
ថៃ៖
មន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃ ដែលកំពុងទទួលបានការពេញនិយមខ្លាំងទៅលើផ្នែកផ្តល់សេវាកម្មជួយឲ្យស្បែកសស្ទើរតែគ្រប់សរីរាង្គនោះ ឥឡូវនេះពួកគេបានបង្កើតសេវាកម្មស្បែកសទៅលើផ្នែកមួយទៀតហើយ នោះគឺ ការបាញ់ឡាស៊ែរឲ្យលិង្គស។
យោងទៅតាមសារព័ត៌មាន Agence France-Presse បានឲ្យដឹងថា សេវាកម្មនេះត្រូវបានចុះផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍ និងបណ្តាញសង្គមជាច្រើន បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកដែលគេឃើញមានបុរសម្នាក់កំពុងដេកលើគ្រែដើម្បីទទួលសេវាកម្មនេះ ត្រូវបានបង្ហោះកាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។

លោក Bunthita Wattanasiri ដែលជាអ្នកគ្រប់គ្រងផ្នែកស្បែក និងឡាស៊ែរប្រចាំ មន្ទីរពេទ្យខាងលើបានថ្លែងថា៖
"ថ្មីៗនេះមានអតិថិជនជាច្រើនបានសួរនាំអំពីសេវាកម្មនេះ។ ពួកយើងទទួលបានភ្ញៀវប្រហែល ១០០នាក់ក្នុងមួយខែ ស្មើនឹង៣ ទៅ៤នាក់ក្នុងមួយថ្ងៃ ហើយភាគច្រើន ពួកគេមានអាយុចាប់ពី ២២ឆ្នាំ ដល់ ៥៥ឆ្នាំ"។
លោកបានបន្ថែមថា៖
"ពួកយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះការងារមួយនេះ ព្រោះវាជាចំនុចរសើបនៃរាងកាយ"។

ជាក់ស្តែង ខាងមន្ទីរពេទ្យបានចាប់ផ្តើមបម្រើសេវាកម្មនេះ តាំងពី៦ខែមុនមកម្ល៉េះ បន្ទាប់ពីមានអតិថិជនប្រុសម្នាក់បានត្អូញត្អែររឿងក្រលៀនខ្មៅរបស់គេ។ បើតាមការបញ្ជាក់ពីសារព័ត៌មាន AFP បានឲ្យដឹងថា ភាគច្រើននៃអតិថិជនរបស់មន្ទីរពេទ្យមួយនេះ គឺជាបងប្អូនដែលស្ថិតនៅក្នុងក្រុមស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសថៃ។
គួរបញ្ជាក់ថា សេវាកម្មមួយនេះមានតម្លៃប្រហែល ៦៥០ដុល្លារអាមេរិក សម្រាប់ការបាញ់ឡាស៊ែរចំនួន៥ដង។
រូបភាព និងសារសរសេរថា
"មិនឈឺចាប់ មិនខ្មៅឡើងវិញ"
ដែលបង្ហោះដោយមន្ទីរពេទ្យខាងលើបានទទួលការចែករំលែកដល់ទៅជាង ២០ ០០០ដង និងទទួលបានការបញ្ចេញមតិដល់ទៅជាង ១១ ០០០ដង ហើយភាគច្រើនពួកគេពិតជាភ្ញាក់ផ្អើលជាមួយសេវាកម្មដ៏ថ្មីសន្លាងនេះមែនទែន។

លោកវេជ្ជបណ្ឌិត Thongchai Keeratihuttayakorn អគ្គនាយករងនៃនាយកដ្ឋានទ្រទ្រង់សេវាកម្មសុខភាពបាននិយាយថា៖
"ស្បែកលិង្គ គឺជាចំនុចរសើប ដូច្នេះ ការបាញ់ឡាស៊ែរបែបនេះ ងាយនឹងបណ្តាលឲ្យរលាក និងអាឡែកហ្សីខ្លាំងមែនទែន"។

ដោយឡែក គួររម្លឹកថាកាលពីប៉ុន្មានខែមុននេះ
នៅប្រទេសថៃក៏ល្បីរឿងចាក់សារធាតុខ្លាញ់ចូលតំបន់ពិសេសរបស់ស្រីៗ ដើម្បីឲ្យមានរាងក្រពុំស្អាតដូចយុវវ័យផងដែរ
៕
0 comments:
Post a Comment