
ក្រុមចោរប្លន់ធនាគារមួយនៅប្រទេសចិន ក្រុមចោរបានចូលមកហើយក៏ស្រែកថា ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក! ពេលនោះ មនុស្សទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។
"នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាលៈទេសៈ "


បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដេកលើតុ ក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តាធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីចោរប្លន់ មិនមែន ចាប់រំលោភទេ។
"នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ។ មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន"
នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែល រៀនបានត្រឹមថ្នាក់ទីប្រាំ៦ ថា


"តោះរាប់លុយ! តើយើងប្លន់បានប៉ុន្មាន?"
ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖
"ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី? ចាំមើលទូរទស្សន៍ទៅគេប្រាប់ ថាប្លន់បានប៉ុន្មានហើយ!"
"នេះហៅថា បទពិសោធន៍! សព្វថ្ងៃនេះបទពិសោធន៍ មានប្រយោជន៍ជាងសញ្ញាបត្រ័ ដែលត្រឹមតែជាក្រដាស់មួយសន្លឹក"
បន្ទាប់មកប្រធានធនាគារបានប្រាប់ Manager ឲ្យតេរកប៉ូលីសភ្លាមៗ! ប៉ុន្តែបានប្រាប់បន្ថែមថា
"យើងយក៨០លានទុកចាយទៅ ហើយប្រាប់ប៉ូលីសថាបាត់អស់ ១០០លាន"។
"នេះហៅថា រុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយ យកថែមខ្លះទៅ"
ពេលនោះប្រធានធនាគារបាននិយាយថា "ប្រសិនបើមានចោរប្លន់ រាល់ខែមិនដឹង ជាល្អយ៉ាងណា?"
"នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក។ យកសេចក្តីសុខខ្លួន មកអង្គុយលើ ទឹកភ្នែកអ្នកដទៃ។"
នៅព្រឹកបន្ទាប់ ទូរទស្សន៍បាយ័នក៏បានផ្យាយក្នុងកម្មវិធីព័ត៌មានសន្តិសុខដែលអានដោយពិធីករ លោក ឡាយោ ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន ១០០លាន។ ពេលនោះពួកចោរក៏បានរាប់លុយ ហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា
"ពួកយើងប្តូរ ជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងបិុចសោះ យកបានដល់ទៅ ៨០លាន។ មើលទៅមានចំណេះដឹង គឺសាហាវជាងធ្វើចោរទៀត"។
នោះហៅថា ចំណេះវិជ្ជាជាមាសប្រាក់។
ពេលនោះប្រធានធនាគារ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើន ទៅសងបំណុលដែលជំពាក់គេ។
"នេះហៅថា ចេះប្រើប្រាស់ឳកាស និង ហ៊ានប្រថុយនឹងគ្រោះថ្នាក់។"
នៅក្នុងសាច់រឿងខាងលើ តើនរណាដែលជាចោរប្លន់ពិតប្រាកដ?
សូមអាន "រឿងចោរប្លន់ធនាគារ"
ហើយគិតមើលថាតើនៅក្នុងសាច់រឿងខាងក្រោម តើនរណាដែលជាចោរប្លន់ពិតប្រាកដ?

ផ្ដល់សិទ្ធ : សួង ម៉ាក់
ប្រភព : Archphkai
រឿងរ៉ាវកើតឡើងលឿនហួសពីអ្វី ដែលខ្ញុំអាចត្រៀមកាយត្រៀមចិត្ត បានទៅទៀត ព្រោះពេលដែលខ្ញុំដើរជ្រែកហ្វូងមនុស្ស ចេញពីធនាគារមកដល់រថយន្ត ចាក់សោចូលទៅអង្គុយកន្លែងបើក មិនទាន់បានបិទទ្វារផង ស្រាប់តែមានបុរសម្នាក់មកប្រាកដខ្លួន យ៉ាង ស្ងាត់ៗនៅក្បែររថយន្តរបស់ខ្ញុំ ហើយលូកដៃទាញទ្វារចូលមកអង្គុយក្បែរខ្ញុំ ធ្វើដូចមិត្តភក្តិស្និទ្ធស្នាលនឹងគ្នារាប់សិបឆ្នាំ។
ខ្ញុំភ្ញាក់ព្រើត បេះដូងលោតខុសចង្វាក់មួយរំពេច។ ឯងចង់យ៉ាងម៉េច ជាមួយយើងវ៉ឺយ!!
«បើកឡានចេញភ្លាម!» គេសម្លុតបញ្ជា ព្រមទាំងផ្តេកពូកឡានទៅក្រោយឲ្យទាបជាងមុន។ ខ្ញុំទើបតែសង្កេតឃើញថា ដៃម្ខាងរបស់គេ ដាក់នៅក្នុងថង់ក្រដាសកាតុងពណ៌ត្នោត ដែលទុកនៅលើភ្លៅ។ នៅក្នុងនោះ អាចមានកាំភ្លើងខ្លី ដែលអាចបាញ់បំបែកក្បាលខ្ញុំបានគ្រប់ពេល! ចុះនរណាទៅហ៊ានប្រថុយ??
ខ្ញុំឈ្ងោកមើល ថង់ក្រដាសកាតុងពណ៌ត្នោត នៅលើភ្លៅខ្លួនឯងម្តង។ វាជាថង់ដែលមានតម្លៃថោកៗ រកទិញបានងាយ និងមានលក្ខណៈស្រដៀងគ្នា នឹងថង់របស់ជនពាលម្នាក់នេះដែរ។ ខ្ញុំលួចដកដង្ហើមស្រាលៗ ដោយក្តីកង្វល់ រួចប្រឹងជាន់ហ្គែរសន្សឹមៗស៊ីញ៉ូភ្លើងបត់ស្តាំ បញ្ជារថយន្តចេញយឺតៗ ខួរក្បាលវិលវល់តែនឹងរឿងរកវិធីកែប្រែស្ថានការណ៍។
«ចង់ពន្យារពេលឬ?» គេកម្រើកដៃម្ខាងដែលនៅក្នុងថង់។ ខ្ញុំគិតថា នឹងមានសំឡេងលាន់ក្រឹក របស់កៃកាំភ្លើង តែ… ក៏គ្មាន។
ពិតជាល្ងង់ណាស់ ប្រសិនបើអ្នកព្រមចុះចាញ់ជនពាល ដែលភ្ជង់អ្នកនឹងដបទឹកបរិសុទ្ធ។
ខ្ញុំបញ្ជារថយន្ត ធ្វើដំណើរបន្តចូលទៅក្នុងចរាចរណ៍លើដងវិថីមួយ។ មើលតាមកញ្ចក់ក្រោយ ឃើញក្រុមអ្នកទោស ស្លៀកពាក់ឯកសណ្ឋានខោខ្លី អាវដៃខ្លីពណ៌ខៀវរាប់សិបនាក់ កំពុងបំបែកគ្នាស្តារលូទឹក ដោយមានប៉ូលីសចាំត្រួតត្រា កំពុងឈរជុំក្បាលគ្នាជក់បារីសើចក្អាកក្អាយ នៅក្បែរសួនច្បារសាធារណៈ។ ការត្រួតត្រាមិនសូវតឹងរឹងប៉ុន្មានទេ បញ្ជាក់ថា ពួកនេះប្រហែលជាក្រុមអ្នកទោសលំដាប់ថ្នាក់គ្រាន់បើមិនខាន។
«ឯងជាអ្នកទោសឬ?» សំឡេងខ្ញុំស្ងួត ព្រោះតែភ័យខ្លាំងពេក ទើបត្រូវគ្រហែមតិចៗមុនពេលនិយាយ។
គេមិនឆ្លើយ វាយទឹកមុខស្មើ ព្យាយាមអង្កុញខ្លួនចុះក្រោម ដើម្បីគេចពីខ្សែភ្នែករបស់ប៉ូលីសត្រួតត្រា។ មើលទៅគេ ជាមនុស្សចិត្តត្រជាក់ខ្លាំងណាស់ ហើយការពិត ខ្ញុំក៏មិនចាំបាច់សួរសំណួរដ៏ភ្លីភ្លើនេះដែរ ព្រោះឯកសណ្ឋានដែលគេកំពុងស្លៀកពាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ទៅហើយ។
«បើកឲ្យលឿនជាងនេះ!» គេបញ្ជា។
«ទៅផ្លូវណា?»
«ចេញពីទីប្រជុំជន!»
រថយន្តបង្កើនល្បឿនទៅមុខលឿនជាងមុន។ ខ្ញុំបត់ឆ្វេងចូលតាមច្រកផ្លូវតូចៗ ឮសំឡេងសឺរ៉ែនឡានប៉ូលីសបើកលឿនដូចព្យុះ សម្រុកចេញពីអង្គភាពរាជធានី តាមមាត់ផ្លូវធំមិនឆ្ងាយប៉ុន្មាន។ ប្រហែលជាបានទទួលដំណឹងមិនខាន! ខ្ញុំគិតក្នុងចិត្ត។ បុរសប្លែកមុខ អើតក្បាលលឹមៗងាកទៅមើល។ កាយវិការនោះ ប្តូរទៅជាតានតឹងមួយរំពេច។ លុះរថយន្តបើកចេញមកឆ្ងាយបន្តិច ទើបគេសម្តែងអាកប្បកិរិយាធូរទ្រូងឡើងវិញ។
តាមផ្លូវស្រឡះល្អ ល្មមអាចឲ្យខ្ញុំងាកទៅមើលបុគ្គល ដែលចូលមកឈ្លានពានបានយ៉ាងពេញភ្នែក។ ខ្ញុំដាក់ឈ្មោះឲ្យគេថា អ្នកទោសកំលោះវ័យ២៥ឆ្នាំ។ គេមានមាឌធំក្រអាញ សម្បុរខ្មៅស្រគាំ សក់រួញដុះរ៉ុយៗ មើលទៅរឹងមាំ ក្លៀវក្លាបែបអ្នកលេង។ រូបរាងមុខមាត់ មានលក្ខណៈស្រដៀងខ្ញុំច្រើនផ្នែកដែរ បើប្រាប់ថា ជាបងប្អូននឹងគ្នា គ្រប់គ្នាប្រាកដជាជឿ។
ខ្ញុំហុចបារីកញ្ចប់ទក់ៗឲ្យទៅគេ មុននឹងដកមួយដើមយកមកជក់ខ្លួនឯង។ គេយកដៃចេញពីក្នុងថង់ ទទួលយកបារីយ៉ាងក្រហល់ក្រហាយដូចមនុស្សញៀនថ្នាំ។ ខ្ញុំសង្កេតឃើញថា វត្ថុនៅក្នុងថង់នោះ មានទម្ងន់គួរសម អាចជាកាំភ្លើង ឬដុំថ្ម ដែលខ្ញុំមិនហ៊ានប្រថុយប្រថានទេ លើកលែងគ្មានការចាំបាច់។
«ហេតុអ្វីបានជាឯងជាប់គុក?»
គេងាកមកសម្លឹងមុខខ្ញុំមួយភ្លែត ហើយឆ្លើយដោយមិនខ្ចីមើលមុខ។
«ប្លន់!»
ពុទ្ធោពុទ្ធំ…!!! ចម្លើយនោះ ធ្វើឲ្យខ្ញុំចាប់ផ្តើមបែកញើសចេញគ្រាប់ធំៗនៅលើថ្ងាស ទទួលអារម្មណ៍ថា ថង់ក្រដាសនៅលើភ្លៅខ្លួនឯង កំពុងក្លាយជាដុំភ្លើងក្តៅឆៀបៗ។ តើគេដឹងឬអត់ថា នៅក្នុងថង់នេះ មានលុយចំនួនប៉ុន្មាន? គេបានតាមដានមើលខ្ញុំតាំងពីចេញពីធនាគារ ឬគ្រាន់តែជាការជួបដោយចៃដន្យ?
ខ្ញុំនឹកបន់ស្រន់ សូមឲ្យជាចំណុចចុងក្រោយនេះទៅចុះ! បើពិនិត្យមើលទៅ ថង់នេះគ្រាន់តែជាថង់សំរែៗធម្មតា ដែលមនុស្សភាគច្រើនគិតថា គ្មាននរណាឆ្កួតយកលុយដប់ម៉ឺនដុល្លារ មកដាក់ក្នុងថង់បែបនេះទេ។ តែអាឆ្កួតម្នាក់នោះ គឺអ្នកដែលកំពុងបើកឡាននៅពេលនេះឯង!
រថយន្តបើកវាងវង់ចុះឡើង រហូតមកដល់ផ្លូវធំម្តងទៀត។ អ្នកទោសកំលោះ បញ្ឈរពូកអង្គុយឲ្យត្រង់ ងាកមើលជុំវិញខ្លួនដើម្បីកំណត់ទិសដៅ។
«ផ្លូវណា?»
«ផ្លូវទៅខេត្តកំពង់ឆ្នាំង។»
«ល្អ… បើកត្រង់ៗទៅមុខរហូតទៅ តែត្រូវប្រើផ្លូវដែលស្ងាត់បំផុត!»
កម្តៅព្រះអាទិត្យនៅខាងក្រៅ ជះចំហាយចូលមកក្នុងរថយន្ត រហូតម៉ាស៊ីនត្រជាក់ទប់ទល់លែងឈ្នះ។ ក្លិនញើសផ្សំនឹងទឹកលូជាប់នៅលើដៃនិងជើង ភាយលាយឡំគ្នា ដូចមានត្រីងៀតហាលនៅក្នុងឡាន។ តាមសងខាងផ្លូវ ជាផ្ទះអ្នកភូមិឆ្លាស់គ្នាជាមួយវាលស្រែ និងសួនបន្លែ ដែលមានស្លាកស្នាមនៃការខូចខាតដោយសារទឹកជំនន់។ យើងអង្គុយស្ងៀមស្ងាត់ដោយភាពតានតឹង អស់ពេលមួយសន្ទុះធំ។ ខ្ញុំឈ្ងោកមើលថង់ក្រដាស នៅលើភ្លៅខ្លួនឯងជាច្រើនលើកជាច្រើនសា រហូតក្លាយជាពិរុទ្ធដោយមិនអាចចៀសផុតបាន។ តែសំណាងល្អ ដែលវារវល់តែចាប់អារម្មណ៍នឹងកញ្ចក់ឡានខាងក្រៅ ដើម្បីពិនិត្យមើលថាមានរថយន្ត ប៉ូលីសតាមមកឬអត់?
តើវាត្រូវការអ្វី? នេះជាសំណួរដែលនៅវិលវល់ក្នុងខួរក្បាលរបស់ខ្ញុំរហូតមក។ បើមើលពិភពលោកក្នុងផ្លូវល្អបំផុតនោះ គឺប្រហែលជាវាឲ្យខ្ញុំជូនទៅកន្លែងដែលអាចគេចផុតពីខ្សែភ្នែកប៉ូលីសបាន។ តែបើគិតមកផ្លូវអាក្រក់វិញ គឺវានាំខ្ញុំទៅដុតសម្លាប់ចោល ដើម្បីប្លន់យកលុយដប់ម៉ឺនដុល្លារ នៅលើភ្លៅនេះ។ បេះដូងស្ទើរតែលោតចេញតាមប្រហោងមាត់ ពេលគិតដល់ចំណុចចុងក្រោយនេះ។
ចុះបើអាវុធ ដែលវាកំពុងកាន់នៅក្នុងថង់មិនមែនជាកាំភ្លើង? យើងប្រហែលជាប្រវាយប្រតប់គ្នាដោយដៃទទេ។ ខ្ញុំដៀងភ្នែកមើលកម្ពស់កម្ពររបស់វា ដើម្បីប្រៀបធៀបកម្លាំងគ្នា។ វាប្រហែលជាទាបជាងខ្ញុំ បួនឬប្រាំសង់ទីម៉ែត្រ តែសរសៃឈាមខៀវស្រងាត់ត្រង់គល់ក និងដើមដៃបញ្ជាក់ឲ្យដឹងថា វារឹងមាំជាងខ្ញុំឆ្ងាយណាស់។ ភ្នែកមុតពណ៌ត្នោតចាស់ មានស្នាមសម្លាកតូចៗពីរបីកន្លែងនៅលើថ្ពាល់។
ខ្ញុំប្រញាប់រកនឹកមើលលទ្ធភាពរបស់ខ្លួនឯងយ៉ាងច្រួលច្រាល។ ក្រៅពីប្រាក់ដប់ម៉ឺនដុល្លារពីធនាគារក្នុងថង់ក្រដាស ខ្ញុំនៅមានថ្មមួយដុំ ដែកជើងក្អែក និងដែកដងវែងសម្រាប់ ប្តូរកង់រថយន្ត ដែកគ្រីប និងខ្សែទង់ដែងសរសៃធំមួយចង្វាយសម្រាប់បញ្ចូលភ្លើង ដែលអាចប្រើសម្រាប់រឹតកបាន បើមានឱកាស!
អ៎… កាំបិត… ពិតមែនហើយ! ព្រះអើយជួយផង… ខ្ញុំមានកាំបិតចិតផ្លែឈើមុខស្រួចមួយនៅក្នុងថតទុកសម្ភារៈក្បែរដៃ ប្រវែងប្រហែលមួយចម្អាម មិនមុតប៉ុន្មានទេ តែអាចប្រើសម្លាប់មនុស្សបាន! ខ្ញុំប្រឹងក្តាប់ចង្កូតឡានរហូតឈឺដៃ នៅពេលនឹកទៅដល់ ការប្រតាយប្រតប់គ្នា។
រំពេចនោះ ហេតុការណ៍ស្មានមិនដល់ក៏កើតឡើង។ ខណៈដែលខួរក្បាលខ្ញុំកំពុងវិលវល់នឹងការរកមធ្យោបាយយករួចខ្លួន រថយន្តដឹកទំនិញខាងមុខ ក៏បង្អង់ល្បឿនយ៉ាងឆាប់ រហ័ស។ សភាវគតិ បញ្ជាខ្ញុំឲ្យជាន់ហ្វ្រាំងមួយអស់ជើង។ រថយន្តឈប់យ៉ាងទាន់ហន់ស្ទើរដាំក្បាល តែទោះយ៉ាងនោះក្តី កម្លាំងអូសនៅតែទាញរថយន្តឲ្យរំកិលទៅខាងមុខ។ កង់រថយន្តកកិតនឹងថ្នល់កៅស៊ូលាន់សូរគ្រូកយ៉ាងវែង ក្បាលអ្នកទោសរត់ចេញពីគុក បោកភុសទៅនឹងប្រអប់គ្រឿងយន្តខាងមុខ។ សំណាងល្អដែលខ្ញុំពាក់ខ្សែក្រវាត់ ទើបមិនស្ថិតនៅក្នុងសភាពដូចគេ។ រថយន្តរេពេញផ្លូវដូចពស់វារ មុននឹងជ្រុលចូលទៅបុកកន្ទុយរថយន្តដឹកទំនិញនៅខាងមុខតែមិនត្រូវខ្លាំងប៉ុន្មានទេ។
«ចង្រៃយក៍… បើកឡានឆ្កួតឡប់អីអ៊ីចឹង??» គេគំរាមដោយអារម្មណ៍ក្តៅក្រហាយ។ ថង់នៅលើភ្លៅរបស់គេ ខ្ទាតជ្រុះទៅលើកម្រាលរថយន្ត ប៉ុន្តែជ្រុះទៅតែថង់ប៉ុណ្ណោះ។ គេនៅក្តាប់កាំភ្លើងខ្លីខ្មៅគ្រីកនៅក្នុងដៃខាងឆ្វេងជាប់ ម្រាមចង្អុលស៊កចូលក្នុងប្រហោងកៃ ត្រៀមលក្ខណៈជាស្រេចដើម្បីប្រុងប្រៀបតបត។
មិនបាច់សង្ស័យទៀតទេថា អ្វីនៅក្នុងថង់!
អ្នកបើករថយន្តនៅខាងមុខ ជាបុរសចំណាស់ម្នាក់ ក្បាលពោះធំកំប៉ោង ទំនងជាចិត្តល្អ ពាក់មួកស្លឹកត្នោត ចងក្រមាចាស់ៗនៅចង្កេះ សន្និដ្ឋានថា ជាអ្នកធ្វើស្រែចម្ការនៅម្តុំនេះ។ គាត់ដើរទីងទាមៗមកមើលកន្ទុយរថយន្តរបស់ខ្លួនឯង ហើយងាកមកមើលខ្ញុំបន្តិច ទំនងជាឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំនៅអង្គុយរឹងខ្លួនស្តូកនៅលើរថយន្ត។
«ចុះទៅចរចាភ្លាមទៅ តែកុំលេងល្បិចឲ្យសោះ បើមិនដូច្នោះបែកសន្ទះក្បាលមិនខាន!»
ខ្ញុំបើកភ្លើងស៊ីញ៉ូឲ្យញាក់ចោល រួចចុះពីរថយន្តធ្វើគើមៗ។ អ្នកទោសយកថង់ក្រដាសរុំកាំភ្លើងដូចមុន តែដាក់ថង់បាំងកញ្ចក់ខាងមុខ ងាកតាមទិសដៅ ដែលខ្ញុំដើរគ្រប់ពេល វេលា។
«យ៉ាងម៉េចអ្នកកំលោះ!» អ៊ំកសិករស្រែកសួរ «រវល់អណ្តែតអណ្តូងទៅណា បានជាបើកមកបុកកន្ទុយឡានអ៊ំដូច្នេះ?» គាត់យកជើងគោះគូទឡានត្រង់កន្លែងបុក ធ្វើឲ្យកម្ទេចថ្នាំ និងស្នឹមច្រែះជ្រុះក្ឌុកៗ។
ខ្ញុំព្យាយាមស៊ីញ៉ូភ្នែកដាក់គាត់ និងបូញមាត់ជីបអូចៗ ក្នុងន័យចង់ប្រាប់ថា មានអ្នកទោសហែកគុក កំពុងតម្រង់កាណុងកាំភ្លើងមកកាន់យើងទាំងពីរ តែគាត់គិតតែរអ៊ូរឿងរថយន្តហេងស៊យរបស់ខ្លួនឯង និងផលដំណាំដែលខូចខាតព្រោះទឹកជំនន់ ម្យ៉ាងមើលទៅគាត់ដូចជាភ្នែកងងឹតផង។ យានយន្តនៅខាងក្រោយបើកវាងពួកយើងចេញទៅមុនរពុយៗ។
«ណ្ហើយ!» ទីបំផុតគាត់ក៏និយាយបន្ត «តាមយថាកម្មទៅចុះ! ពីដើមវាក៏មិនមែនស្អាតល្អអីប៉ុន្មានដែរ មនុស្សយើងត្រូវធ្វើចិត្តខ្លាំងខ្លះ មែនទេ?» គាត់ទះស្មាខ្ញុំខ្លាំងៗដើម្បីបង្ហាញថា ទោះបីគាត់ចាស់ តែកម្លាំងកំហែងនៅមាំទាំល្អណាស់ រួចដើរសើចហ៊ឹះៗ ត្រឡប់ទៅរថយន្តវិញ ដោយអារម្មណ៍រីករាយចំពោះភាពចិត្តទូលាយរបស់ខ្លួនឯង។
ឱកាសមាសកន្លងផុតទៅ… ខ្ញុំត្រឡប់មកបើកឡានបន្ត យកបារីមកជក់មួយដើមទៀត គ្រហែមតិចៗ មុននឹងសួរថា៖
«ឯងត្រូវការអ្វីឲ្យប្រាកដ?»
វាងាកមកសម្លឹងខ្ញុំយ៉ាងយូរ ដោយខ្សែភ្នែកមុតគួរឲ្យខ្លាច តែក៏មិនបានចេញស្តីថាម៉េច។
ខ្ញុំឈ្ងោកមើលកម្ទេចបារីនៅក្នុងដៃ ជ្រុះទៅលើកម្រាល។ ជើងដែលខំទប់ជាន់ហ្គែរប្រែជារឹងរហូតឈឺ។ ខ្ញុំលេបទឹកមាត់ជាញឹកញាប់ព្រោះស្ងួតក។ អារម្មណ៍ខ្វល់ខ្វាយចាប់ ផ្តើមកើនឡើងជាលំដាប់ ខណៈដែលវាងាកមើលជុំវិញខ្លួនដោយគ្មានទុក្ខព្រួយអ្វី។
រំពេចនោះ វាក៏បូញមាត់ឲ្យខ្ញុំបត់រថយន្តចូលតាមផ្លូវលំមួយនៅខាងស្តាំដៃ។ បេះដូងខ្ញុំលោតញាប់ខុសចង្វាក់ លាន់សូរឌឹបឌាក់ៗ ប្រឹងបន្ថយល្បឿនរថយន្តយឺតៗ បត់ចុះតាមបញ្ជា គិតនៅក្នុងចិត្តថា វាលេងមែនទែនហើយ។ ចំហាយនៃសេចក្តីស្លាប់ភាយឆួល ចេញមកក្នុងអាកាស។ សេចក្តីសង្ឃឹមតែមួយដែលមាននៅពេលនេះ គឺនៅក្នុងថតទុកសម្ភារៈក្បែរដៃខ្ញុំ។ ខ្ញុំត្រូវបើកថតនោះ ស្រវាយកកាំបិតចាក់ទៅលើបំពង់កវា មុននឹងវាកេះកៃកាំភ្លើងទាន់។
វាបញ្ជាឲ្យខ្ញុំបើកចូលទៅជ្រៅក្នុងព្រៃ រហូតដល់កន្លែងដែលគ្មានមនុស្ស ហើយចង្អុលដៃទៅក្រោយដើមឈើធំនៅខាងមុខ។
«វាងទៅឈប់នៅត្រង់នោះ!»
ខ្ញុំពន្យារពេល។ ខ្លួនញ័រទទ្រើកដូចឃើញនរកកំពុងបើកទ្វាររង់ចាំ។ ក្នុងបំពង់កស្ទះណែនដូចមានអ្វីមកចុក មុននឹងប្រឹងនិយាយចេញមកថា៖
«លោកកុំធ្វើអីខ្ញុំណ៎ា!…» ខ្ញុំលើកដៃសំពះញ័រៗ។ សេចក្តីភ័យខ្លាចរត់ចូលមកក្នុងខួរក្បាល រហូតចង់រាកនោម។ គុម្ពោតព្រៃត្រង់នេះ ស័ក្តិសមនឹងការចាក់កមនុស្សសម្លាប់ចោល ដោយគ្មាននរណារកសាកសពឃើញរាប់អាទិត្យ។
«ចង់យកអ្វីក៏យកចុះ ខ្ញុំមិនប្តឹងប៉ូលីសទេ!» ខ្ញុំមានន័យដូច្នេះពិតមែន និងប្រឹងសូត្រធម៌ភាវនាក្នុងចិត្តសុំឲ្យរួចជីវិត។
«ឈប់ឡាន ហើយចុះទៅ!» វានិយាយសំឡេងកាច។
ខ្ញុំឈានចុះយឺតៗ រឹងជើងស្តូក។ វាតាមភ្ជង់ពីក្រោយ បញ្ជាឲ្យខ្ញុំលើកដៃទាំងពីរឡើងលើ បង្គាប់ឲ្យងាកមុខផ្អឹបនឹងតួរថយន្ត។ ខ្ញុំបិទភ្នែកមីរ មិនដឹងសំឡេងកាំភ្លើងនឹងលាន់ឡើងនៅក្នុងវិនាទីណា បេះដូងស្ទើរតែឈប់ដើរទៅហើយ។
«ស្រាតខោអាវចេញ!» វាបញ្ជា។
ខ្ញុំភ្ញាក់ព្រើត ស្រៀវរន្ធគូទមួយរំពេច។ ឮគេនិយាយថា អ្នកទោសនៅក្នុងគុកភាគច្រើន ចូលចិត្តខូចខ្លួនឲ្យពួកគ្នាវាណាស់។ តែកាំភ្លើងខ្លីដែលភ្ជង់ខ្នងខ្ញុំជាប់នោះ មិនអនុញ្ញាតឲ្យខ្ញុំប្រកែកបាន។ ខ្ញុំដោះអាវស្រាតខោចេញ ឃើញវាស្រាតខោជើងខ្លីបោះទៅលើដីទួល។
វាយកខោអាវខ្ញុំពាក់ជំនួសឯកសណ្ឋានអ្នកទោស ខណៈដែលខ្ញុំនៅឈរស្រាតននលគក។
«អរគុណណាស់សម្លាញ់ ដែលនាំរត់គេចបានឆ្ងាយយ៉ាងនេះ បើមិនស្អប់ខ្ពើមខោអាវអ្នកទោសទេ អញ្ជើញតាមសម្រួលចុះ!»
ការពិតវាត្រូវការក្លែងខ្លួនដើម្បីរត់គេចសោះ។
«ឡានមួយគ្រឿងនេះ សុំហើយវ៉ឺយ!» វាចូលទៅអង្គុយកន្លែងខ្ញុំ ហើយបញ្ឆេះម៉ាស៊ីនលាន់ទ្រីនៗ។ ខ្ញុំសម្លឹងមើលធ្វើភ្នែកភ្លឹះៗយ៉ាងអាណោចអាធ័ម។
«អូ! ចុះនេះ ថង់អីរបស់ឯង?» វាគ្រវែងថង់ក្រដាស ដែលខ្ញុំទុកលើពូកឡានមកឲ្យ «យកវិញចុះ! ក្រែងមានប្រយោជន៍សម្រាប់ឯង!» ខ្ញុំស្ទើរតែសើចទាំងទឹកភ្នែក ប្រញាប់ស្រវាចាប់មុននឹងថង់ធ្លាក់ដល់ដី។
***
បន្ទាប់ពីវាបើកឡានចេញផុត ខ្ញុំក៏យកឯកសណ្ឋានអ្នកទោសមកពាក់ ដើរកាត់តាមព្រៃចូលទៅចម្ការចេករហូតឃើញផ្ទះអ្នកភូមិ។ ខ្ញុំលួចយកខោអាវដែលហាលចោលនៅលើស្នួលមកប្តូរ។
ល្ងាចទៅហើយ ទម្រាំខ្ញុំដើរមកដល់ទីប្រជុំជន ព្រមជាមួយថង់ដែលផ្ទុកលុយក្រដាសមួយរយៗថ្មីច្រឺង ដប់ម៉ឺនដុល្លារ។ ខ្ញុំជិះម៉ូតូឌុបបន្តពីរបីតំណ ដើម្បីបង្វែងដាន រហូតដល់កន្លែងមានសុវត្ថិភាព។
យប់នោះ ខ្ញុំឆ្លងអបអរភាពជោគជ័យរបស់ខ្លួន ដោយការដេកទម្រេតកាយ ក្រេបរសជាតិស្រាវិស្គី យ៉ាងត្រជាក់ចិត្តនៅលើសាឡុង មើលព័ត៌មានប៉ូលីសចាប់ចោរប្លន់ធនាគារ ដែលទើបតែទទួលព័ត៌មានបន្ថែមថា ជាអ្នកទោសជើងខ្លាំងម្នាក់ ដែលបានរត់ចេញពីគុក។ ខ្លឹមសារព័ត៌មានប្រាប់ថា អ្នកទោសរូបនេះ លួចរត់ពេលកំពុងស្តារលូ និងបានត្រៀមខ្លួនទុកជាមុន ដោយលាក់អាវុធ និងសម្លៀកបំពាក់នៅក្នុងរថយន្តដឹកទំនិញ។ ក្រោយពីប្តូរ សម្លៀកបំពាក់រួច ក៏សម្រុកចូលទៅប្លន់ធនាគារកណ្តាលក្រុង ប្រមូលបានលុយជាងដប់ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រោយពីប៉ូលីសតាមទាន់ ក៏កើតមានការបាញ់តទល់គ្នា រហូតជនល្មើសស្លាប់បាត់បង់ជីវិត។
រាងកាយមានរបួសសុសសាច់ស្ទើរតែចាំមុខមិនបាន។
ប៉ុន្តែប៉ូលីសរកលុយមិនឃើញសោះ។
ហាសហាសហា… ទទួលកម្មពៀរទៅចុះ អាសម្លាញ់!!!
ចប់
ដោយ : សួង ម៉ាក់
0 comments:
Post a Comment