
តាំងពីខ្ញុំនៅក្មេងមក សង្គមបានបង្រៀនខ្ញុំថា កើតមកជាមនុស្សស្រី តម្លៃរបស់ខ្ញុំគឺស្ថិតនៅលើភាពបរិសុទ្ធ ឬព្រហ្មចារីយ៍របស់ខ្ញុំ (ឬព្រហ្មចារីនី, according to my professor)។ «មនុស្សស្រី តែអស់ហ្ស៊ីន ឬអស់ព្រហ្មចារីយ៍ ដឹងតែចប់ហើយ»។ ឃ្លានេះ ខ្ញុំធ្លាប់បានលឺច្រើនលើកច្រើនសាចេញពីមាត់មនុស្សមិនថា ស្រី ឬប្រុសទេ។ គេថា មនុស្សស្រីដែលអស់ព្រហ្មចារីយ៍មុនរៀបការ គឺធ្វើឲ្យអាប់ឱនកិត្តិយសគ្រួសារ ខូចប្រពៃណីវប្បធម៌ ហើយអ្នកខ្លះគឹថាមនុស្សស្រីនោះជាមនុស្ស «អាស់» ឬ «អស់សាច់»។ សតវត្សទី២១នេះទៅហើយ ទោះជាប្រទេសមួយជឿនលឿនប៉ុណ្ណាក៏ដោយ ក៏នៅតែមានមនុស្សមួយចំនួនដែលឲ្យតម្លៃមនុស្សស្រីតាមរយៈព្រហ្មចារីយ៍នេះដែរ។
និយមន័យទូទៅរបស់ពាក្យ «ព្រហ្មចារីយ៍» គឺការដែលមិនធ្លាប់រួមភេទពីមុនមក (the state of never having had sexual intercourse)។ ប៉ុន្តែបើយើងគិតមកវិញ «ការមិនធ្លាប់រួមភេទ» តែអ្វីជាការមិនធ្លាប់រួមភេទ? តើមនុស្សស្រីដែលធ្លាប់តែរួមភេទតាមរន្ធគូទ អាចចាត់ទុកថាជាមនុស្សស្រីអស់ព្រហ្មចារីយ៍ដែរឬទេ? ចុះមនុស្សស្រីដែលរួមភេទជាមួយនឹងដៃគូតាមមាត់? ចុះបើប្រើម្រាមដៃ? ចុះការប្រើប្រាស់ឧបករណ៍ជំនួយ? អាចទៅរួចទេ ដែលនិយាយថាមនុស្សស្រីម្នាក់អស់ព្រហ្មចារីយ៍ជាមួយនឹងលិង្គសប្បនិមិត្ត ឬឧបករណ៍ជំនួយ? អ្នកខ្លះទៀតនិយាយថា ទាល់តែមនុស្សប្រុសម្នាក់ដាក់ប្រដាប់ភេទរបស់ខ្លួនចូលទៅក្នុងប្រដាប់ភេទរបស់មនុស្សស្រី ទើបមនុស្សស្រីនោះអស់ព្រហ្មចារីយ៍។ ចុះមនុស្សស្រីដែលស្រឡាញ់ភេទដូចគ្នា? បើពួកគាត់មិនមានលិង្គផង តើមានន័យថាគាត់នឹងនៅតែមានព្រហ្មចារីយ៍មួយជីវិតរបស់គាត់ឬ? ចុះមនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នាវិញ? តែបើនិយាយចុះនិយាយឡើងទៅ អ្នកខ្លះគេថា ព្រហ្មចារីភាពរបស់មនុស្សស្រីគឺត្រូវបានកំណត់ដោយសន្ទះព្រហ្មចារីយ៍។
បើនិយាយពីសន្ទះព្រហ្មចារីយ៍វិញ មនុស្សភាគច្រើនគឺមិនស្គាល់ទេ ថាវាជាអ្វីឲ្យប្រាកដ។ សន្ទះព្រហ្មចារីយ៍ គឺជាសន្ទះស្បែកស្តើងមួយ ដែលនៅខាងក្នុងប្រដាប់ភេទរបស់មនុស្សស្រី គឺប្រហែលជា១ទៅ២សង់ទីម៉ែត្រពីមាត់ប្រដាប់ភេទ។ សន្ទះស្បែកនេះ ចាប់ផ្តើមកកើតឡើងបន្ទាប់ពីប្រដាប់ភេទ ក្នុងកំឡុងពេលដែលគភ៌កំពុងតែលូតលាស់ប្រដាប់ភេទ គឺពីសប្តាហ៍ទី៣ទៅត្រីមាសទីពីរ។ ស្ទើរតែមនុស្សទាំងអស់ដែលខ្ញុំធ្លាប់ជួប គឺមិនដឹងទេថា សន្ទះព្រហ្មចារីយ៍មិនមែនជាសន្ទះស្បែកមួយដែលគ្របប្រដាប់ភេទជិត ដូចស្គរនោះទេ។ សន្ទះព្រហ្មចារីយ៍ ជាធម្មតាគឺមានប្រហោង ដើម្បីឲ្យឈាមរដូវហូរចេញបាន។ បើមនុស្សស្រីមានសន្ទះព្រហ្មចារីយ៍ដែលគ្របបិតជិត វាជាបញ្ហាសុខភាពមួយ ដែលគាត់ត្រូវតែទៅពេទ្យដើម្បីពិនិត្យ ព្រោះវាអាចធ្វើឲ្យកកស្ទះឈាមរដូវរបស់គាត់។ សន្ទះនេះមានលក្ខណៈយឺត តែវាក៏អាចដាច់រលាត់ក្នុងពេលហាត់កីឡា ធ្វើការធ្ងន់ សម្រេចផ្លូវភេទដោយខ្លួនឯង ឬរួមភេទ។
ខ្ញុំធ្លាប់ឃើញក្នុងរឿង ហើយក៏ធ្លាប់លឺគេនិយាយថា ក្នុងយប់ផ្សំដំណេក មនុស្សប្រុស គាត់ដាក់កន្សែងសមួយនៅពីក្រោមមនុស្សស្រីពេលដែលរួមភេទ។ បើក្រោយពេលដែលរួមភេទហើយ កន្សែងនោះមានឈាម មានន័យថាមនុស្សស្រីម្នាក់នោះគឺជាមនុស្សស្រី «បរិសុទ្ធ»។ ដូចខ្ញុំនិយាយមិញអ៊ីចឹង សន្ទះព្រហ្មចារីយ៍អាចដាច់រលាត់គ្រប់ពេល ហើយបើតាមការស្រាវជ្រាវ (Links below) មានមនុស្សតែ៤៣%តែប៉ុណ្ណោះដែលធ្លាក់ឈាមក្រោយការរួមភេទលើកទីមួយ។ តើហេតុអ្វីបានជាពួកគាត់ធ្លាក់ឈាម បើសន្ទះព្រហ្មចារីយ៍មានប្រហោងស្រាប់ទៅហើយ? វាមកពីការរួមភេទនោះផ្ទាល់។ ការរួមភេទដែលមិនមានទឹករំអិលគ្រប់គ្រាន់ ឬខ្លាំងពេក អាចបណ្តាលឲ្យសន្ទះនោះដាច់រលាត់ ដែលនាំឲ្យមនុស្សស្រីមានការឈឺចាប់ ឬហូរឈាម។ អ៊ឹចឹងបើអ្នករួមភេទជាមួយនឹងមនុស្សស្រី ហើយគាត់មានចេញឈាម នោះវាមកពីអ្នកមិនបានរួមភេទឲ្យបានត្រឹមត្រូវ។ It's nothing to be proud of.
បើនិយាយពីលក្ខណៈជីវសាស្រ្តវិញ សន្ទះព្រហ្មចារីយ៍គឺសឹងតែមិនមានប្រយោជន៍អ្វីទាល់តែសោះ។ មានទ្រឹស្តីមួយចំនួនបានលើកឡើងថា សន្ទះព្រហ្មចារីយ៍ប្រហែលជាមានតួនាទីការពារកុំឲ្យមេរោគចូលទៅក្នុងប្រដាប់ភេទគភ៌ពេលដែលនៅក្នុងពោះម្តាយ។ ប៉ុន្តែបើនិយាយពីសង្គមវិញ សន្ទះស្បែកមួយដែលសឹងតែគ្មានប្រយោជន៍ទាល់តែសោះនេះ បែរជាត្រូវបានឲ្យតម្លៃអាចនឹងជាងជីវិតរបស់មនុស្សម្នាក់ទៅទៀត។ មានករណីច្រើនណាស់ ដែលមនុស្សស្រីត្រូវបានគ្រួសារបោះបង់ចោល ឬអ្នកភូមិសម្លាប់ដោយសារតែគេគិតថានាងអស់ព្រហ្មចារីយ៍។ តែបើមនុស្សស្រីដដែលនោះពិការដៃ ឬបាត់បង់អវៈយីវៈផ្សេងដែលមានប្រយោជន៍ ចាំបាច់ក្នុងជីវិតប្រចាំថ្ងៃ តើពួកគេនឹងធ្វើបែបនោះដាក់គាត់ដែរទេ? ហេតុអ្វីបានជាមានផ្នត់គំនិតនេះឡើង? ហើយហេតុអ្វីបានជាវាពាក់ព័ន្ធតែជាមួយនឹងមនុស្សស្រីទៅវិញ?
គេថា ប្រវត្តិសាស្រ្តគឺត្រូវបានសរសេរដោយមនុស្សប្រុស។ ច្បាប់ទម្លាប់ដែលយើងមានសព្វថ្ងៃ ភាគច្រើនគឺត្រូវបានបង្កើតឡើងដោយមនុស្សប្រុស។ បើនិយាយពីមូលហេតុដែលធ្វើឲ្យមានផ្នត់គំនិតនេះឡើង យើងត្រូវងាកទៅមើលសម័យកាលពេលដែលមនុស្សចាប់ផ្តើមបង្កើតជាសង្គមដំបូង។ បើតាមសៀវភៅរបស់ Hanne Blank, "Virgin: An Untouched History" នៅកំឡុងពីឆ្នាំ៨៥០០ទៅ២៦០០មុនគ្រឹស្តសករាជ្យ (ដែលគេហៅថាសម័យ Neolithic Era) មនុស្សចាប់ផ្តើមចេះបែងចែកកម្មសិទ្ធិផ្ទាល់ខ្លួន ដូចជាផ្ទះសម្បែង ក្រុមគ្រួសារ ឬមនុស្សស្រីរបស់ពួកគេ។ យើងដឹងហើយថា តួនាទីរបស់វត្ថុមានជីវិតទាំងអស់នៅលើលោក (រាប់បញ្ចូលទាំងមនុស្សផងនោះ) គឺបង្តើតកូនដើម្បីតពូជ។ អ្នកវិទ្យាសាស្រ្តចាត់ទុកមនុស្សចូលទៅជា "K-strategists" មានន័យថាមនុស្សអាចមានកូនចំនួនតិចក្នុងមួយជីវិត ហើយការមានកូននោះ គឺត្រូវចំណាយពេលវេលាច្រើន។ ហេតុនេះហើយ មនុស្សប្រុសត្រូវប្រាកដថា កូនដែល «មនុស្សស្រីរបស់គេ» បានបង្កើតនោះ គឺជាកូនរបស់គេមែន។
ដើម្បីធ្វើបែបនេះបាន សង្គមបានចាប់ផ្តើមដាក់គំនាបដល់ជីវិតផ្លូវភេទមនុស្សស្រី ដោយប្តី ឬមនុស្សប្រុសរបស់នាងត្រូវតែជាមនុស្សប្រុសតែមួយគត់ដែលនាងរួមភេទជាមួយ។ តែដើម្បីឲ្យមនុស្សប្រុសអាចមានឱកាសបន្តពូជបានច្រើន សង្គមបែរជាមើលឃើញថា មនុស្សប្រុសដែលមាន
ស្រីច្រើន ធ្លាប់រួមភេទបានច្រើន ថាជាមនុស្សប្រុសដែលពូកែ។ បើសត្វវិញ ឧទាហរណ៍ពេលដែលខ្លាឈ្មោលធំជាងគេក្នុងហ្វូងបានស្លាប់ (Alpha Male) នោះនឹងមានខ្លាមួយថ្មីមកស្នងតំណែង តែខ្លាថ្មីនោះ ភាគច្រើននឹងទៅសម្លាប់កូនរបស់ខ្លាចាស់ដែលបានស្លាប់ ព្រោះខ្លាថ្មីនោះត្រូវធ្វើបែបណាដើម្បីឲ្យកូនរបស់វារីកលូតលាស់ដើម្បីបន្តពូជទៅមុខទៀត។
ប៉ុន្តែបើយើងមើលមកវិញ ផ្នត់គំនិតបែបនេះមិនអាចប្រើការបានទៀត ព្រោះយើងអាចធ្វើតែស្ត DNA ដើម្បីមើលថា តើកូនរបស់មនុស្សស្រីនោះជាកូនរបស់អ្នកណា ហើយពេលដែលរួមភេទ យើងក៏មានស្រោមអនាម័យ ឬវិធីផ្សេងៗដើម្បីបង្ការកុំឲ្យមានផ្ទៃពោះដែរ។ តែទោះបែបនេះក៏ដោយ ហេតុអ្វីបានជាសង្គមនៅតែបន្តផ្នត់គំនិតបែបនេះ? តើវានៅតែជួយបន្តបម្រើផលប្រយោជន៍ដល់យើងយ៉ាងណា ក្រៅពីដាក់សម្ពាធដល់មនុស្សស្រី? ច្បាប់ចែងថា ស្រ្តីមានសិទ្ធិស្មើបុរស ប៉ុន្តែសង្គមមិនថាដូច្នេះទេ។ មនុស្សស្រីមិនគួរដើរហើរពេលយប់ មិនគួរមានសង្សារ មិនគួរផឹកគ្រឿងស្រវឹង ឬមិនគួរស្និទ្ធិស្នាលនឹងបុរស។ មូលហេតុគឺមកពីគេខ្លាចថា ស្រ្តីនោះនឹងទៅរួមភេទ ហើយ «អត់ក្រមុំឲ្យប្តី»។
មានដែលគិតទេថា វប្បធម៌នេះកំពុងតែឲ្យតម្លៃមនុស្សស្រីស្មើនឹងទំនិញ? ទំនិញដែលថ្លៃ ភាគច្រើនគឺជាទំនិញដែល «ថ្មី ទើបនឹងយកពីឃ្លាំង មិនទាន់បានបើក» មែនទេ? ចុះមនុស្សវិញស្រី? ទាល់តែមនុស្សស្រីដែលមិនធ្លាប់បានថើប ប៉ះ ឬរូមភេទបានជាមនុស្សស្រីនោះមានតម្លៃត្រូវទេ? តើខុសអ្វីពីទំនិញ?
ការធ្វើបែបនេះ គឺធ្វើឲ្យមនុស្សស្រីលែងឲ្យតម្លៃដល់ខ្លួនឯង តែបែរជាពឹងផ្អែកលើអ្នកដទៃដើម្បីឲ្យតម្លៃនាងទៅវិញ។ នាងចាប់ផ្តើមយល់ថា ការរូមភេទជារឿងមួយដែលខុស គួរឲ្យខ្មាស់អៀន ឬជារឿងមួយដែលធ្វើឲ្យអាប់ឱនកិត្តិយស។ នេះហើយបានជាមនុស្សស្រីជាច្រើនមិនអាចបង្ហាញពីអារម្មណ៍ផ្លូវភេទ ឬរីករាយសប្បាយនឹងការរួមភេទដូចមនុស្សប្រុស។ នេះហើយបានជាមនុស្សស្រីមួយចំនួនធំ មិនដែលបានដល់ចំណុចកំពូលទាល់តែសោះពេលដែលពួកគាត់រួមភេទ ព្រោះគាត់គិតថាអ្វីដែលគាត់កំពុងតែធ្វើ ជារឿងមិនល្អ។ ស្រ្តីដែលបានរួមភេទជាមួយនឹងសង្សាររបស់គាត់ ពេលដែលសង្សាររបស់គាត់បែកពីគាត់ ស្រ្តីមួយចំនួនច្បាស់ជាគិតថា គាត់បានបំផ្លាញអនាគតរបស់គាត់ ហើយគាត់លែងមានតម្លៃទៀតហើយ។ ស្រ្តីខ្លះទៀត អាចដល់ទៅសម្លាប់ខ្លួនទៅទៀត។ នេះគឺមកពីផ្នត់គំនិតដែលសង្គមដាក់ឲ្យ។ សួរថា ហេតុអ្វីបានជាអស់អនាគត? សន្ទះព្រហ្មចារីយ៍គាត់ គឺនៅកន្លែងដដែលហ្នឹង គ្រាន់តែយ៉ាងច្រើនដាច់រលាត់តិចតួចទេ។ ប្រដាប់ភេទគាត់រីកធំពេលដែលគាត់កំពុងរួមភេទ តែប្រដាប់ភេទមនុស្សស្រីមានលក្ខណៈយឺត អ៊ីចឹងវាក៏អាចរួមមកវិញដែរ។ គាត់នៅតែមានខួរក្បាលដែលគាត់នៅតែអាចប្រើបាន ហើយគាត់ក៏នៅតែមានអវៈយីវៈដែលអាចប្រើបាន ដូចមុនពេលរួមភេទដែរ។
ពាក្យថា «អស់ព្រហ្មចារីយ៍» ហ្នឹង តើតាមពិតគឺអស់អ្វី? ហើយបើមនុស្សស្រីអស់ព្រហ្មចារីយ៍ពេលរួមភេទលើកដំបូង ចុះមនុស្សប្រុស? តើបើក្នុងកាលៈទេសៈដូចគ្នា តើសង្គមនឹងដាក់សម្ពាធមនុស្សប្រុស ដូចនឹងមនុស្សស្រីដែរទេ? ដែលលឺគេថា កូនប្រុសម្នាក់ហ្នឹងត្រូវឪពុកម្តាយកាត់កាលចោលដោយសារតែ «អស់ព្រហ្មចារីយ៍» ដែរអត់? តើហេតុអ្វីបានជាខុសគ្នា? មូលហេតុគឺ «ព្រោះតែវាអ៊ីចឹង» មែន? នេះខ្ញុំមិនទាន់និយាយពីស្រ្តីដែលត្រូវបានគេរំលោភផង។
ឧទាហរណ៍ថា មនុស្សស្រីម្នាក់ គាត់អស់ព្រហ្មចារីយ៍មុនពេលរៀបការ ប៉ុន្តែគាត់បានស្រាវជ្រាវរកឃើញថ្នាំព្យាបាលជំងឺមហារីក។ តើដោយសារតែសន្ទះស្បែកមួយនេះ អ្នកនៅតែយល់ថាគាត់អត់មានតម្លៃដែរមែន? តែបើគាត់នៅព្រហ្មចារីយ៍ តែគាត់ទៅសម្លាប់ ឬប្លន់គេ តើគាត់នៅជាមនុស្សមានកិត្តិយសឬ?
ក្នុងនាមជាមនុស្សស្រីម្នាក់ ខ្ញុំចង់ប្រាប់ថា ខ្ញុំជាមនុស្ស មានជីវិត។ ខ្ញុំចេះសប្បាយ ខ្ញុំមានតម្រូវការ ខ្ញុំមានចំណង់ ខ្ញុំមានអារម្មណ៍ដូចមនុស្សប្រុសដែរ ហើយខ្ញុំក៏អាចជួយ ហើយក៏ជាផ្នែកមួយនៃសង្គមដែរ។ អ្វីដែលខ្ញុំស្អប់បំផុត គឺពេលដែលអ្នកដទៃមកកំណត់តម្លៃឲ្យខ្ញុំ ព្រោះវាជារាងកាយរបស់ខ្ញុំ ប្រដាប់ភេទរបស់ខ្ញុំ ព្រហ្មចារីយ៍របស់ខ្ញុំ ហើយមានតែខ្ញុំទេ ដែលអាចឲ្យតម្លៃខ្លួនឯងបាន។ គេថាមនុស្សស្រីប្រៀបដូចកន្សែងស តែចុះបើខ្ញុំមិនចង់ធ្វើជាកន្សែងស? ចុះបើខ្ញុំចង់ធ្វើជាកន្សែងផ្កាឈូក ស្វាយ ឬខ្មៅវិញ? ចុះបើខ្ញុំជាកន្សែងស តែពេលខ្ញុំប្រឡាក់ ខ្ញុំយកទៅបោកនឹងសាប៊ូ Or bleach? សម្រាប់មនុស្សប្រុសវិញ តើអ្នកស្រឡាញ់គេ ឬស្រឡាញ់សន្ទះស្បែកមួយសន្ទះហ្នឹង? ល្មមដល់ពេលយើងគិតឡើងវិញហើយ តើតម្លៃរបស់យើងគួរតែស្ថិតនៅលើយើង និងសមត្ថភាពរបស់យើងឬគ្រាន់តែផ្អែកលើគំនាបដែលសង្គមបានដាក់មកលើជីវិតផ្លូវភេទរបស់យើង៕

0 comments:
Post a Comment