Saturday, March 17, 2018

អ្នកពូកែទើសនឹងព្រះសង្ឃៈនិងក្អួតឈាមដោយសារអត្ថបទមួយនេះ



ក្នុងមួយឆ្នាំៗ មានព្រះសង្ឃនិមន្តមកពីខេត្តផ្សេងៗរាប់រយអង្គ មកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ ពុទ្ធិកវិទ្យាល័យ និងពុទ្ធិកសាកលវិទ្យាល័យនៅភ្នំពេញ។ បន្ទាប់ពីប្រឡងជាប់រួច ព្រះសង្ឃមួយចំនួនតូចមានវាសនា អាចរកវត្តនៅភ្នំពេញដើម្បីស្នាក់អាស្រ័យបន្តការសិក្សាបាន។ ដោយឡែក ព្រះសង្ឃមួយចំនួនធំ អត់ខ្សែ អត់មានអ្នកស្គាល់ បានត្រឹមតែអង្គុយកើតទុក្ខ អស់សង្ឃឹម រត់ពីវត្តមួយទៅវត្តមួយ សំពះអង្វរគេសុំកន្លែងនៅដើម្បីរៀន។ ព្រះសង្ឃអង្គខ្លះត្រូវនិមន្តមកពីខេត្ត ជិះម៉ូតូឌុប ឆ្លងទូក ឆ្លងទន្លេ តស៊ូដើម្បីមករៀន។ អង្គដទៃទៀត អស់សង្ឃឹម គ្មានការលើកទឹកចិត្ត គ្មានអ្នកជួយខ្វល់ រួមជាមួយនឹងជីវិភាពគ្រួសារផង ត្រូវសម្រេចបោះបង់ចោលសាលា ឈប់រៀន ត្រឡប់ទៅវត្តកំណើតវិញ ខ្លះទៀតសឹកទាំងកណ្ដាលទីទៅធ្វើស្រែ ទៅឃ្វាលគោវិញ ទាំងចិត្តស្ដាយការសិក្សា។




ងាកមករឿងរ៉ាវប៉ុន្មានថ្ងៃនេះវិញ ខ្ញុំសង្កេតឃើញហាក់ដូចជាមានអ្នកខ្វល់ខ្វាយពីរឿងព្រះសង្ឃច្រើនមែនទែន មានទាំងមនុស្សធម្មតា តារាល្បីៗ អ្នកប្រាជ្ញ កោវិទ បណ្ឌិតទស្សនវិតោជាន់ទ្រុង គឺថារាប់មិនអស់ទេ។ ម្នាក់ៗចេញមុខឈឺឆ្អាលរឿងសាសនា ទាក់ទងនឹងព្រះសង្ឃមួយអង្គដែលប្រើពាក្យមិនគួូរសម រហូតគេចោទថាសង្ឃដុល្លារ សង្ឃពាល ចោរថង់យាម ។ល។ អ្នកខ្លះទៀតដល់ថ្នាក់ស្រែកអំពាវនាវដល់ក្រសួងឲ្យជួយចាត់វិធានការដល់ព្រះសង្ឃអង្គនោះជាបន្ទាន់ផង។                                                           



ខ្ញុំយល់ថាបើសិនជាអស់លោក លោកស្រី មានចិត្តស្រឡាញ់សាសនាមែន ម៉េចក៏មើលតែមួយជ្រុងអ៊ីចឹង? កន្លែងដែលមិនរីកចម្រើន សុទ្ធតែអំពាវនាវឲ្យអ្នកនេះ ឲ្យអ្នកនោះចាត់វិធានការ ចំណែកកន្លែងរីកចម្រើន កន្លែងដែលជួយឲ្យជាតិសាសនាដុះដាលពិតប្រាកដ បែរជានាំគ្នាបិទភ្នែក មិនដឹងមិនឮ។ បើសិនជាអ្នកទាំងអស់គ្នាជួយអំពាវនាវឲ្យរដ្ឋាភិបាលរកវត្ត ជួយរៀបចំកន្លែងឲ្យព្រះសង្ឃដែលចង់រៀនសូត្របាននៅស្រួលដូចការឈឺឆ្អាលខាងលើ ប្រហែលជាមានព្រះសង្ឃមិនតិចរយអង្គទេ ដែលអាចកែប្រែជីវិតក្លាយជាធនធានសម្រាប់ជាតិសាសនាទៅថ្ងៃមុខបាន។ តែកុំថាឡើយដល់ការជួយខ្វល់ខ្វាយបែបនេះ អ្នកខ្លះទៀត ដោយហោចទៅ សូម្បីព្រះសង្ឃនិមន្ដមកដល់មុខផ្ទះ មិនទាំងហ៊ានដាក់ ១០០ រៀលផង ដល់ពេលឃើញគេនិយាយពីលោកនេះខូចអ៊ីចេះ លោកនោះខូចអ៊ីចុះ ក៏ចាប់ផ្ដើមចេញគំនិតចង់ការពារសាសនាដែរ ហើយស្រែកជេរតាមគេតាមឯង ទាំងមិនដឹងរឿង មិនដឹងពីទំហំទោសនោះថាតើវាសមនឹងកម្រិតទណ្ឌកម្មបែបណាផង ហើយថាមិនត្រូវ ព្រះសង្ឃដែលអ្នកទាំងអស់គ្នាកំពុងតែជេរហ្នឹង កំពុងតែចិញ្ចឹមបណ្ដុះបណ្ដាលកូននេនក្មេងៗរាប់រយរាប់ពាន់អង្គទៀងផងក៏មិនដឹង។



ខ្ញុំមិនកាន់ជើងអ្នកខុសទេ ប៉ុន្តែអ្នកខុសគួរទទួលទោសតាមកម្រិតទោសដ៏សមរម្យមួយ មិនមែនតាមតែយើងនឹកឃើញទេ។ ហើយមួយទៀត តាមពិតខ្ញុំមិនមែនជាអ្នកចេះដឹងស្អីទេ តែបើសិនជាអស់លោកចង់ជួយសាសនា តាមយោបល់ខ្ញុំ កុំជួយតាមរយៈជេរបញ្ចោរតាមគ្នាអ៊ីចឹង យើងមនុស្សដូចគ្នា ល្មមនិយាយស្ដាប់គ្នាបាន ខុសត្រង់កន្លែងណា ជួយនិយាយកែតម្រូវគ្នា ហើយមិនចាំបាច់ទាល់តែយកលុយទៅចាក់ក្នុងវត្តទាំងម៉ឺនទាំងពាន់ដុល្លារ ចារព្រះនាមលើជញ្ជាំងថ្ម រួចថតរូបបង្ហោះហ្វេសបុគ ទើបហៅថាជួយសាសនាទេ ជួនកាលគ្រាន់តែឃើញលោកនិមន្តតាមផ្លូវ ហើយជួយឌុបមកដាក់វត្តក៏វាជាការជួយណាស់ទៅហើយ ព្រោះយើងមើលមិនឃើញទេថា លោកដែលពាក់ស្បែកជើងផ្ទាត់ ស្ពាយថង់យាម ស្ពាយបាត្រ កាន់ឆត្រកណ្ដាលថ្ងៃ ឬលោកដែលយើងមើលលើមើលក្រោម លួចជេរថាអាចោរថង់យាមហ្នឹង អាចក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់ជួយកសាងជាតិសាសនាទៅថ្ងៃមុខទៀតផងក៏មិនដឹង ហើយប្រហែលជាអស់លោកមិនបានជ្រាបផងទេ ថាមួយឆ្នាំៗវត្តផលិតធនធានមនុស្សបានប៉ុន្មាននាក់? តើអ្នកដែលចេះដឹងទាំងនោះកើតចេញពីការជេរប្រទេចរបស់អ្នកទាំងអស់គ្នា ឬកើតចេញពីការជួយទំនុកបម្រុងឈឺឆ្អាលពីបរិស័ទមួយចំនួនតូច? ខ្ញុំគ្រាន់តែសួរលេងទេ។ ខុសត្រូវត្រង់ណា​ សូមអធ្យាស្រ័យផង សុំតែមួយរួចខ្លួនទេបាទ៕



 



ប្រភពៈ Lunarphile                                                                                                                                                                                     



















































0 comments:

Post a Comment