Thursday, March 15, 2018

កូនយំទាំងយប់ទាំងថ្ងៃធ្វើយ៉ាងណាក៏មិនបាត់ម្តាយពួនលបមើលនៅពាក់កណ្ដាលយប់ស្រាប់តែឃើញ



រឿងរ៉ាវរបស់នារីម្នាក់ដែលជាហេតុការណ៍កើតឡើងចំពោះនាងតាំងពីនាងនៅទារកមកម៉្លេះ តាំងពីកើតមកនាងតែងតែយំស្ទើរស្លាប់ស្ទើររស់ មិនញ៉ាំ មិនគេង គឺគិតតែពីយំ យកទៅពេទ្យក៏មិនបាត់ ទើបម្ដាយរបស់ខ្លួនបានទៅរកអបិយជំនឿ ទាំងព្រះសង្ឃចិន ទាំងគ្រូបារមី នៅតែមិនបាត់ លុះរហូតដល់ថ្ងៃមួយម្ដាយរបស់នាងបានមកលួចមើលឃើញស្រមោលខ្មៅៗម៉្យាង ព្រឺខ្លួនខ្ញាកនិយាយទៅគឺព្រឺសម្បុរតែម្ដង ពេលដែលខ្លួនបានឃើញយាយចាស់ម្នាក់មកអង្គុយនៅមុខកូនតូចក្បែរអង្រឹង។




ដោយនារីបានរៀបរាប់ចំពោះរឿងរ៉ាវរបស់ខ្លួនថា៖"វាជារឿងតាំងពីខ្ញុំនៅទារកមកម៉្លេះ ខ្ញុំចាំអ្វីមិនបានឡើយ ព្រោះម៉ែរបស់ខ្ញុំគាត់ជាអ្នកបានជួបផ្ទាល់ ម៉ែខ្ញុំធ្លាប់និយាយឲ្យស្ដាប់ថា ពេលដែលម៉ែមានផ្ទៃពោះខ្ញុំ ម៉ែចាញ់កូនយ៉ាងខ្លាំង ហូបអ្វីក៏មិនបានសម្រាន្តក៏មិនលក់ ឈឺល្ហិតល្ហៃក្អួតទាំងយប់ទាំងថ្ងៃ ពេលងូតទឹកត្រូវងូតទឹកសុទ្ធព្រោះធំក្លិនស្អីក៏ស្អុយទាំងអស់… ពេលដែលមានផ្ទៃពោះចន្លោះពេលប្រហែល៥-៦ខែ ម៉ែចាប់ផ្ដើមឃើញស្រមោលស្ត្រីចំណាស់ម្នាក់ មូលសក់ឡើងលើ ខ្នងគម មានរាងស្លីម ឈរនៅខាងក្រៅបង្អួច គឺពេលដែលម៉ែសម្លឹងទៅបង្អួចនាពេលយប់ ភ្លើងក្នុងបន្ទប់បិទអស់ ឃើញស្រមោលកាត់ពន្លឺច័ន្ទប៉ះនិងវាំងនន ម៉ែខ្ញុំប្រាប់ថាគឺឃើញបែបនេះជារៀងរាល់យប់ គឺមកឈរស្ងៀមៗ ប៉ុន្ដែដោយសារតែម៉ែជាមនុស្សមិនខ្លាចខ្មោចក៏មិនសូវជាចាប់អារម្មណ៍ ខំប្រឹងបិទភ្នែក ជាធម្មតាគឺសម្រាន្តមិនសូវលក់ទេ។
អ្វីដែលប្លែកនោះគឺ ពេលដែលជិតឆ្លងទទ្លេ ម៉ែបានឃើញស្ត្រីចំណាស់នោះកាន់តែច្បាស់ឡើងៗ ស្រមោលនៅខាងក្រៅបង្អួច បានផ្លាស់ទីមកគៀនបន្ទប់ ពីគៀនបន្ទប់មកកណ្ដាលបន្ទប់ ពីកណ្ដាលបន្ទប់មកកណ្ដាលគ្រែ ដោយឈរនៅស្ងៀតមិននិយាយអ្វីនោះទេ ហើយភ្នែកសម្លឹងមកមើលម៉ែរហូត មានរាងស្ដើង ភ្នែកខ្មៅមានរន្ធជ្រៅ ស្លៀកពាក់ដូចមនុស្សបុរាណ…ជាច្រើនថ្ងៃមកហើយ ម៉ែឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាឃើញស្ត្រីចំណាស់ម្នាក់នេះ? ម៉ែគិតចង់ទៅវត្តស្រោចទឹកនិងប្រឹក្សាជាមួយព្រះសង្ឃជាច្រើនដង ប៉ុន្ដែម៉ែចាញ់កូនពេកទៅណាមិនរួច បានតែត្រឹមនៅតែក្នុងផ្ទះ។

នៅពេលដែលឆ្លងទទ្លេខ្ញុំ សូមប្រាប់ឲ្យដឹងជាមុនថា ម៉ែខ្ញុំឆ្លងទទ្លេមុនកំណត់២ខែ ពេលខ្ញុំកើតមកខ្លួនរបស់ខ្ញុំស្គមខ្លាំងណាស់ ហើយកើតមកខ្ញុំមិនញ៉ាំអ្វីឡើយ គេងក៏មិនគេង គិតតែពីយំតែម៉្យាង ហាក់បីដូចមានអាការចុកពោះ ទោះបីមិនយំក៏ភ្នែកសម្លឹងមើលតែពិដានគ្រប់ពេលផងដែរ ចម្លែកណាស់ ពេលគេងលក់សុខៗស្រាប់តែភ្ញាក់ឡើងយំទៀត ដូចជាមានមនុស្សមកធ្វើឲ្យយំ ម៉ែប្រាប់ថានៅក្នុងរយៈពេលនោះម៉ែអាណិតខ្ញុំខ្លាំងណាស់ ម៉ែបានប្រឹក្សាជាមួយសាច់ញាតិក្រុមគ្រួសារ ដើម្បីយកខ្ញុំទៅរកព្រះសង្ឃចិន ពេលនោះក៏បានយ័ន្តស្រដៀងនិងក្រណាត់ គឺក្រដាសយ័ន្តឲ្យមកដុតហើយយកទៅញ៉ាំ ក៏នៅតែមិនបាត់ ក៏សម្រេចចិត្តទៅរកគ្រូបារមីតាយាយ គាត់ប្រាប់ថា "ម្ដាយដើម" មកលេង ត្រូវយកបាយសីនិងបង្អែមទៅដាក់នៅជ្រុងផ្ទះ៧យប់៧ថ្ងៃ ក៏នៅតែមិនបាត់ ធ្វើគ្រប់វិធីហើយមិនប្រសើរឡើងសោះ ខ្ញុំក៏យំចំហមាត់មិនញ៉ាំអ្វីដូចដើម។

នៅយប់មួយនោះ ម៉ែបំពេខ្ញុំរហូតធ្វើឲ្យខ្ញុំគេងលក់ ម៉ែខ្ញុំក៏ទៅងូតទឹកទុកខ្ញុំចោលនៅក្នុងអង្រឹងតែម្នាក់ឯង ពេលដែលម៉ែកំពុងងូតទឹកក៏បានឮសម្លេងខ្ញុំយំម្ដងទៀត ម្ដងនេះម៉ែខ្ញុំមានអារម្មណ៍ខឹងហើយគិតក្នុងចិត្តថា "វាចម្លែកដល់ហើយ តើវាកើតអ្វី តាមធម្មជាតិរបស់ក្មេងទារកមានតែញ៉ាំហើយគេង ប៉ុន្ដែនេះមិនព្រមញ៉ាំមិនព្រមគេងឡើយ…" ។

ម៉ែរបស់ខ្ញុំគិតអ្វីមិនដឹងពេលនោះ បានដើរមកលួចមើលថាមានមនុស្សមកប្រលែងលេងឬក៏អត់? បើជាខ្មោចឬជាអ្វីនោះនឹងបានដឹងហើយពេលនេះ… ម៉ែបានដើរចូលទៅខាងក្នុងបន្ទប់ បន្ទប់មានពន្លឺព្រាងៗ មានតែអំពូលតូចនិងអង្រឹងខ្ញុំនៅកណ្ដាលបន្ទប់តែប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលម៉ែគិតគឺជាការពិត…ព្រោះនៅក្បែរៗអង្រឹងរបស់ខ្ញុំគឺជាស្ត្រីចំណាស់ម្នាក់ ខ្នងគម អង្គុយលត់ជង្គង់យកដៃទាំងសងខាងដាក់នៅលើភ្លៅ ហើយឈ្ងោកមុខទៅក្នុងអង្រឹងសម្លឹងមើលមុខខ្ញុំ! ហាក់បីដូចដកកវែង ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំយំមិនដេកមិនពួននោះ។

ពេលម៉ែឃើញបែបនោះ ម៉ែបានសូត្រធម៌នៅកន្លែងនោះតែម្ដង សូត្រជាច្រើងដង ប៉ុន្ដែទោះសូត្រយ៉ាងណាស្ត្រីចំណាស់នោះនៅតែមិនព្រមទៅណាសោះ លុះសូត្របានមួយស្របក់ ហាក់បីដូចជាគាត់ដឹងថាម៉ែសូត្រធម៌ គាត់បានថយៗមករកម៉ែបន្តិចម្ដងៗ ហើយញញឹមដាក់ម៉ែទៀតផង ប៉ុន្ដែការញញឹមនេះវាអាក្រក់ខ្លាំងណាស់ បន្ទាប់មកស្ត្រីចំណាស់ក៏សម្លឹងទៅរកខ្ញុំបន្តទៀត…ម៉ែប្រាប់ថាគាត់គឺជាស្ត្រីម្នាក់ដែលម៉ែធ្លាប់បានឃើញរហូតនៅពេលដែលម៉ែមានផ្ទៃពោះ។លុះដល់ព្រឹកឡើងម៉ែបានយកខ្ញុំទៅវត្តភ្លាមៗ ព្រះតេជគុណបានសង្ឃដិកាថា កូនស្រីញោមត្រូវម្ចាស់កម្មគេទាមទារយកទៅវិញ នៅលើក្បាលរបស់ក្មេងមានដៅក្រហមពេញក្បាលទាំងអស់ ដៅក្រហមនោះគឺជានិមិត្តសញ្ញាបានបង្ហាញថាគេបានកក់ទុករួចហើយព្រមទាំងមកទាមទារយកទៅវិញ ឥឡូវនេះគេបានតាមមកជួបហើយ។

ក្រោមមកម៉ែបានរៀបចំពិធីបុណ្យយ៉ាងធំ នេះជារឿងរ៉ាវដែលម៉ែនិយាយឲ្យខ្ញុំស្ដាប់… ពេលខ្ញុំធំឡើងខ្ញុំឧស្សាហ៍ឃើញខ្មោចជាច្រើនដង និងមានរឿងផ្សេងៗទៀតដែលកើតមានឡើង នេះជាឱកាសមួយដែលខ្ញុំនិយាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ចា៎។"




 



 



 



ប្រភព Konchab

Related Posts:

0 comments:

Post a Comment