគេមិនសូវឱ្យមានមនុស្សច្រើនចូលមកក្នុងជីវិតរបស់ពួកគេទេ តែបើគេឱ្យចូលគឺច្បាស់ជាមនុស្សដែលសំខាន់សម្រាប់គេហើយ។
៥. បាតដៃដែក
បាតដៃដែកមានក្រចកដៃ បាតដៃ និងម្រាមដៃរាងការ៉េ។ បាតដៃរបស់ពួកគេទន់ និងមានសាច់ច្រើន។ ពួកគេងាយស្រួលក្នុងការចំណាំដោយបាតដៃក្រាស់ និងមានរាងជ្រុងៗ។

មនុស្សដែលមានបាតដៃដែកជាមនុស្សដែលមាននិស្ស័យជាមេដឹកនាំ អ្នកជំនួញ និងតែងតែមានហេតុផលដ៏គួរឱ្យសមរម្យ។ ពួកគេចូលចិត្តស្តាប់ហេតុផល និងធ្វើការសន្និដ្ឋាន។ ពួកគេដឹកនាំដោយធ្វើជាគម្រូដល់អ្នកដទៃ និងតែងតែធ្វើអ្វីដែលមានយុត្តិធម៌។ ពួកគេជាមនុស្សដែលមិនឱ្យមានការលំអៀងក្នុងការសម្រេចចិត្តរបស់ពួកគេនោះទេ ហើយពួកគេក៏មានការអំណត់អត់ធ្មត់ខ្ពស់ផងដែរ។
មនុស្សដែលមានបាតដៃដែកតែងតែស្រលាញ់អ្នកដទៃដោយផ្តោតទៅលើសមត្ថភាពរបស់ដៃគូររបស់គេ។ ពួកគេដឹងច្បាស់នូវអ្វីដែលពួកគេចូលចិត្ត និងមិនចូលចិត្តជាហេតុធ្វើឱ្យពួកគេមានការប្រុងប្រយ័ត្នខ្ពស់។ មនុស្សប្រភេទនេះអាចធ្វើរឿងច្រើនក្នុងពេលតែមួយ និងអាចអូសទាញអ្នកដទៃឱ្យដើរតាមជាជាងជិះជាន់អ្នកដទៃ៕
ប្រភព khnote
0 comments:
Post a Comment