
ដោយយោងទៅតាមប្រភពព័ត៌មាន Daily Mail និងសារព័ត៌មានជាច្រើនទៀត បានចុះផ្សាយស្រដៀងគ្នាថា ក្រុងមួយនៅប្រទេសចិន បានជួបវិបត្តិអតុល្យភាពរវាងមនុស្សស្រី និងមនុស្សប្រុស ប៉ុន្តែវាបានក្លាយជាឋានសួគ៌សម្រាប់បុរសជាច្រើន ព្រោះអាចយកសង្សារពីរ ឬបីនាក់តាមសមត្ថភាពជាក់ស្ដែង។ ក្រុងខ្សត់មនុស្សប្រុសនោះគឺ Dongguan ស្ថិតនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលស្គាល់ច្បាស់តាមរយៈការផលិតសម្ភារៈបច្ចេកវិទ្យានានា ដូចជាទូរស័ព្ទ iPhone និង iPad។ លើសពីនេះ វាក៏ជាប់ឈ្មោះជាទីក្រុងសិច របស់ប្រទេសចិនផងដែរ។

រោងចក្រនៅក្នុងតំបន់បានសម្រេចចិត្តមិនជួលមនុស្សឡើយប្រុស ព្រោះគិតថាមនុស្សប្រុសគ្មានភាពស្មោះត្រង់ ដោយយកនារីមកប្រើជំនួសវិញ។ ដោយសារបែបនេះហើយ ទើបបុរសភាគច្រើនធ្វើការងារប្លែកៗ និងការងារក្រៅម៉ោង។ បុរសខ្លះបានបញ្ជាក់ថា ខ្លួនមានមិត្តស្រីជាប់លាប់រហូតដល់ទៅពីរ ឬបីនាក់ក្នុងពេលជាមួយគ្នា។ បុរសម្នាក់បាននិយាយប្រាប់ទូរទស្សន៍ក្នុងស្រុកថា៖ "នៅទីនេះស្រួលរកសង្សារ ជាងរកការងារឆ្ងាយណាស់"។

ដោយសារលើសចំនួនមនុស្សស្រីខ្លាំង ក្រុង Dongguan ត្រូវចាត់ទុកជាទីក្រុងសិចកាលពីពេលថ្មីៗនេះ។ មនុស្សស្រីភាគច្រើន សម្រេចចិត្តទាក់ទងជាមួយមនុស្សប្រុស បើទោះបីដឹងថាគេមានដៃគូផ្សេងទៀតក៏ដោយ។ លោក Li Bin ដែលជាអ្នកធ្វើការចំណាកស្រុកក្នុងរោងចក្រ មកពីខេត្តស៊ីឈួន ប្រទេសចិន បាននិយាយថា៖ "ខ្ញុំមានសង្សារបីនាក់ ហើយពួកគេទាំងអស់សុទ្ធតែស្គាល់គ្នា… មិត្តខ្ញុំភាគច្រើន ក៏មានសង្សារច្រើនដូចគ្នា"។ បុរសកំពូលសំណាងរូបនេះ បានបញ្ជាក់ទៀតថា វាជារឿងកំប្លែងមួយ សម្រាប់មនុស្សប្រុសដែលមានដៃគូតែម្នាក់។

ចំណែកបុរសវ័យ ២៥ឆ្នាំឈ្មោះ Yi ដែលជាអ្នកស្រុកស៊ីឈួន បានធ្វើដំណើរដល់ក្រុង Dongguan ដើម្បីស្វែងរកប្រពន្ធម្នាក់ ព្រោះនៅស្រុកកំណើត គ្រាន់តែជំនូនក៏ត្រូវចំណាយជាង ៤ពាន់ដុល្លារដែរ។ លោកបាននិយាយថា៖ "ស្រី Dongguan មានច្រើន ហើយពួកគេមិនចង់បានលុយទេ… គ្រាន់តែចង់បានប្រុសម្នាក់ប៉ុណ្ណោះ"។ កាលពីពេលថ្មីៗនេះ លោក Yi គ្មានការងារធ្វើ ហើយបច្ចុប្បន្នមិត្តស្រីជាអ្នកចំណាយទាំងអស់។

ចំណែកបុរសម្នាក់ទៀត ដែលគេស្គាល់ឈ្មោះ Xiao Lin បានបញ្ជាក់ថា លោកក៏មិត្តស្រី ៣នាក់ដែរ។ លោកបានអះអាងថា ការមានមិត្តស្រីច្រើនជារឿងធម្មតាទៅហើយនៅក្រុងនេះ ព្រោះមិនសូវមានមនុស្សប្រុសឡើយ។ លោក Xiao Lin និយាយទៀតថា៖ "មិត្តខ្ញុំភាគច្រើនសុទ្ធតែអីចឹង គឺមានមិត្តស្រីច្រើន ជារឿងធម្មតា"។
លោក Xiao Lin និយាយយ៉ាងឡូយទៀតថា៖ "ស្រីក្មេង និងស្អាតៗធ្វើការនៅរោងចក្រ មានគ្រប់កន្លែង… ពួកនាងសាមញ្ញណាស់ ហើយងាយទាក់ទងទៀត ចឹងនៅចាំអីទៀត មិនយកសង្សារឲ្យបានច្រើន… នៅទីនេះ អ្នកមានសង្សារស្រីតែម្នាក់ គឺខ្មាសគេណាស់ មានតែគេសើចចំអក"។
ទោះយ៉ាងណា បុរសទាំងនោះ ភាគច្រើនលេងសើចបោកប្រាស់ មិនអាចយកជាប្រពន្ធទាំងអស់ឡើយ។ នារីក្មេងៗ នៅពេលពេញវ័យ នាំគ្នាត្រលប់ទៅស្រុកកំណើតវិញ រៀបការអស់ ដោយគ្មានខ្វល់ខ្វាយអតីតកាលជាមួយបុរសកំហូចនៅក្រុងនេះឡើយ។ ដោយសារក្រុងនោះ ជាតំបន់រោងចក្រ ហើយរើសតែនារីភាគច្រើនទៀត ទើបធ្វើឲ្យនារីសម្បូរលុយចាយរហូតប៉ាវសង្សារខ្លួនទៀតផង។ នារីដែលមានសង្សាររួមគ្នាជាមួយនារីឯទៀត បានព្យាយាមចំណាយប្រាក់ទាក់ចិត្តបុរស ឲ្យចែករំលែកក្ដីស្រលាញ់មកខ្លួនច្រើនជាងអ្នកផ្សេង ហើយយូរៗវាបានក្លាយទៅជាទម្លាប់។
តោះក្រឡែកមកស្ដាប់នារីម្នាក់នេះវិញ នាងបានរៀបរាប់យ៉ាងលំអិតថា៖ នាងជាអ្នកធ្វើការនៅរោងចក្រដែលមានប្រាក់ខែប្រហែល ៣១០ដុល្លារ គឺច្រើនជាងអតីតមិត្តប្រុសរបស់នាងដែលធ្វើការនៅផ្សារទំនើបរកបានទៅទៀត។ ដោយសារបែបនេះហើយ នាងតែងឲ្យលុយខ្លះទៅអតីតមិត្តប្រុសនោះចាយទៀតផង។ Xiao Qin បាននិយាយថា បើឃើញអតីតមិត្តប្រុសនាងមានលុយក្នុងកាបូបតិចជាង ២០ដុល្លារ នាងនឹងដាក់ថែមឲ្យភ្លាម។ នាងបាននិយាយទៀតថា៖ "ខ្ញុំរៀងកំណាច់បន្តិចពេលចាយខ្លួនឯង តែបើគាត់វិញ ចង់ញាំអី គឺខ្ញុំទិញឲ្យភ្លាម"។
នេះជាបញ្ហាមួយដែលកម្រជួបប្រទះនៅក្នុងប្រទេសចិន ត្បិតអីនៅតំបន់ផ្សេងគឺខ្សត់មនុស្សស្រី ចំណែកនៅ Dongguan បែរជាខ្សត់មនុស្សប្រុសទៅវិញ៕
0 comments:
Post a Comment