
កាលពីវេលាម៉ោង ១៨ ជាងថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ មានរឿងភ្ញាក់ផ្អើលមួយកើតឡើង ដោយសារបុរសចំណាស់ម្នាក់បានសម្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ទាំងអាក្រាកកាយ ដោយមានស្នាមចាក់នឹងកាំបិតជាច្រើនកន្លែង ។ ហេតុការណ៍នេះបានកើតឡើងនៅបន្ទប់ផ្ទះសំណាក់យីហោ «សំណាងណាស់» ដែលមានទីតាំងនៅក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាម ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទប្រុសអាយុ ៥៨ ឆ្នាំ មានមុខរបរជាថៅកែម៉ាស្សា និង ជាអ្នកសារព័ត៌មានសំឡេងប្រជាជន មានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបស្រីម្នាក់ចូលជួលបន្ទប់លេខ ១១ ជួលដេកជាមួយស្រីនោះ លុះដល់ម៉ោង ១ជាងបានគេឃើញនារីនោះចេញមកខាងក្រៅរួចអង្គុយលើម៉ូតូរបស់ជនរងគ្រោះម៉ាកសេ ១២៥ពណ៌ខ្មៅ សេរី ២០១៧ មិនចាំស្លាកលេខ រួចនិយាយទូរស័ព្ទមិនដឹងនិយាយទៅរកអ្នកណានោះទេ រួចក៏យកម៉ូតូជនរងគ្រោះជិះចេញទៅបាត់ លុះមិនឃើញត្រឡប់មកវិញ អ្នកមើលខុសត្រូវក្នុងផ្ទះសំណាក់កើតការសង្ស័យក៏ទៅមើលឃើញទ្វារបន្ទប់រហើបរួចឃើញបន្ទប់រញេរញ៉ៃ ហើយបានឃើញបុរសរូបនោះដេកស្លាប់នៅក្បែរគ្រែ រួចបានរត់ទៅប្តឹងនគរបាល ឱ្យចុះមកពិនិត្យសាកសព ។

ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវរឃាតកស្រីដៃឆៅរូបនោះយកមកផ្តន្ទាទោសតាមច្បាប់ ដែលគេគិតថា សមត្ថកិច្ចនឹងមិនពិបាកក្នុងការស្រាវជ្រាវនោះទេ ព្រោះបច្ចុប្បន្ន នៅតាមផ្ទះសំណាក់គេតែងមានដាក់កាម៉េរ៉ាសុវត្ថិភាពគ្រប់ច្រក លើកលែងតែក្នុងបន្ទប់ដេកប៉ុណ្ណោះ ៕


0 comments:
Post a Comment