Thursday, January 18, 2018

សង្វេគណាស់!! លោកតាមិនចេះអក្សរ ប្រឹងអូសរទេះលក់មីឆាសន្សំលុយឲ្យកូនរៀន តែចង្រៃអីមានអាជើងល្អយកលុយក្រដាស ១,០០០៛ មកបន្លំគាត់ថាជាក្រដាស ១០០,០០០៛ ខាតទាំងព្រឹក



នឹកឃើញហួសចិត្តព្រឹកម៉ិញចេញទៅរកអីញ៉ាំនៅខាងក្រៅក៏ជួបលោកអ៊ំចាស់ម្នាក់រុញរទេះលក់មីឆា ខ្ញុំក៏ហៅគាត់ហើយប្រាប់ឱ្យគាត់ឆាមីមួយប្រអប់។ មើលទៅគាត់ហេវហត់មិនសូវមានកម្លាំងទេ។ ពេលគាត់កំពុងឆាមី ខ្ញុំក៏សួរនាំពីនេះពីនោះ ទើបដឹងថាគាត់មានកូនស្រីកំពុងរៀនឆ្នាំទីបីនៅសាកលវិទ្យាល័យ ហើយគាត់ប្រឹងរាល់ថ្ងៃនេះគឺដោយសារចិញ្ចឹមកូនជានិស្សិតនោះ និងកូន2នាក់ទៀត ដោយកូនស្រីគាត់សន្យាថាក្រោយរៀនចប់នឹងឈប់ឱ្យគាត់លក់មីឆាទៀតហើយ។

ខ្ញុំស្ដាប់អាណិត និងកោតសរសើរទឹកចិត្តគាត់ណាស់។ ក្រោយឆាមីហើយខ្ញុំទាញលុយក្រដាស10$ ឱ្យគាត់ តែគាត់មើលយ៉ាងយូរ, ហើយប្រាប់ខ្ញុំថា «សុំទោសក្មួយ អ៊ុំអត់មានលុយអាប់ទេ។ ព្រោះព្រឹកម៉ិញអាប់លុយឱ្យគេអស់ហើយ។»




ខ្ញុំក៏ទាញលុយ3000៛ឱ្យគាត់។ គាត់ឃើញខ្ញុំមានលុយរាយច្រើនគួរសម ក៏និយាយ, «បើក្មួយមានរាយ ដូរឱ្យអ៊ុំខ្លះផង។»
ខ្ញុំតបថា «បាទ អត់អីទេអ៊ុំ, ចង់ដូរប៉ុន្មានដែរ? ខ្ញុំដូរឱ្យ។»

គាត់ថា «ដូរ10ម៉ឺន។» ថាហើយគាត់ក៏ទាញលុយ 1000៛ ចេញថ្មី ហុចឱ្យខ្ញុំ។ ខ្ញុំមើលលុយនោះហើយតបថា, «អ៊ុំ! នេះមិនមែនលុយ10ម៉ឺនទេអ៊ុំ! គឺ1ពាន់រៀលទេ!!»

ឮខ្ញុំនិយាយបែបនេះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង! គាត់ប្រាប់ថាកន្លះម៉ោងមុនមានបុរសម្នាក់ទិញមីឆាគាត់ហើយហុចលុយនេះឱ្យគាត់ កុហកគាត់ថាជាលុយ 10ម៉ឺនរៀល។ ដោយសារអ៊ុំនេះគាត់មិនចេះអក្សរ ហើយមើលលុយតាមតែការចំណាំ ក៏ជឿថាជាលុយ10ម៉ឺនមែន ហើយបានអាប់លុយឱ្យបុរសនោះ9ម៉ឺន7ពាន់។








គាត់និយាយទាំងមុខក្រៀម ខ្ញុំឃើញអាណិតគាត់ណាស់ក៏យកលុយ1ពាន់នោះពីគាត់ព្រមទាំងនិយាយថា «មិនអីទេអ៊ុំ។ ខ្ញុំសុំទិញលុយនេះទៅចុះ។ តែអ៊ុំគួរចាំថានេះជាលុយ 1ពាន់រៀលទេ កុំឱ្យមានគេបោកទៀតលើកក្រោយ។» និយាយហើយខ្ញុំហុចលុយរបស់ខ្ញុំ10ម៉ឺនរៀលឱ្យទៅគាត់។ គាត់មិនសូវចង់ទទួលលុយពីខ្ញុំទេ។
«តែមីឆាមួយប្រអប់តែ3ពាន់រៀលទេក្មួយ!» គាត់និយាយទាំងមុខក្រៀម។
















ខ្ញុំតប, «មិនអីទេអ៊ុំ! ខ្ញុំអាណិតអ៊ុំ ត្រូវគេបោកប្រាស់! យកលុយនេះចុះ ខ្ញុំចង់ធ្វើអំពើល្អជាមួយមនុស្សចាស់!» ខ្ញុំនិយាយបែបនេះទើបគាត់ព្រមទទួលយកលុយខ្ញុំ។ ខ្ញុំដើរត្រឡប់មកផ្ទះវិញជាមួយលុយ1ពាន់រៀល និងមីឆាមួយប្រអប់។ មកដល់ផ្ទះ, ខ្ញុំសម្លឹងមើលទៅលុយ1ពាន់រៀលនោះទាំងហួសចិត្ត, ហួសចិត្តនឹងមនុស្សដែលបោកប្រាស់អ៊ុំលក់មីឆា…
ម៉េចក៏ចិត្តអាក្រក់ម្ល៉េះ!!! លុយ អ្នកណាក៏ចង់បានដែរ តែមិនគួរបញ្ឆោតបោកប្រាស់មនុស្សចាស់ទេ។ ពេលខ្លះមនុស្សដែលចេះដឹង បែរជាថោកទាបជាងមនុស្សមិនចេះអក្សរ។ ខ្ញុំមិនថាខ្ញុំជាមនុស្សល្អទេ តែបើឱ្យខ្ញុំទៅបោកប្រាស់គេ ខ្ញុំធ្វើមិនបានទេ៕

អរគុណសម្រាប់ការអាន!

••មួយពាន់រៀល•••

សរសេរដោយ : LengHak Lee








Related Posts:

0 comments:

Post a Comment