
ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់អាយុ៧០ឆ្នាំល្មោភកាមម្នាក់ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំម្នាក់បានសម្រេចនៅចំណុចព្រៃធ្នង់តាមុំ ស្ថិតក្នុងភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។

លោកអនុសេនីយ៍ត្រី ឌុច ចំរើន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តកំពង់ឆ្នាំងឱ្យស្រាវជ្រាវ និងចាប់ជនសង្ស័យដែលបានចាប់រំលោភកុមារីអាយុ១៤ឆ្នាំនោះមក លោកក៏បានដឹកនាំមន្ត្រីប៉ូលិសចុះសហការជាមួយមន្ត្រីប៉ូលិសស្រុក និងប៉ូលិសមូលដ្ឋានស្រាវជ្រាវ និងចាប់បានជនសង្ស័យឈ្មោះ តឹប ស អាយុ៧០ឆ្នាំ មានទីលំនៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យរូបនេះមានមុខរបរជាអ្នកចាំចម្ការឱ្យគេនៅក្នុងភូមិនោះ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះបានត្រឡប់មកពីជីកទំពាំងវិញ ដោយដើរកាត់ចម្ការដែលជនសង្ស័យចាំឱ្យគេ ដោយដៃម្ខាងកាន់ស្បោងដាក់ទំពាំង និងដៃម្ខាងទៀតកាន់ចបជីក ។ ខណៈពេលក្មេងស្រីរងគ្រោះមកដល់ ជនសង្ស័យបានឃើញហើយក៏ដេញចាប់ ធ្វើឱ្យនាងភ័យរត់ចេញពីក្រញាំបិសាចតណ្ហាជាបុរសវ័យចំណាស់រូបនោះ។ ប៉ុន្តែជាអកុសល នៅពេលនាងរត់ក៏ទាក់នឹងបន្លាដើមរំពាក់ បណ្តាលឱ្យនាងដួលហើយត្រូវជនសង្ស័យចាប់ជាប់ រួចយកទៅរំលោភ។ ក្រោយពីប្រព្រឹត្តរួចហើយ បុរសចំណាស់រូបនោះបាននិយាយគំរាមថា បើ

ហ៊ាននិយាយប្រាប់ឪពុកម្តាយ ឬអ្នកណាផ្សេង គេនឹងសម្លាប់ចោល។
ប្រភពដដែលបានបន្តថា នៅពេលទៅដល់ផ្ទះ កុមារីរងគ្រោះបានចុកពោះ មានអាការស្លេកស្លាំង និងមានធ្លាក់ឈាមទៀតផង ដែលជាហេតុធ្វើឱ្យម្តាយរបស់ក្មេងស្រីរងគ្រោះកើតការងឿងឆ្ងល់ ហើយក៏ជជីកដេញដោលសួរនាំ ទើបនាងប្រាប់ថា តា «ស» បានចាប់នាងរំលោភ ។ ក្រោយពីបានស្តាប់ការររៀបរាប់របស់កូនរួចហើយ ម្តាយក៏បានទៅដាក់ពាក្យប្តឹងបុរសចំណាស់ល្មោភកាមនោះតែម្តង ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា បុរសចំណាស់រូបនោះធ្លាប់មានប្រពន្ធទី១ មានកូន៦នាក់ ក្រោយពីប្រពន្ធនោះស្លាប់ទៅ គាត់បានយកប្រពន្ធទី២ មានកូន៤នាក់ បន្ទាប់មកប្រពន្ធនោះក៏ស្លាប់ទៀត ។ បុរសចំណាស់នេះក៏បានយកប្រពន្ធក្មេងអាយុ២៧ឆ្នាំម្នាក់ទៀត ដែលពេលនេះកំពុងមានផ្ទៃពោះជិតគ្រប់ខែ ។

នៅចំពោះមុខសមត្ថកិច្ចប៉ូលិស ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដេញចាប់នាងមែន ប៉ុន្តែគ្រាន់តែចាប់ឱបថើប និងលូកច្របាច់លេងតែប៉ុណ្ណោះ មិនបានចាប់រំលោភទេ ។ ទោះជាបែបណាក្តី ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ៕
0 comments:
Post a Comment