
បូស្នី៖ ថ្មីៗនេះ កុមារាវ័យក្មេងដ៏ស្រស់សង្ហាម្នាក់ កំពុងតែទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅជាច្រើន នៅលើបណ្តាញអីុនធឺណែត ឲ្យក្រឡេកមកមើលនូវសមត្ថភាព ដ៏ពិសេសប្លែក កម្រនិងមាននរណាម្នាក់មានដូច ដោយក្មេងប្រុសរូបនេះ មានសមត្ថភាពឆក់វត្ថុធាតុលោហៈ ដែក ជាដើម ឲ្យជាប់នៅនឹងដងខ្លួនរបស់គេបាន។

យោងតាមទីភ្នាក់ងារសារព័ត៌អន្តរជាតិ ដេលីម៉ែល បានឲ្យដឹងថា កុមារាមានថាមពលពិសេស ឬ Superpower រូបនេះ មានជាតិដែលម៉ាញ៉េទិច ឬមេដែកនៅក្នុងខ្លួនឈ្មោះ Erman Delic អាយុ៥ឆ្នាំ រស់នៅក្នុងភូមិ Malešići ក្បែរទីក្រុង Gracanica នៃប្រទេសបូស្នី (Bosnian) ពិតជាក្មេងប្រុសវ័យក្មេងម្នាក់ ដែលមានទេពកោសល្យសមត្ថភាពខ្ពស់ អាចឆក់ជាប់នូវកាំបិត ស្លាបព្រា សម និងកាក់ជាដើម ឲ្យជាប់នៅនឹងទ្រូងរបស់គេបានយ៉ាងល្អមែន។


ដោយសារតែឃើញ ពីសមត្ថភាពដ៏អស្ចារ្យនេះហើយ ទើបបានជាក្រុមគ្រួសាររបស់កុមារា Erman បានថតនូវវីដេអូឃ្លីបនេះឡើង រួចបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញអីុនធឺណែត ដើម្បីឲ្យគ្រប់គ្នាបានដឹងពីសមត្ថភាព ដ៏ប្លែករបស់គេ ដោយទទួលបានអ្នកចុចចូលមើល រហូតដល់ទៅរាប់ពាន់ដងផងដែរ។
ដោយឡែក នៅចុងបញ្ចប់នៃវីដេអូឃ្លីប ដែលបង្ហាញឡើងមកនេះ គេឃើញថា មានស្លាបព្រាចំនួន៣ កាក់ចំនួន១៣ និងសម១ ឆក់ជាប់រាងកាយរបស់កុមារា Erman ខណៈនៅផ្នែកខាងក្រោយខ្នងរបស់គេវិញ ក៏ឃើញថា បានឆក់ជាប់នូវស្លាបព្រា សម និងកាក់ បានមួយចំនួនទៀតផងដែរ។
គ្រួសារ Erman ក៏បានបញ្ជូនគេ ទៅជួបគ្រូពេទ្យផងដែរ ប៉ុន្តែបន្ទាប់ពីខាងក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យមក គឺ Erman ពុំមានអ្វីខុសប្លែកពីធម្មតានោះទេ។ ពោល Erman មានសុខភាពល្អជាធម្មតា ដោយពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ នៅក្នុងខ្លួនរបស់គេឡើយ។


គួរឲ្យដឹងដែរថា នេះមិនមែនជារឿងចម្លែក ហើយក៏មិនមែនជាលើកទីមួយឡើយ ដែលកុមារ Erman បានសមត្ថភាពទេព្យកោសល្យប្លែកយ៉ាងដូច្នេះនោះ។ ព្រោះថាកន្លងមកក៏ធ្លាប់មាន មនុស្សមួយចំនួនតូចទៀត ក៏មានសមត្ថភាពអស្ចារ្យបែបនេះ ដូចជារូបគេផងដែរ។ ជាក់ស្តែងកន្លងទៅ កុមារាអាយុ៩ឆ្នាំ Mehmet Sumbul នៅប្រទេសតួកគី ក៏ធ្លាប់បង្ហាញពីទេពកោសល្យសមត្ថភាព របស់ខ្លួនបែបនេះផងដែរ ៕
0 comments:
Post a Comment