
ថ្មីៗនេះវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់ "តុង" ដោយរៀបរាប់ថា៖ តុងបានបើកហាងលក់គុយទាវនៅក្នុងទីក្រុងតូចមួយ ប្រាក់កម្រៃរកបានល្មមចាយ ប៉ុន្ដែក្នុងមួយខែៗសន្សំបានតិចតួចប៉ុណ្ណោះ។រៀងរាល់ថ្ងៃនៅពេលរសៀលពេលសិស្សចេញពីសាលារៀនវិញ គាត់តែងតែឃើញក្មេងស្រីម្នាក់វ័យប្រហែល ៧ ឆ្នាំ ឈរនៅផ្លូវម្ខាងទៀតទល់មុខហាង សម្លឹងមើលទៅឆ្នាំងគុយទាវ ហើយលេបទឹកមាត់។

នៅថ្ងៃមួយ គុយទាវលក់មិនដាក់សោះ គ្មានអតិថិជនម្នាក់ចូលមកទេ ពេលងើបមុខឡើង ក៏បានឃើញក្មេងស្រីដដែលសម្លឹងទៅហាងដោយក្ដីសង្ឃឹម តុងគិតថាទោះលក់យ៉ាងណាក៏លក់មិនដាច់ ក៏បានធ្វើគុយទាវមួយចានហុចទៅឲ្យក្មេងស្រីតូច។"ហេវអត់ក្មួយ មកញ៉ាំគុយទាវក្ដៅៗ"ក្មេងស្រីមើលទៅភ័យៗ ថយក្រោយ កែវភ្នែកពោរពេញទៅដោយការប្រុងប្រយ័ត្ន។
តុងញញឹមដាក់ ហើយនិយាយថា៖ "មិនចាំបាច់ខ្លាចទេក្មួយ ក្នុងគុយទាវគ្មានដាក់អ្វីទេ ខ្ញុំមិនមែនជាមនុស្សអាក្រក់ឡើយ"ក្មេងស្រីលេបទឹកមាត់ រាដៃ ៖ "ក្មួយ ក្មួយ… គ្មានលុយទេ"

"មិនចាំបាច់ឲ្យលុយទេ ពូឲ្យក្មួយញ៉ាំ" ក្មេងស្រីថយក្រោយមួយជំហាន "ជីតាខ្ញុំបានប្រាប់ថាហាមទទួលរបស់ពីមនុស្សមិនស្គាល់ ឬប្រសិនបើទទួលយក ក៏ត្រូវតែមានអ្វីប្ដូរគ្នា"តុងនៅស្ងៀម ដៃកាន់ចានគុយទាវយ៉ាងស្ទាក់ស្ទើរ គាត់សម្លឹងមើលទៅខោអាវសាមញ្ញដែលក្មេងស្រីតូចស្លៀកពាក់ ពេញមួយតួខ្លួនគ្មានអ្វីមានតម្លៃសម្រាប់មកប្ដូរគ្នាឡើយ តុងញញឹម យកចានគុយទាវទុកនៅក្បែរនោះ ហើយនិយាយថា៖ "ពូ មិនគិតលុយក្មួយទេ គុយទាវពូទុកនៅត្រង់នេះ ពេលណាក្មួយហេវអាចមកញ៉ាំបាន" និយាយចប់តុងបានដើរទៅហាងវិញ អ្វីដែលធ្វើឲ្យតុងងឿងឆ្ងល់នោះគឺ ក្មេងស្រីងាកមើលចានគុយទាវ ហើយលិឍបបូរមាត់ បន្ទាប់មកក្មេងស្រីបានដើរចេញទៅ តុងក្រឡេកមើលក្មេងស្រី ប្រញាប់រូតរះបិទទ្វារហាង ហើយបានលួចដើរតាមពីក្រោយ។ក្មេងស្រីតូចដើរតាមផ្លូវតែម្នាក់ឯង ដើរបានប្រហែលកន្លះម៉ោង ក៏ឈប់នៅមុខផ្ទះមួយ ពេលចូលទៅនាងបានដាក់កាតាបចុះ ហើយដើរទៅធ្វើការក្នុងចំការ ទីបំផុតបានឃើញបុរសចំណាស់គមខ្នងម្នាក់ដើរសំដៅមកផ្ទះ ហើយបានបង្កាត់ភ្លើងដាំបបរ លុះដល់ពេលយប់ ភ្លើងក្នុងផ្ទះក៏រលត់ តុងបានដើរត្រឡប់មកផ្ទះវិញ អ្វីដែលបានឃើញនៅក្នុងថ្ងៃនេះធ្វើឲ្យគាត់ក្ដុកក្ដួលក្នុងចិត្ត នាងជាក្មេងស្រីតូចម្នាក់ ប៉ុន្ដែធ្វើការងារដូចមនុស្សធំ។ក្រោយមកគាត់បានឮគេនិយាយថា ក្មេងតូចម្នាក់នេះឈ្មោះប៊ួ ឪពុកម្ដាយរបស់នាងចេញទៅធ្វើការនៅទីក្រុងកាលពី ៥ ឆ្នាំមុន ប៉ុន្ដែមិនដែលបានផ្ញើដំណឹងមកទេ រស់ឬស្លាប់ក៏គ្មានអ្នកណាដឹងឡើយ ដូច្នេះហើយទើបនាងនៅជាមួយជីតាតែ ២ នាក់ តុងជាមនុស្សល្អស្រាប់ហើយ ដែលបានមកជួបក្មេងគួរឲ្យអាណិតអាសូរ នៅថ្ងៃបន្ទាប់ពេលតុងបានជួបនាងក៏និយាយថា "រៀងរាល់ថ្ងៃនាងត្រូវតែសរសេរអក្សរ ១ ពាក្យដាក់លើក្រដាសនៅចំពោះមុខពូ បង្រៀនឲ្យពូចេះអក្សរ ដើម្បីប្ដូរយកគុយទាវមួយចាន ជាការប្ដូរគ្នា"។

ប៊ូជឿខ្លះមិនជឿខ្លះ ហើយនិយាយថា៖ "អ៊ីចឹងខ្ញុំសរសេរ ២ ពាក្យបានអត់? ខ្ញុំចង់ប្ដូរយកគុយទាវ ២ ចាន"?តុងគិតក្នុងចិត្តថានាងប្រហែលគិតដល់ជីតាហើយ តុងបានងក់ក្បាល ហើយនិយាយថា "បានក្មួយ"។ទង្វើនេះបានកើតឡើងនៅចំពោះមុខអតិថិជនផ្សេងទៀត ហើយត្រូវអតិចិជនម្នាក់និយាយលលេងថា "ថៅកែតុង ឲ្យ ១០ ចានសិនមក ចាំខ្ញុំបង្រៀនឲ្យចេះសរសេរ ១០០ ពាក្យ" តុងក៏និយាយថា "លេងជ្រៅៗម្ល៉េះបង" តាមពិតទៅ អតិថិជនគ្រប់គ្នាយល់ពីអត្តន័យរបស់តុង ក្រោយមកក្មេងស្រីបានសរសេរអក្សរដើម្បីប្ដូរយកគុយទាវ តុងបានបិទហាង ហើយដើរទៅតាមពីក្រោយនាងតូច។ ជារៀងរាល់ព្រឹកតុងតែងតែទៅលួចមើលជួយមិនឲ្យនាងដឹង តុងបានធ្វើបែបនេះអស់រយៈពេល ៥ ឆ្នាំ រហូតដល់នាងបានចប់បឋមសិក្សា ហើយក៏បានខ្លួនទៅ។ក្រោយមកតុងបានឮគេនិយាយថា ជីតារបស់ក្មេងស្រីឈឺធ្ងន់ នាងមិនអាចមើលថែបាន សំណាងល្អដែលសាច់ញាតិបានដឹង ហើយក៏បានយកអ្នកទាំងពីរទៅនៅជាមួយនៅឯទីក្រុង…។ពេលវេលាកន្លងផុតទៅ ២៥ ឆ្នាំ ឆ្នាំនេះតុងមានអាយុ ៦៥ ឆ្នាំហើយ រស់នៅតែម្នាក់ឯង ដោយសារតែគាត់អារឥតកូន ធ្លាប់រៀបការប្រពន្ធ ២ ដងហើយប៉ុន្ដែក៏ត្រូវចប់ដូចៗគ្នា។ហាងគុយទាវរបស់គាត់នៅតែបើកដូចមុន ក្លាយជានិមិត្តសញ្ញាសំខាន់នៃទីក្រុង ប៉ុន្តែចាប់តាំងពី ៥ ឆ្នាំមុន រាល់ខែគាត់តែងតែបានទទួលបានសំបុត្រអនាមិកដែលបានដាក់លុយឲ្យគាត់ ១,៥០០ ដុល្លារជារៀងរាល់ខែ ៥ឆ្នាំសរុបចូលគ្នារាប់ម៉ឺនដុល្លារ អ្នកជិតខាងនាំគ្នានិយាយច្រណែនថាហេតុអ្វីខ្លួនមិនបានខ្លះសោះ។

អ្នកដទៃនិយាយថាគាត់មានសំណាងល្អ គាត់បានត្រឹមតែញញឹម ដោយមិនដែលនិយាយប្រាប់ថាអ្នកណាជាអ្នកផ្ញើលុយមកឲ្យ អ្នកដទៃនិយាយថាគាត់អាយុកាន់តែច្រើនហើយ តើយកលុយច្រើនទៅធ្វើអ្វី ហើយបើកហាងធ្វើអ្វីនាំតែហត់ មានមនុស្សជាច្រើនបានសួរគាត់ គាត់បានត្រឹមតែឈរនៅមុខឆ្នាំគុយទាវ ហើយសម្លឹងមើលទៅផ្លូវម្ខាងទៀត និយាយថា៖ ដោយសារតែខ្ញុំរង់ចាំមនុស្សម្នាក់ ប្រសិនបើខ្ញុំបិទហាងឈប់លក់ដូរ ខ្ញុំខ្លាចគេរកផ្លូវទៅផ្ទះវិញមិនឃើញ។

ច្រើនឆ្នាំកន្លងផុតទៅ ពេលដែលគាត់ធ្វើគុយទាវ ម្ដងៗគាត់តែងតែក្រឡេកមើលទៅផ្លូវម្ខាងទៀត ទោះបីត្រង់នោះប្ដូរពីផ្ទះចាស់ទៅជាអាគារខ្ពស់ៗទៅហើយ ប៉ុន្ដែរូបភាពដែលក្មេងតូចឈរស្ពាយកាតាបសៀវភៅពណ៌ក្រហម នៅតែដិតដានជាប់ក្នុងចិត្តរបស់គាត់ ទោះបីកន្លងផុតទៅយូរឆ្នាំក៏ដោយ។ប៉ុន្ដែថ្មីៗនេះគាត់មានរឿងក្ដៅក្នុងចិត្ត ព្រោះទីតាំងដែលគាត់បើកហាងគុយទាវនៅជុំវិញនោះត្រូវគេប្ដូរទៅជាអាគារខ្ពស់ៗ មិត្តភក្តិជិតខាងមានការសប្បាយចិត្ត ប៉ុន្ដែគាត់បែរជាមានអារម្មណ៍មិនសប្បាយចិត្តទៅវិញ "អ្នកលក់ អ្នកលក់ !" អតិថិជនស្រែកហៅ គាត់ភ្ញាក់ព្រើត គាត់ក្រឡេកមើលទៅកន្លែងដើម ហើយចានគុយទាវបានធ្លាក់ចុះពីដៃ មនុស្សស្រីម្នាក់ស្លៀកពាក់ស្អាតស្អំស្ពាយកាតាបសៀវភៅពណ៌ក្រហមសម្លឹងមករកគាត់។មុខរបស់នាងពោរពេញទៅដោយស្នាមញញឹម ទឹកភ្នែកស្រក់ហូរ "ពុក ខ្ញុំត្រឡប់មកវិញហើយ" គាត់រំភើបចិត្តខ្លាំងណាស់ ជូតទឹកភ្នែកអួលដើមក ហើយស្ទុះទៅខាងក្រៅហាង តាមពិតទៅ ក្នុងចិត្តគាត់ នាងប្រៀបបីដូចកូនស្រីរបស់គាត់ទៅហើយ។

ក្នុងចិត្តនាង គាត់គឺជាឪពុក នាងបានចតរថយន្តពីចំងាយ ហើយបានបង្ហាញខ្លួនយ៉ាងសាមញ្ញនៅចំពោះមុខគាត់ តាមពិតទៅ តាំងពីនាងធំដឹងក្ដី នាងបានយល់គ្រប់យ៉ាងនូវដែលគាត់បានធ្វើ ក្រោយមកតាំងពីនាងធំពេញវ័យរៀងរាល់ខែនាងតែងតែមកលួចមើលគាត់ តាំងពីនាងមានការងារធ្វើ នាងបានផ្ញើលុយមកជូនគាត់ជារៀងរាល់ខែ នៅថ្ងៃនេះ នាងវិលមកកន្លែងដើម ហើយបានស្រែកដង្ហោយហៅគាត់ខ្លាំងៗ៖ ពុក! ពុកមើលថែខ្ញុំ ៥ ឆ្នាំ ខ្ញុំនឹងនៅមើលថែពុករហូតដល់ពុកអស់ជីវិត៕

0 comments:
Post a Comment